ជាតិ
វីដេអូ
កត្តាសំខាន់ ៤ នាំឱ្យយុវតី សុង ច័ន្ទសក្កណា ក្លាយជាអ្នកជជែកដេញដោលឆ្នើម
20, Jan 2024 , 8:59 pm        
រូបភាព
ភ្នំពេញ៖ យុវតី សុង ច័ន្ទសក្កណា ជាអតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២។ ក្រោយចូលរួមប្រកួតជជែកដេញដោល យុវតី សក្កណា មានសមត្ថភាពនិយាយបានយ៉ាងល្អ ជាពិសេសបានធ្វើឱ្យនាងចេះស្រាវជ្រាវបន្ថែម។ បើតាម សក្កណា មានកត្តាសំខាន់ ៤ គឺ កត្តាខ្លួនឯង, គ្រួសារ, សាលារៀន និងសង្គម ដែលនាំឱ្យនាង ក្លាយជាអ្នកជជែកដេញដោលឆ្នើម។

 
បច្ចុប្បន្នយុវតី សុង ច័ន្ទសក្កណា ចាប់ផ្ដើមជីវិតជានិស្សិត ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននិទ្ទេស A នៅឆ្នាំ២០២៣។ សិស្សនិទ្ទេស Aរូបនេះ គឺជាអតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ ដែលមានមិត្តរួមក្រុមចំនួន ៥នាក់។
 
យុវតីពូកែវោហារ សក្កណា បានចូលប្រឡូកក្នុងការប្រកួតប្រជែងជជែកដេញដោលនៅឆ្នាំ២០២២ អំឡុងពេលរូបនាង សិក្សាថ្នាក់ទី១១។ ដំបូងឡើយ យុវតីវ័យ ១៨ឆ្នាំ សម្ដីស្រទន់រូបនេះ មិនមានចំណាប់អារម្មណ៍ក្នុងការប្រកួតជជែកដេញដោលនោះទេ ដោយសារគិតថាសមត្ថភាពក្នុងការនិយាយជាសាធារណៈរបស់ខ្លួននៅមានកម្រិត។ 
 
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
 
មួយឆ្នាំក្រោយមក សក្កណា ក៏ឈានជើងចូលលើវិថីជជែកដេញដោល បន្ទាប់ពីមានការជំរុញពីសាលារៀនរបស់នាង។ យុវីត សុង ច័ន្ទសក្កណា បានចាប់យកឱកាសនេះ និងយល់បើជាប់ជារឿងមួយដែលល្អ តែបើធ្លាក់ចាត់ទុកជាបទពិសោធន៍ និងជាមេរៀន។ 
 
ទម្រាំមានសមត្ថភាពនិយាយជាសាធារណៈ ដែលអាចទាក់ចិត្តអ្នកស្ដាប់បាន សក្កណា មានកត្តាសំខាន់ចំនួន ៤។ «កត្តាខ្លួនឯង,គ្រួសារ,សាលារៀន និងសង្គម» បានជំរុញឱ្យ សក្កណា មានសមត្ថភាពពង្រីកចំណេះដឹងក្លាយជាអ្នកជជែកដេញដោលឆ្នើមម្នាក់។
 
កញ្ញា សុង ច័ន្ទសក្កណា រៀបរាប់បែបនេះ៖«កត្តាខ្លួនឯង! អ្វីៗជោគជ័យ គឺដោយសារខ្លួនឯង ទោះបីមានអ្នកនៅជុំវិញខ្លួនគាំទ្រយ៉ាងណាក៏ដោយ បើយើងមិនគាំទ្រខ្លួនឯងទេ គឺយើងនឹងបរាជ័យ។ ជាពិសេស ត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់។ កត្តាគ្រួសារ គឺឪពុកម្ដាយ បងប្អូន ពូមីងរបស់ខ្ញុំ បានគាំទ្រ»។ 
 
ក្រៅពីនេះ កត្តាសាលារៀន ក៏មានសារសំខាន់ផងដែរ។ សក្កណា បន្តបែបនេះ៖«ឱកាសដែលខ្ញុំបានក្លាយជាបេក្ខជនក្នុងកម្មវិធីជជែកដេញដោល គឺមានការជំរុញពីសាលារបស់ខ្ញុំ ដែលជួយបើកផ្លូវ ជាពិសេសលោកគ្រូអ្នកគ្រូ និងលោកនាយក។ កត្តាសង្គម ដោយសារតែមានសន្តិភាព ទើបធ្វើឱ្យខ្ញុំអាចចូលរួមប្រកួតបាន»៕

Tag:
 ជជែកដេញដោល
  និយាយជាសាធារណៈ
  សុង ច័ន្ទសក្កណា
© រក្សាសិទ្ធិដោយ thmeythmey.com