ជាតិ
យុវជនមកពីតំបន់ដាច់ស្រយាលទទួលបានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍
22, Jan 2024 , 8:59 am        
រូបភាព
សៀមរាប៖ យុវជន យុវតី សរុប៩០នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ដែលត្រូវបានសមាគមទេសចរណ៍កម្ពុជា (CATA) ជ្រើសរើសពីតំបន់ ដាច់ស្រយាល និងមិនមានឱកាសគ្រប់គ្រាន់។

 
លោក អេង គន្ធា ប្រធានសមាគមក្លឹបទេសចរណ៍កម្ពុជាប្រចាំខេត្តសៀមរាប កម្មវិធីបណ្ដុះបណ្ដាល ជំនាញដល់យុវជនដែលមកពីតំបន់ដាច់ស្រយាល និងក្រីក្រឱ្យបានរៀនសូត្រផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះ ចែកជា៣ផ្នែក។ រួមមាន៖ ផ្នែកសេវាម្ហូបអាហារ និងភេសជ្ជៈ ផ្នែកការិយាល័យជួរមុខ និងផ្នែកគេហកិច្ច ដែលសរុបមានសិក្ខាកាម៩០នាក់។ ក្នុងនោះ មានស្រី៦២នាក់ ស្នើនឹង៦៩ភាគរយ។ 
 
លោកបន្តថា ការបណ្ដុះបណ្ដាលនេះមាន រយៈពេល៣ខែ គឺសិក្សាទ្រឹស្ដី២ខែ និងអនុវត្តន៍១ខែ ដែលចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។


 
បច្ចុប្បន្នសិក្ខាកាមដែលមានការងារធ្វើសរុប២៩នាក់ ហើយខាងសមាគមកំពុងស្វែងរកការងារធ្វើបន្ថែម ដល់សិក្ខាកាមផ្សេងទៀត។ នេះជាការបញ្ជាក់របស់លោក អេង គន្ធា ដោយបន្ថែមថា កំឡុងពេលចូលរួមកម្មវិធីបណ្ដុះបណ្ដាល សិក្ខាកាមទទួលបានការឧបត្ថម្ភប្រចាំខែ ២៤ម៉ឺនរៀលផងដែរ។
 
បើតាមប្រធានសមាគមក្លឹបទេសចរណ៍កម្ពុជាប្រចាំខេត្តសៀមរាប កម្មវិធីបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយសារ CATA សហការជាមួយក្រុមហ៊ុន ស្រាវជ្រាវ និងប្រឹក្សានព្វន្ត ដែលទទួលបានការអនុម័តជំនួយថវិកាពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពានិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា ហៅកាត់ថា សម្បត្តិ (SAMBAT)។
 
ក្នុងពិធីបិទគម្រោងបណ្ដុះបណ្ដាលនាសណ្ឋាគារ ស្ដារីអង្គរ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានចូលរួមអបអរសាទរដល់សិក្ខាកាម ដែលទទួលបានជោគជ័យទាំងអស់។ លោកស្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំធ្វើការតាមជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ចូលរួមអភិវឌ្ឍន៍សង្គម។ 


លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA 
 
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ណែនាំឱ្យសិក្ខាកាមពង្រឹងចំណេះដឹងផ្នែកភាសាបន្ថែម  ដ្បិតថាភាសាអង់គ្លេស ឬភាសាអន្ដរជាតិដទៃទៀត មានសារសំខាន់ក្នុងការទំនាក់ទំនង និងជាផ្នែកមួយសំខាន់ ជំរុញការអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាអ្នកដឹកនាំមួយរូបនាពេលអនាគត។ 
 
ចំណែកលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ក៏បង្ហាញការកោតសរសើរចំពោះយុវជន និងយុវតីទាំងអស់ ដែលប្រឹងពុះពារឧបសគ្គនានា ដើម្បីក្លាយខ្លួនជាអ្នកមានជំនាញមួយដ៏ពិតប្រាកដ ក្នុងអាជីពការងារនៅពេលនេះ។ លោក លីនណេ បន្តថា គម្រោងបណ្ដុះបណ្ដាលជំនាញទេសចរណ៍នេះ ពិតជាផ្នែកមួយសំខាន់រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ 
 
លោក លីនណេ បានផ្ញើសារដាស់ស្មារតីយុវជនទាំងអស់ ទោះស្ថិតនៅទីកន្លែងណា ត្រូវមានសីលធម៌ដឹងគុណចំនួន៣ជាប់ជានិច្ច។ សីលធម៌ដឹងគុណទាំង៣ដែលលោកអភិបាលរង បានរំឭកដល់យុវជន រួមមាន ទី១ដឹងគុណខ្លួនឯង គឺចេះឱ្យតម្លៃខ្លួនឯងតាមរយៈការធ្វើអំពើល្អ ធ្វើជាមនុស្សល្អនៅក្នុងសង្គម និងចេះជួយអ្នកជុំវិញខ្លួន ទី២ សីលធម៌ដឹងគុណលើអ្នកផ្គត់ផ្គង់ជួយយើង រហូតមកដល់ពេលនេះ ដែលក្នុងនោះរាប់ទាំងឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន។ល។ និងទី៣ គឺសីលធម៌ដឹងគុណចំពោះប្រទេសជាតិ ដែលផ្តល់ឱ្យយើងនូវសន្តិភាព មានឱកាសរៀនសូត្រ និងធ្វើអ្វីៗបានជាច្រើនដោយគ្មានការភ័យខ្លាច ឬភាពអសន្ដិសុខឡើយ៕
 







Tag:
 CATA
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com