RFI
សុខភាព
អន្តរជាតិ
គុណសម្បត្តិនិងគុណវិបត្តិនៃសណ្តែកសៀង ចំពោះសុខភាព
21, Jan 2024 , 11:59 am        
រូបភាព
ភេសជ្ជៈធ្វើពីសណ្តែកសៀង។ pixabay
ភេសជ្ជៈធ្វើពីសណ្តែកសៀង។ pixabay
ដោយ៖ អៀង សុខម៉ិញ
 
លោកអ្នកពិតជាធ្លាប់បានដឹង និងបានឮ អំពីគុណប្រយោជន៍នៃសណ្តែកសៀង។ លោកអ្នកក៏ទំនងជាបានធ្លាប់ទទួលទានជាច្រើនដងហើយដែរផង។ សណ្តែកសៀងជាអាហាររបស់បណ្តាជននៅអាស៊ី តាំងពីរាប់ពាន់ឆ្នាំមក និងទើបតែពេញនិយមខ្លាំងនៅអឺរ៉ុប កាន់តែខ្លាំងឡើងៗ។ ហេតុអ្វី ? តើបន្លែនេះមានគុណប្រយោជន៍យ៉ាងណា ? តើអាហារនេះមានគុណវិបត្តិដែរឬទេ?


 
សណ្តែកសៀង ជាប្រភេទបន្លែស្ងួត ដែលមានអាហារូបត្ថម្ភខ្ពស់។ គ្រាប់សណ្តែកមានផ្ទុកជាតិប្រេង ប្រមាណ ២០% និង ប្រូតេអ៊ីន ដល់ទៅ ៤០% ប្រសិនបើជាគ្រាប់សណ្តែកល្អ មានគុណភាពខ្ពស់។ សណ្តែកបាយជាអាហារដ៏សំខាន់ក្នុងម្ហូបអាហារចិន/ជប៉ុន តាំងពីយូរយារមកហើយ និងត្រូវបានប្រើប្រាស់ជាគ្រឿងផ្សំយ៉ាងច្រើន នៅអឺរ៉ុប ក្នុងទម្រង់ប្លែកៗគ្នា នាពេលបច្ចុប្បន្ននេះ។ អាហារធ្វើអំពីសណ្តែកបាយកំពុងតែពេញនិយមខ្លាំង ក្នុងទម្រង់ជា ជាភេសជ្ជៈ ជាបង្អែម ជាចំអាប (តៅហ៊ូ-តៅគ័រ-ពពុះសណ្តែក។ល។ និង។ល។ ទឹកសណ្តែកសៀង ត្រូវបានគេប្រើ ជំនួសទឹកដោះគោផង។



 
សណ្តែកសៀងមានសកម្មភាពប្រឆាំងនឹងកូឡេស្តេរ៉ូល ?
 
សណ្តែកសៀង មានផ្ទុកប្រូតេអ៊ីនខ្ពស់ ហើយជាប្រូតេអ៊ីន ដែលមានគុណភាពផ្នែកអាហារូបត្ថម្ភស្រដៀងនឹងប្រូតេអ៊ីនរបស់សាច់សត្វ តែសារធាតុលីពីលីត ភាគច្រើនមានទម្រង់ជាខ្លាញ់មិនឆ្អែត។ មានន័យថា សណ្តែកសៀង អាចផ្តល់ប្រូតេអ៊ីនបានល្អការទទួលទានសាច់និងជាជម្រើសដ៏ប្រពៃសម្រាប់អ្នកប្រកាន់យករបបអាហារបួស (មិនទទួលទានសាច់សត្វ) សម្រាប់បំពេញសេចក្តីត្រូវការផ្នែកប្រូតេអ៊ីនរបស់សរីរាង្គកាយ។
 
