ជាតិ
កម្ពុជា-ចិន សម្ពោធពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ដែលជាផ្នែកមួយនៃជំរុញការផ្លាស់ប្តូរប្រជាជន
× ភ្នំពេញ៖ កម្ពុជា និងចិន បានប្រារព្ធពិធីបើកសម្ពោធពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន កាលពីថ្ងៃទី២១ ខែមករា ក្រោមប្រធានបទ«សម្រស់នៃបេតិកភណ្ឌអរូបី»។ ពិព័រណ៍នេះ គឺជាផ្នែកកមួយការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ និងត្រូវបានរៀបចំឡើងក្នុងបំណងជំរុញឱ្យសាធារណជនស្វែងយល់នូវកម្មវិធីថ្មីនៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងវិស័យរចនាម៉ូដ ផលិតផលវប្បធម៌ និងគំនិតច្នៃប្រឌិត ក៏ដូចជាចង់ទាក់ទាញយុវជន ឱ្យចូលរួមកាន់តែច្រើនក្នុងការការពារវប្បធម៌បេតិកភណ្ឌអរូបី។
កម្មវិធីពិព័រណ៍នេះ មានរយៈពេល១៥ថ្ងៃ រៀបចំរួមគ្នាដោយនាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តក្វាងស៊ី កាសែត Guangxi Daily សារមន្ទីរទីក្រុងលីវចូវ សមាគមសម្ព័ន្ធខ្មែរចិន សារព័ត៌មានពាណិជ្ជកម្ម និងសារព័ត៌មានស៊ីស៊ីថាមស៍។
លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែលបានចូលរួមថ្លែងសុន្ទរកថាក្នុងពិធីនេះ បានចាត់ទុកការតាំងពិព័រណ៍វប្បធម៌ និងវប្បធម៌ច្នៃប្រឌិតនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការផ្លាស់ប្តូរវប្បធម៌ និងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃកម្ពុជា-ចិន ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ តាមរយៈពិព័រណ៍នេះ កម្ពុជា នឹងអាចរៀនសូត្របន្ថែមពីបទពិសោធន៍របស់ប្រទេសចិន ក្នុងការការពារ និងទទួលស្នងមរតកវប្បធម៌អរូបី។ លោក ជួន ចាន់ភារុណ បញ្ជាក់បន្ថែមដូច្នេះ។
លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី នៅថ្ងៃទី២១ មករា ឆ្នាំ២០២៤។
ពិព័រណ៍នេះ គឺជាសក្ខីភាពនៃការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក រវាងចិន និងកម្ពុជា និងបញ្ជាក់ពីការបន្តធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព រវាងប្រជាជនទាំងពីរ កាន់តែស៊ីជម្រៅ។ នេះជាការលើកឡើងរបស់ លោក Liu Ri Gang សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily ។
លោក Liu Ri Gang បន្តទៀតថា ប្រទេសចិន និងកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងត្រចះត្រចង់ ហើយបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ជាសក្ខីភាពបង្ហាញពីប្រាជ្ញាឆ្លាតវៃ និងគំនិតច្នៃប្រឌិត របស់ប្រជាជនប្រទេសទាំងពីរ។
លោក Liu Ri Gang សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily ពេលថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី នៅថ្ងៃទី២១ មករា ឆ្នាំ២០២៤។
«ចាប់តាំងពីល្ខោនអូប៉េរ៉ាប៉េកាំង អក្សរផ្ចង់ ការដេរប៉ាក់ និងតម្បាញជនជាតិជាំងរបស់ប្រទេសចិន រហូតដល់ល្ខោនខោល ចម្លាក់នៅតាមប្រាសាទ និងតម្បាញសូត្ររបស់ប្រទេសកម្ពុជា ដែលជារបស់បេតិកភណ្ឌអរូបីប្រជាជនទាំងពីរ វាមិនត្រឹមតែជាមោទនភាពនោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យនៃអរិយធម៌របស់មនុស្សជាតិផងដែរ»។ លោក Liu Ri Gang បញ្ជាក់ដូច្នេះ រួចបន្តថា បច្ចុប្បន្ន កិច្ចគាំពារនិងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន និងកម្ពុជា បានក្លាយជាបេសកកម្មរួមគ្នារបស់ប្រជាជនទាំងពីរ។
សូមរំឭកថា រាជរដ្ឋាភិបាលកម្ពុជា-ចិន បានកំណត់យក ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិន -កម្ពុជា ដែលពិធីបើកជាផ្លូវការត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៣ ខែមករា នៅព្រះលានជល់ដំរី នៃទឹកដីអង្គរ ខេត្តសៀមរាប។
រយៈពេល៦៦ឆ្នាំនៃទំនាក់ទំនងការទូត កម្ពុជា-ចិន បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ ហើយ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» នឹងក្លាយជាចលករបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយជាលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឲ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រទេសទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com