សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោកBill Gates អំពាវនាវឱ្យបង្កើនពន្ធលើសេដ្ឋីធំៗ ដើម្បីជួយសេដ្ឋកិច្ចពិភពលោក និងបន្ថយវិសមភាព
22, Jan 2024 , 2:43 pm        
រូបភាព
មហាសេដ្ឋី Bill Gates ។ រូបភាព ៖ Business Insider
មហាសេដ្ឋី Bill Gates ។ រូបភាព ៖ Business Insider
សហស្ថាបនិកក្រុមហ៊ុន Microsoft បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនពន្ធលើអ្នកមាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Business Insider នៅថ្ងៃទី២០ ខែមករា។ ការអំពាវនាវរបស់មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ គឺធ្វើឡើងក្នុងគោលបំណងជួយសេដ្ឋកិច្ចពិភពលោក កាត់បន្ថយវិសមភាព និងធ្វើឱ្យមានស្ថិរភាពក្នុងសង្គម និងប្រព័ន្ធអេកូឡូស៊ី។

 
ជាការពិតដែលថាការបង្កើនពន្ធលើមហាសេដ្ឋីមិនមែនជារឿងថ្មីទេ ប៉ុន្តែវាបានក្លាយជារឿងបន្ទាន់មួយ ក្រោយពីការរាលដាលជំងឺកូវីដ-១៩ នៅពេលដែលគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្របានកើនឡើង។ តាមរបាយការណ៍ពីអង្គការ Oxfam ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង៥នាក់នៅលើពិភពលោកដែលរួមមាន លោក Elon Musk, លោក Bernard Arnault, លោក Jeff Bezos, លោក Larry Ellison និង លោក Mark Zuckerberg ក្នុងរយៈពេលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ បានកើនឡើងពី ៤៦៤ពាន់លានដុល្លារដល់ ៨៦៩ពាន់លានដុល្លារ។
 
ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស៊្វីស លោក Bill Gates មហាសេដ្ឋីពិភពលោក បានអំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលបង្កើនការយកពន្ធលើអ្នកមានធំៗ ស្របពេលមហាសេដ្ឋី និងសេដ្ឋីជិត ៣០០នាក់បានយល់ព្រមតាមសំណើរបស់លោក Bill Gates លើការបង្កើនពន្ធ។ 
 
លោក Bill Gates បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល ១២១,៤ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី៨ លើពិភពលោក។ នេះបើតាមទស្សនាវដ្តីអាម៉េរិក Forbes ។ 
 
ការបង្កើនការយកពន្ធនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រដែលកំពុងបង្កផលប៉ះពាល់អវិជ្ជមានខ្លាំងបំផុតមិនធ្លាប់មាន មកលើស្ថិរភាពសេដ្ឋកិច្ច រួមទាំងរក្សាស្ថិរភាពសង្គម និងប្រព័ន្ធអេកូឡូស៊ី។
 
តាមសារព័ត៌មាន Business Insider ក្រុមមហាសេដ្ឋី និងសេដ្ឋីបានសរសេរនៅក្នុងសំណើថា ៖« យើងក៏ជាអ្នកដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីស្ថានភាពបច្ចុប្បន្ន... សំណើនេះគឺសាមញ្ញណាស់ យើងចង់ឱ្យរដ្ឋាភិបាលយកពន្ធលើពួកយើងដែលជាអ្នកមានបំផុតនៅក្នុងសង្គមដទៃទៀត។ ការណ៍នេះនឹងមិនមានផលប៉ះពាល់ដល់ជីវភាពរបស់យើងទេ ប៉ុន្តែនឹងរួមចំណែកជាវិជ្ជមានដល់ការវិនិយោគនៅក្នុងអនាគតប្រជាធិបតេយ្យរួមគ្នារបស់មនុស្សគ្រប់រូប»។ 
 
ក្នុងលិខិតអំពាវនាវដដែលនោះ សេដ្ឋីធំៗបានយល់ឃើញថា ប្រសិនបើតំណាងជាប់ឆ្នោតនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខលើលោក មិនចាត់វិធានការដើម្បីដោះស្រាយបញ្ហានេះទេ ផលវិបាកនឹងបន្តក្លាយជាមហន្តរាយសម្រាប់សង្គម។ 
 
ជាការពិត ការលើកឡើងរបស់សហស្ថាបនិកក្រុមហ៊ុន​ Microsoft នេះ មិនមែនជាលើកទីមួយឡើយ។ នៅក្នុងវេទិកា«Ask Me Anything» នៅលើបណ្តាញទំនាក់ទំនងសង្គម Reddit កាលពីឆ្នាំមុន លោក Bill Gates បានមើលឃើញថា ប្រព័ន្ធពន្ធលើមហាសេដ្ឋី មិនត្រូវបានបង្កើនឡើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ 
 
តាមរយៈមូលនិធិ Bill & Melinda Gates លោកBill Gates និងអតីតភរិយា បានប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំងឺនៅក្នុងប្រទេសក្រីក្រជុំវិញពិភពលោក។ បុគ្គលល្បីៗផ្សេងទៀតដែលបានចុះហត្ថលេខាលើលិខិតចំហនោះរួមមាន Abigail Disney (ចៅស្រីរបស់ Roy O. Disney សហស្ថាបនិកក្រុមហ៊ុន Walt Disney), Valerie Rockefeller ដែលជាអ្នកស្នងមរតកនៃគ្រួសារអ្នកជំនួញដែលមានជាងគេបំផុតនៅអាម៉េរិក។
 