ប្រូតេអ៊ីនដ៏ល្អរបស់បន្លែសណ្តែកសៀងនេះ ជាគុណប្រយោជន៍ពិសេសធ្វើឱ្យអ្នកទទួលទាន គ្មានគ្រោះប្រឈមនឹងរោគខ្លាញ់ក្នុងឈាម កូឡេស្តេរ៉ូល។ ដើម្បីទាញប្រយោជន៍ជាអ្នកការពារកូឡេស្តេរ៉ូល ភ្នាក់ងារសុវត្ថិភាពចំណីអាហារបារាំង បានណែនាំឱ្យលោកអ្នកទទួលទានសណ្តែកសៀងក្នុងកំរិតយ៉ាងតិច ១៨ ទៅ២៥ក្រាម ក្នុងមួយថ្ងៃ និងត្រូវចេះជ្រើសរើសពេលវេលាបរិភោគផលិតផលធ្វើសណ្តែកសៀងនេះទៀត។ គ្មានប្រយោជន៍អ្វីត្រូវប្រឹងទទួលទានទឹកសណ្តែកសៀងនៅពេលព្រឹកព្រលឹមទេ។ ដើម្បីបែងចែងកំរិតអត្រាជាតិកូឡេស្តេរ៉ូល គេគួរទទួលទានទឹកសណ្តែកសៀងនៅពេលថ្ងៃនិងជាសណ្តែកធម្មជាតិ។
 
សណ្តែកសៀង ជាអាហារប្រឆាំងនឹងការឈឺចាប់ !
 
កាត់បន្ថយអាការឈឺចុកចាប់រ៉ាំរ៉ៃ សូមទទួលទានអាហារធ្វើពីសណ្តែកសៀង ! នេះបើតាមការអួតអាងរបស់អ្នកស្រាវជ្រាវអាមេរិក បន្ទាប់ពីបានធ្វើការសិក្សាលើសត្វកណ្តុរ។ ការទទួលទានសណ្តែកសៀង ធ្វើឱ្យធុននឹងការឈឺចុកចាប់ផង និងកំរិតការបង្ករោគទៀត។ អ្នកស្រាវជ្រាវអាមេរិកមួយក្រុមនេះបានពន្យល់ថា សណ្តែងសៀង អាចទប់ស្កាត់ភាពឈឺចាប់ ដោយបញ្ចេញឥទ្ធិពលលើសរសៃញាណអារម្មណ៍។ ប៉ុន្តែគ្មានការបំភ្លឺទាក់ទងនឹងយន្តការនេះទេ ! ហើយមិនប្រាកដថាមនុស្សអាចទាញប្រយោជន៍ដូចកណ្តុរដែរឬក៏អត់ផង។ 
 
សណ្តែកសៀង ក៏ជាអាហារដែលមានផ្ទុកសារធាតុសរសៃ និងវីតាមីនច្រើន។ បើដូច្នេះសណ្តែកសៀង មានសមត្ថភាពការពារស្ត្រី ! សណ្តែកសៀងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកក-ស្បូន។ នេះបើតាមលទ្ធផលស្រាវជ្រាវនៅសៀងហៃ លើស្ត្រីជាងមួយពាន់នាក់ (៨៣២នាក់មានផ្ទុកកោសិកាមហារីក និង៨៤៦នាក់ទៀតមានសុខភាពល្អ)។ បន្ទាប់ពីបានទទួលទានសណ្តែកសៀងជាប្រចាំរយៈពេល៥ឆ្នាំ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា សណ្តែកសៀងបានកាត់បន្ថយគ្រោះអភិវឌ្ឍន៍ជំងឺមហារីកស្រទាប់ស្បូន បានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសស្ត្រីដែលធាត់ជ្រុល។ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រ មិនទាន់អាចពន្យល់លម្អិត និងឱ្យច្បាស់លាស់អំពីគុណប្រយោជន៍នៃសណ្តែកសៀងបានឡើយ។ ព្រោះសណ្តែកសៀងមានផ្ទុកសារធាតុម្យ៉ាងមានឈ្មោះថា Isoflavone ដែលជាអ័រមូនរុក្ខជាតិញី។ អ័រមូនមានតួនាទីចម្រូងចម្រាសខ្លាំង។
 
នរណាខ្លះគួរទទួលទានសណ្តែកសៀង?
 
