អន្តរជាតិ
វៀតណាមប្តេជ្ញាចាត់វិធានផ្លូវច្បាប់លើក្រុមហ៊ុននាំពលករទៅបរទេស ដែលគ្មានទំនួលខុសត្រូវ
22, Jan 2024 , 11:39 am        
រូបភាព
ប្រមុខរដ្ឋាភិបាលវៀតណាម លោក ផាម មិញឈិញ (ក្នុងរង្វង់) និងពលករវៀតណាម។ រូបភាព VN Express
ប្រមុខរដ្ឋាភិបាលវៀតណាម លោក ផាម មិញឈិញ (ក្នុងរង្វង់) និងពលករវៀតណាម។ រូបភាព VN Express
ក្រុមហ៊ុមនាំពលករទៅបរទេស ដែលខ្វះការទទួលខុសត្រូវ ឬធ្វើឱ្យជនជាតិវៀតណាមរងគ្រោះ ឬរកឃើញថាខុសច្បាប់ អាចនឹងប្រឈមមុខច្បាប់ និងដកអាជ្ញាបណ្ណចោល។ ប្រមុខរដ្ឋាភិបាលវៀតណាម លោក ផាម មិញឈិញ បានព្រមានបែបនេះ នៅថ្ងៃទី២០ ខែមករា។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីស្តាប់ពីកង្វល់របស់អ្នកតំណាង និងសហគមន៍ពលករវៀតណាមនៅបរទេស។

 
ក្នុងដំណើរទស្សនកិច្ចនៅរូម៉ានី ក្នុងថ្ងៃទី២០ ខែមករា ប្រមុខរដ្ឋាភិបាលវៀតណាម លោក ផាម មិញឈិញ បានជួបជាមួយអ្នកតំណាង និងសហគមន៍ពលករ ដោយបានស្តាប់ពីកង្វល់ និងសុខទុក្ខរបស់ជនរួមជាតិ។
 
នៅចំពោះមុខលោកនាយករដ្ឋមន្រ្តី អ្នកតំណាងពលករវៀតណាម បានថ្លែងថា ការនាំពលករមករូម៉ានី គឺមានសក្ដានុពលខ្លាំង ប៉ុន្តែពលករទាំងនោះ ក៏ប្រឈមបញ្ហាជាច្រើនផងដែរដូចជា ការបំពេញការងារដោយខុសច្បាប់ ឬភៀសខ្លួនទៅប្រទេសទីបីជាដើម ដោយសារតែក្រុមហ៊ុននាំពលករ មិនមានការទទួលខុសត្រូវ ឬបោះបង់ពលករចោលតែម្តង។ 
 
ក្រោយស្តាប់ពីក្តីបារម្ភរបស់ប្រជាជនខ្លួន លោកនាយករដ្ឋមន្រ្តី ផាម មិញឈិញ បានព្រមានចាត់វិធានការទាំងផ្លូវច្បាប់ និងដកអាជ្ញាបណ្ណក្រុមហ៊ុនដែលខ្វះការទទួលខុសត្រូវ ឬធ្វើឱ្យជនរួមជាតិរងផលវិបាកនៅបរទេស។​
 
«ក្រុមហ៊ុនខ្មោច និងបុគ្គលពាក់ព័ន្ធការអនុវត្តបែបអវិជ្ជមាន, បញ្ជូនជនជាតិវៀតណាមទៅបរទេសដោយខ្វះការទទួលខុសត្រូវ និងធ្វើឱ្យជនរួមជាតិរងការឈឺចាប់ ត្រូវតែចាក់វិធានការឱ្យបានខ្លាំងបំផុត»។ ប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុនប្រជាជនខ្លួន ដែលបានជួបជុំនៅស្ថានទូតវៀតណាមក្នុងរូម៉ានី។ 
 
ដោយយល់ឃើញការទីផ្សារពលករនៅបរទេសជាសក្តានុពលខ្លាំងសម្រាប់ប្រទេសខ្លួន លោកផាម ក៏មិនភ្លេចណែនាំឱ្យប្រជាជនខ្លួន ត្រូវសិក្សាពីភាសានៃប្រទេសដែលខ្លួនត្រូវបំពេញការងារយ៉ាងហោចណាស់ពី៣ខែ ទៅ៦ខែ មុនពេលមក និងរៀនពីជំនាញផងដែរ ដើម្បីអាចដោះស្រាយបញ្ហាលំបាក ក្នុងពេលអំឡុងធ្វើការនៅបរទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
នៅក្នុងពេលបច្ចុប្បន្ន ពលករវៀតណាមប្រមាណ ៧០ម៉ឺននាក់ បានបំពេញការងារនៅបរទេស ដោយមាននៅក្នុងវិស័យជាច្រើនទាំងកសិកម្ម និងសំណង់ជាដើម។ 
 
សូមបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលវៀតណាម បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅរូម៉ានី ក្នុងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមករា តាមការអញ្ជើញរបស់សមភាគី លោក Ion-Marcel Ciolacu៕ 

Tag:
 វៀតណាម
  រូម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com