អន្តរជាតិ
រុស្ស៊ីចាត់ទុកសមយុទ្ធដ៏ធំរបស់អង្គការណាតូ ជាសង្រ្គាមកូនកាត់ប្រឆាំងខ្លួន
22, Jan 2024 , 8:29 am        
រូបភាព
លោក Alexander Grushko អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី។ រូបភាព Reuters
លោក Alexander Grushko អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី។ រូបភាព Reuters
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានចាត់ទុកសមយុទ្ធដ៏ធំបំផុតរបស់សម្ព័ន្ធយោធាណាតូ ចាប់តាំងពីសង្រ្គាមត្រជាក់មក ជាសង្រ្គាមកូនកាត់ប្រឆាំងនឹងខ្លួន និងជាការវិលត្រលប់ទៅរកផែនការ ដែលមានក្នុងសម័យបែងចែកប្លុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA នៅថ្ងៃទី២១ ខែមករា។

 
ចាប់ពីចុងខែមករាតទៅ រហូតដល់ខែឧសភា សម្ព័ន្ធយោធាណាតូ នឹងចាប់ផ្តើមសមយុទ្ធយោធា Steadfast Defender 2024 ដើម្បីហាត់សមពីការការពារប្រទេសសម្ព័ន្ធមិត្តដែលមានព្រំដែនជាប់រុស្ស៊ី ឬតំបន់ភាគខាងកើត ក្នុងទំហំយោធាដ៏ច្រើនបំផុត ចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ សមយុទ្ធនេះ នឹងមានកងទ័ពចូលរួមប្រមាណ ៩ម៉ឺននាក់ បូករួមទាំងអាវុធ និងគ្រឿងបរិក្ខារយោធាជាច្រើនទៀត ស្របពេលសង្រ្គាមនៅអ៊ុយក្រែន ជិតឈានចូលរយៈពេល ២ឆ្នាំ។ 
 
យ៉ាងណាមិញ រុស្ស៊ីបានហៅសមយុទ្ធដ៏ធំសម្បើមមួយនេះ ជាសង្រ្គាមកូនកាត់ប្រឆាំងនឹងខ្លួន។ ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន RIA ចេញផ្សាយនៅថ្ងៃទី២១ ខែមករា លោក Alexander Grushko អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្នែងយ៉ាងដូច្នេះ៖ «សមយុទ្ធនេះ ជាផ្នែកមួយទៀតនៃសង្រ្គាមកូនកាត់របស់លោកខាងលិច ប្រឆាំងរុស្ស៊ី»។ 
 
ទាក់ទិននឹងពាក្យសង្រ្គាមកូនកាត់នេះ អនុរដ្ឋមន្រ្តីការបរទេស មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ដោយលោកបានត្រឹមបន្តថា សមយុទ្ធដ៏ធំរបស់អង្គការណាតូ ជាការវិលត្រលប់ទៅរកការរៀបចំ ដែលសម្ព័ន្ធយោធាមួយនេះធ្លាប់មានកាលពីសម័យចែកប្លុកជាពីរ ដើម្បីប្រឆាំងនឹងខ្លួន។ 
 
ត្រង់ចំណុចការរៀបចំនេះ លោក Grushko បានពន្យល់ថា វាមានដូចជា នីតិវិធីរៀបចំយោធា, ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ត្រៀមតទល់ជាមួយនឹងក្រុងមូស្គូ។ 
 
មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានជិតដល់រយៈពេល ២ឆ្នាំហើយ ខណៈភ្លើងសង្រ្គាម មិនទាន់អាចរកចំណុចរលត់បានឡើយ។ បានសេចក្តីថា ទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន បានប្តេជ្ញាបន្តប្រយុទ្ធជាមួយគ្នាដដែល៕
 

Tag:
 រុស្ស៊ី
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com