ប្រូតេអ៊ីនរបស់សណ្តែកសៀងអាចធ្វើឱ្យមានបញ្ហាអាល់ឡែកហ្ស៊ី។ ប្រេវ៉ាឡង់នៃកំរិតអាល់ឡែកហ្ស៊ីមានកំរិត១%នៃប្រជាពលរដ្ឋសរុប។ នៅបារាំង ភ្នាក់ងារសុវត្ថិភាពចំណីអាហារទាមទារឱ្យក្រុមហ៊ុនឧស្សាហកម្មចំណីអាហារទាំងអស់ បញ្ជាក់អំពីបរិមាណ ឬស្នាមសណ្តែកសៀង នៅលើផលិតផលរបស់ខ្លួន ដើម្បីជាកិច្ចការពារបញ្ចៀសករណីអាល់ឡែកហ្ស៊ី។ កំរិតនៃអាល់ឡែកហ្ស៊ីនឹងសណ្តែកសៀងក៏អាចកើតមានដោយសារអាល់ឡែកហ្ស៊ីនឹងបន្លែបង្ការផ្សេងទៀត ដូចជា សណ្តែកដី សណ្តែកហោឡាំងតាវ សណ្តែកបាយ ឬអាល់ឡែកហ្ស៊ីនឹងទឹកដោះគោ ឬលំអងផ្កា។ អាល់ឡែកហ្ស៊ីនឹងសណ្តែកសៀង អាចធ្វើឱ្យមានប្រតិកម្មក្លាយជាជំងឺហឺតផង ប្រសិនបើប្រឈមនឹងធាតុល្អិតឆ្មារៗរបស់សណ្តែកនេះយូរ និងជាករណីកម្រទេ។
 
អ្នកមិនគួរទទួលទានសណ្តែកសៀងទេ ប្រសិនបើអ្នកមានបញ្ហាក្រពេញកូនកណ្តុរ Thyroïde ព្រោះវាអាចបង្កើនសេចក្តីត្រូវរបស់អ័រមូនទីរ៉ូអ៊ីត។ ក្នុងករណីអ្នកមានចំណូលចិត្តទទួលអាហារធ្វើពីសណ្តែកបាយ ជាប្រចាំ សូមឧស្សាហ៍ទៅពិនិត្យសុខភាពThyroïde។ចំពោះអ្នកមានប្រវត្តិ ឬដានស្នាមគ្រួសារមានបញ្ហាមហារីកសុដន់ ក៏គួរឱ្យប្រុងប្រយ័ត្នមួយ ក្នុងការទទួលទានផលិតផលចំណីអាហារធ្វើសណ្តែកសៀង។ ការសិក្សាខ្លះបានបង្ហាញអំពីផលប៉ះពាល់នៃការទទួលទានសណ្តែកសៀងទៅលើអ័រមូន។ ព្រោះបន្លែសណ្តែកនេះមានផ្ទុកច្រើននូវសារធាតុអ៊ីហ្សូផ្លាវូអ៊ីត Isoflavoïde  ឬហៅថា Phyto-oeustrogène ដែលមានរចនាសម្ព័ន្ធគីមីស្រដៀងគ្នាខ្លាំងនឹងអ័រមូនដ៏ចំបងរបស់មនុស្សស្រ្តីភេទ។
 
Phyto –Oeustrogène ជាអ្វី ?
 
