អន្តរជាតិ
វៀតណាមថា ខ្លួនគ្រប់គ្រងដែនទឹកសមុទ្រចិនខាងត្បូងតាំងពីសតវត្សរ៍ទី១៧ និងមានមូលដ្ឋានច្បាប់ពេញទី
21, Jan 2024 , 5:59 pm        
រូបភាព
រូបភាពAFP និងVNA
រូបភាពAFP និងVNA
វៀតណាម មានមូលដ្ឋានច្បាប់ពេញលេញ និងព័ស្តុតាងប្រវត្តិសាស្រ្ត ក្នុងការទាមទារដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានភាគីជម្លោះជាច្រើនចូលរួម។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ជាថ្មីបែបនេះនៅថ្ងៃទី២០ ខែមករា ដោយបន្តថា អធិបតេយ្យភាពរបស់វៀតណាម មានលើដែនទឹកក្នុងសមុទ្រចិនខាងត្បូងតាំងពីសតវត្សរ៍ទី១៧ ។

 
សមុទ្រចិនខាងត្បូង ជាដែនទឹកជម្លោះដ៏ស្មុគស្មាញមួយ បើទោះកន្លងមក បណ្តាប្រទេសអាស៊ាន និងចិន បានជួបសន្ទនា និងចេញសេចក្តីថ្លែងការណ៍មួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹងក៏ដោយ។ 
 
ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែមករា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ជាថ្មីថា ក្រុងហាណូយ មានអធិបតេយ្យពេញទីលើសមុទ្រចិនខាងត្បូង ដោយផ្អែកលើព័ស្តុតាងប្រវត្តិសាស្រ្ត និងផ្លូវច្បាប់។ 
 
ក្នុងការប្រកាសជាថ្មី និងជាច្រើនដងមកហើយនេះ មន្រ្តីក្រសួងការបរទេស បានបន្តថា អធិបតេយ្យរបស់វៀតណាមលើប្រជុំកោះParacel ត្រូវបានបង្កើតឡើងចាប់តាំងពីសតវត្សរ៍ទី១៧ មកម្លេះ ដោយផ្អែកលើច្បាប់អន្តរជាតិ។
 
មិនតែប៉ុណ្ណោះ លោកស្រី Pham បានចាត់ទុករាល់សកម្មភាពគំរាមកំហែងនៅក្នុងដែនទឹកមួយនេះ ជាការមិនគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ មន្រ្តីក្រសួងការបរទេសវៀតណាមរូបនេះ មិនបានសំដៅដល់ប្រទេសណាមួយជាក់ច្បាស់ឡើយ។ 
 
ជុំវិញសមុទ្រចិនខាងត្បូងនេះ ចិន ក៏បានទាមទារដែនទឹកប្រមាណជិត ៩០ភាគរយជារបស់ខ្លួនផងដែរ ដោយផ្អែកលើតឹកតាងប្រវត្តសាស្រ្ត និងច្បាប់អន្តរជាតិ។ 
 
គួររម្លឹកថា ដើម្បីកាត់បន្ថយភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង រដ្ឋាភិបាលក្រុងប៉េកាំង និងអាស៊ាន នៅក្នុងឆ្នាំ២០០២ បានដាក់ចេញសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រចិនខាងត្បូង (DOC) ហើយនៅក្នុងពេលបច្ចុប្បន្ន ភាគីទាំងពីរ បានប្តេជ្ញាពន្លឿនកិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ថែមទៀត៕ 
 

Tag:
 វៀតណាម
  សមុទ្រចិនខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com