អន្តរជាតិ
កូរ៉េខាងជើង ប្រកាសត្រៀមខ្លួនជាស្រេចក្នុងការទទួលវត្តមានលោកពូទីននៅក្រុងព្យុងយ៉ាង
21, Jan 2024 , 4:00 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រមុខការទូតកូរ៉េខាងជើង បានប្រកាសថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេច ក្នុងការទទួលវត្តមានមេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី នៅប្រទេសខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចេញផ្សាយលើទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី២១ ខែមករា។

 
មួយរយៈចុងក្រោយ ថ្នាក់ដឹកនាំក្រុងមូស្គូ និងក្រុងព្យុងយ៉ាងក្រាក់ៗ បានបំពេញទស្សនកិច្ចទៅវិញទៅមក ដើម្បីស្វះស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនាក្រុងមូស្គូនៅថ្ងៃទី១៦ ខែមករា លោកស្រី Choe Son Hui រដ្ឋមន្រ្តីកូរ៉េខាងជើង បានជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងសមភាគីរុស្ស៊ី លោក Sergei Lavrov ថែមទៀត។ 
 
ក្រោយប្រមុខការទូតខ្លួនបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ី ក្រសួងការបរទេសកូរ៉េខាងជើង បានប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលវត្តមានរបស់លោកពូទីន។ 
 
«រដ្ឋាភិបាលកូរ៉េខាងជើង សូមស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅកាន់ក្រុងព្យុងយ៉ាង និងត្រៀមខ្លួនជាស្រេចក្នុងការទទួលមិត្តភក្តិដ៏ជិតស្និទ្ធដោយក្តីគោរពបំផុត»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានបញ្ជាក់បែបនេះ នៅលើទីភ្នាក់ងារព័ត៌មាន KCNA ចេញផ្សាយនៅថ្ងៃទី២១ ខែមករា។ 
 
ជាការឆ្លើយតប មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ី បានលើកឡើងថា លោកនឹងបំពេញទស្សនកិច្ចនៅក្រុងព្យុងយ៉ាងឱ្យបានឆាប់បំផុត។ បន្ថែមពីនេះ មេដឹកនាំរុស្ស៊ី ក៏មិនភ្លេចឡើយ ក្នុងការអរគុណថ្នាក់ដឹកនាំកូរ៉េខាងជើង ដែលគាំទ្ររុស្ស៊ី និងឈរនៅជាមួយប្រជាជនខ្លួន ចំពោះប្រតិបត្តិការយោធានៅអ៊ុយក្រែន។
 
ជាការពិត ការអញ្ជើញលោកពូទីនមកកាន់ឧបទ្វីបកូរ៉េនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នៅរុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។ 
 
ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ទំនាក់ទំនងកូរ៉េខាងជើង និងរុស្ស៊ី កាន់តែស្អិតរមួត ស្របពេលប្រទេសលោកខាងលិច និងកូរ៉េខាងត្បូង បានចោទប្រទេសទាំងពីរ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសផ្កាយរណបចារកិច្ចជាដើម។ ផ្ទុយទៅវិញ កូរ៉េខាងជើង និងរុស្ស៊ី បានច្រានចោលការចោទប្រកាន់ទាំងនោះ៕ 
 

Tag:
 រុស្ស៊ី
  កូរ៉េខាងត្បូង
  អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com