បើតាមអ្នកស្រី Catherine Bennetau អ្នកស្រាវជ្រាវ នៅប័រដូ ប្រទេសបារាំង ដែលបានសិក្សាអំពីអ័រមូន Phyto –Oeustrogène តាំងពីឆ្នាំ១៩៨៩ និងចេញផ្សាយលទ្ធផលស្រាវជ្រាវចំនួនជាង៨០ ពញ្ជាក់អារម្មណ៍មតិសាធារណៈអំពីសារធាតុជាធម្មជាតិក្នុងសណ្តែកសៀង ហ្វីតូអើសស្ត្រូហ្សែននេះ បើមានច្រើននៅក្នុងខ្លួន និងបូកផ្សំជាមួយបរិយាកាសជុំវិញខ្លួនបន្ថែមអាចជាភ្នាក់ងារបង្កគ្រោះថ្នាក់ទៅវិញ។ តើមានអ្វីខ្លះយើងស្តាប់ប្រសាសន៍របស់អ្នកស្រី កាទ្រីន បេនឺតូ ៖
 
“នៅពេលយើងទទួលទានទឹកសណ្តែកសៀងច្រើន អ្នកនឹងអាចឆាប់ធ្លាក់ឈាមរដូវមុនដល់ខែ។ ព្រោះនៅពេលណាយើងហូបចំណីអាហារធ្វើសណ្តែកសៀងច្រើនទៅ កំរិតនៃជាតិអ័រមូនអើសស្ត្រូហ្សែននឹងឡើងខ្ពស់ ទើបពីរបីថ្ងៃក្រោយមកស្ត្រីមានធ្លាក់រដូវ។ ប្រសិនបើស្ត្រីទទួលទានសណ្តែកសៀងម្តងម្កាល ក្នុងបរិមាណសមរម្យ នោះវាមិនអីទេ។ ឥទ្ធិពលរំខាននេះ ស្តែងឡើងនៅពេលណាស្ត្រីទទួលទានសណ្តែកសៀង ជាប្រចាំ ជារៀងរាល់ថ្ងៃ ជាប់គ្នា និងក្នុងរយៈពេលយូរខ្លាំង។
 
ចំពោះបុរសវិញ ក៏អាចរងផលប៉ះពាល់ដោយសារសណ្តែកសៀងដែរ។ ការសិក្សាចំនួនបួន ពីរនៅអាមេរិក មួយនៅជប៉ុន និងមួយទៀតនៅចិន បានបង្ហាញថា កាលណាបុរសទទួលទានសណ្តែកសៀងកាន់តែច្រើន ហូបសារធាតុហ្វីតូអើស្ត្រូហ្សែនចូលកាន់តែច្រើន គុណភាពនៃទឹកកាម (ស្ពែម) កាន់តែចុះខ្សោយ”។
 
នៅឆ្នាំ២០០៥ ភ្នាក់ងារសុវត្ថិភាពចំណីអាហារបារាំង បានចេញរបាយការណ៍ជាង៤០០ទំព័រ ស្តីអំពីសារធាតុហ្វីតូអ៊ើស្ត្រូហ្សែន ចំពោះសុខភាព។ របាយការណ៍បានគូសបញ្ជាក់ថា ៖
- ការទទួលទានសណ្តែកសៀង នៅពេលមានផ្ទៃពោះ អាចបង្កើនគ្រោះហានិភ័យកើតជំងឺមហារីកសុដន់ និងពងស្វាស ដល់កូនចៅពូជពង្ស។ ម្យ៉ាងទៀត ការទទួលទានតែប្រូតេអ៊ីនសណ្តែកសៀងមិនអាចឆ្លើយតបសេចក្តីត្រូវការដល់ទារកក្នុងផ្ទៃទេ។
- ចំពោះស្រ្តីមានផ្ទុកជំងឺមហារីកសុដន់ សារធាតុហ្វីតូអ៊ើស្ត្រូហ្សែន អាចជាជំរុញឱ្យកោសិកាមហារីកលូតលាស់កាន់តែលឿន
- អាជ្ញាធរបារាំងមិនផ្តល់អនុសាសន៍ និងមិនណែនាំឱ្យកុមារអាយុក្រោម៣ឆ្នាំទទួលទានអាហារធ្វើសណ្តែកសៀងទេ។ តែបើក្នុងករណីទារកមានបញ្ហាជាមួយទឹកដោះគោ គេអាចផ្តល់ទឹកដោះមានជាតិសណ្តែកសៀងបានចាប់ពីអាយុ៦ខែឡើងទៅ
- សម្រាប់ពលរដ្ឋទូទៅ របាយការណ៍បានណែនាំឱ្យកំរិតការទទួលទានផលិតផល សណ្តែកសៀង ត្រឹមកំរិតជាតិហ្វីតូអ៊ើស្ត្រូហ្សែក ១ក្រាមក្នុងមួយថ្ងៃ សម្រាប់ទម្ងន់ខ្លួនមួយគីឡូក្រាម។ ដូច្នេះចំពោះមនុស្សប្រុសទម្ងន់៨០គីឡូក្រាម សូមទទួលទានត្រឹមដុំស្ត្រេកសណ្តែកសៀងមួយដុំ ឬតៅគ័រមួយដុំ និងទឹកសណ្តែកសៀង២៥០មីល្លីត្រ។ ចំពោះស្ត្រីទម្ងន់៦០គីឡូក្រាម អាចពិសារទឹកសណ្តែកមួយកែវក្នុងមួយថ្ងៃ និងតៅគ័រមួយដុំ។ ក្មេងទម្ងន់២០គីឡូក្រាម អាចញ៉ាំយ៉ាងច្រើនត្រឹមតៅគ័រកន្លះដុំ។
 