តារាសម្តែង Brian Cox ដែលបានចូលរួមចុះហត្ថលេខាលើលិខិតខាងលើដែរនោះ បានរិះគន់សេដ្ឋីធំៗមួយចំនួនថា កំពុងតែប្រើប្រាស់ទ្រព្យសម្បត្តិដ៏សម្បើមរបស់ខ្លួន ដើម្បីដណ្តើមអំណាច និងឥទ្ធិពលនយោបាយ ខណៈសេដ្ឋីមួយចំនួន កំពុងបំផ្លាញប្រជាធិបតេយ្យ និងសេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ តារាសម្តែងជើងចាស់រូបនេះ មិនបានសំដៅដល់បុគ្គលណាជាក់លាក់ឡើយ។ 
 
លោក Bill Gates ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីដែលបានសន្យាថានឹងប្រើប្រាស់ទ្រព្យសម្បត្តិដ៏ច្រើនរបស់លោកមួយផ្នែកសម្រាប់ជួយសង្គម និងពិភពលោក ជំនួសឱ្យមរតកទាំងស្រុងទៅកាន់កូនៗ។ ត្រង់ចំណុចនេះ មហាសេដ្ឋីវ័យ ៦៨ឆ្នាំ បានយល់ថា ទ្រព្យសម្បត្តិ គឺបានមកពីសំណាង ការខិតខំ និងពេលវេលា។ 
 
កន្លងមក សមាជិកសភាអាម៉េរិក Alexandria Ocasio-Cortez បានស្នើសុំឱ្យបង់ពន្ធ ៧០ភាគរយលើប្រាក់ចំណូលលើសពី ១០លានដុល្លារក្នុងមួយឆ្នាំ។ ស្របគ្នានេះ សមាជិកព្រឹទ្ធសភាអាម៉េរិក Elizabeth Warren បានលើកឡើងថា ការដំឡើងពន្ធនឹងប៉ះពាល់ដល់គ្រួសារអ្នកមានបំផុត ១០ម៉ឺនគ្រួសារនៅអាម៉េរិក ដែលនឹងជួយបន្ថែមប្រហែល ៣ទ្រីលានដុល្លារទៅក្នុងថវិកាក្នុងរយៈពេល១០ឆ្នាំ។ ប្រាក់ទាំងនេះ ទុកសម្រាប់ការចំណាយលើការថែទាំកុមារ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការវិនិយោគលើថាមពលស្អាតជាដើម។
 
មហាសេដ្ឋីដែលកាន់តែមាន​​ បង់​ពន្ធកាន់តែ​ខ្ពស់ ប៉ុន្តែ​តាម​ពិត​ពួក​គេ​ក៏​ទទួល​បាន​អត្ថប្រយោជន៍ជាច្រើនផងដែរ ។ ក្នុងលទ្ធផលពីការស្ទង់មតិរបស់ The Guardian ចំពោះមហាសេដ្ឋីបង្ហាញថា អ្នកចូលរួមចំនួន ៧៤ភាគរយគាំទ្រការបង្កើនពន្ធលើទ្រព្យសម្បត្តិអ្នកមាន ដើម្បីជួយដោះស្រាយវិបត្តិការហក់ឡើងនៃការចំណាយប្រចាំថ្ងៃ និងកែលម្អសេវាសាធារណៈ។ 
 
អ្នកមានប្រមាណ ២៣០០នាក់ដែលស្ថិតនៅក្រុមកំពូល ៥ភាគរយមកដែលមកពីប្រទេស G20 ក្នុងនាមជាក្រុមយុទ្ធនាការមហាសេដ្ឋីស្នេហាជាតិបានឆ្លើយតបទៅនឹងការស្ទង់មតិនេះ។ ក្នុងចំណោមនោះ ៥៨ភាគរយគាំទ្រការអនុវត្តពន្ធលើទ្រព្យសម្បត្តិ ២ភាគរយសម្រាប់អ្នកដែលមានទ្រព្យច្រើនជាង ១០លានដុល្លារ និង ៥៤ភាគរយបានឲ្យដឹងថា ការកាន់កាប់ទ្រព្យសម្បត្តិច្រើនពេកអាចក្លាយជាការគំរាមកំហែងដល់មូលដ្ឋានគ្រឹះប្រជាធិបតេយ្យ។
 
ចំណែកនៅអង់គ្លេស សភាសហជីពពាណិជ្ជកម្ម (TUC) បានស្នើឡើងនូវពន្ធលើទ្រព្យសម្បត្តិ ១,៧ភាគរយសម្រាប់អ្នកមានបំផុតចំនួន ១៤ម៉ឺននាក់ ដើម្បីកៀងគរប្រាក់ជាង ១២,៧ពាន់លានដុល្លារ ដើម្បីជួយបង់ថ្លៃសេវាសាធារណៈ។ 
 
តាមបញ្ជីអ្នកមានចុងក្រោយបំផុតរបស់កាសែត Sunday Times គ្រួសារអ្នកមានបំផុតចំនួន ២៥០នាក់នៅអង់គ្លេសមានទ្រព្យសម្បត្តិសរុបប្រហែល ៩៥០ពាន់លានដុល្លារដែលកើនឡើងជាង ៥០ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងភរិយា បានជាប់ចំណាត់ថ្នាក់ទី ២៧៥ ក្នុងបញ្ជីអ្នកមានបំផុតចំនួន ៣៥០នៅអង់គ្លេស៕ 

Tag:
 មហាសេដ្ឋី
  ពន្ធ
 ​ Bill Gates
© រក្សាសិទ្ធិដោយ thmeythmey.com