ប៉ុន្តែសម្រាប់អ្នកនិយមនិងចូលចិត្តអាហារសណ្តែកសៀង សារធាតុហ្វីតូអ៊ើស្ត្រូហ្សែនពីធម្មជាតិរបស់សណ្តែកបាយ មានទម្រង់ដូចគ្នានឹងអ័រមូនស្ត្រីអ៊ើស្ត្រូហ្សែនមែន តែមានសកម្មភាពទាបជាង អ័រមូនក្នុងខ្លួនមនុស្សខ្លាំងណាស់ ទាប់ប្រមាណពី១ពាន់ទៅ១ម៉ឺនដងឯណោះ។ តាំងពីឆ្នាំ២០១២មក នៅក្នុងអនុសាសន៍ អ្នកស្រាវជ្រាវអាមេរិកបានបញ្ជាក់អំពីអវត្តមាននៃហានិភ័យបង្កឡើងដោយការបរិភោគសណ្តែកសៀង ក្រោយមានជំងឺមហារីកសុដន់។
 
អ្វីដែលអ្នកស្រាវជ្រាវបានព្រមព្រៀងគ្នាទាំងស្រុង គឺថ្វីបើសណ្តែកសៀង មានគុណប្រយោជន៍ខ្ពស់ អាចជួយការពារប្រព័ន្ធការពារខ្លួន អាចមានតួនាទីជាអ្នកការពារសរសៃឈាមបេះដូង និងផ្តល់ផលល្អខ្លាំងសម្រាប់ស្ត្រី វ័យចំណាស់ ក្រោយអស់រដូវ ចាប់ពីអាយុ៥០ឆ្នាំឡើងទៅមែន តែបន្លែណាក៏ដូចបន្លែផ្លែឈើណា មិនមែនជាអាហារទិព្វទេ ! ត្រូវតែបរិភោគបន្លែផ្លែឈើគ្រប់មុខ និងទៅតាមរដូវកាល ប្រកបសមមាត្រ។ យ៉ាងណាមិញ ការទទួលទានអាហារធ្វើសណ្តែកសៀងក៏ដូចគ្នា ការបរិភោគសមរម្យ ឆ្លាស់គ្នាជាមួយត្រីសាច់ ទើបជាជម្រើសល្អក្នុងការផ្តល់លំនឹងដល់សរីរាង្គកាយ។ សណ្តែកសៀងមានផ្ទុកប្រូតេអ៊ីនច្រើន តែមិនសូវសម្បូរជាតិកាល់ស្យូមដូចផលិតផលធ្វើពីទឹកដោះគោទេ៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com