RFI
អន្តរជាតិ
សង្រ្គាមស៊ីវិលនៅភូមា៖ ឥណ្ឌាគ្រោងសង់របងលួសបន្លានៅព្រំដែនជាមួយភូមា
23, Jan 2024 , 7:59 am        
រូបភាព
ប៉ូលិសឥណ្ឌា និងជនជាតិ​ភូមា​ដើរនៅលើស្ពាននៅព្រំដែនប្រទេស​ទាំងពីរ AP - Anupam Nath
ប៉ូលិសឥណ្ឌា និងជនជាតិ​ភូមា​ដើរនៅលើស្ពាននៅព្រំដែនប្រទេស​ទាំងពីរ AP - Anupam Nath
ដោយ៖ឈាង បុប្ផា/RFI
 
ឥណ្ឌាគ្រោងពង្រាយលួសបន្លា នៅតាមបណ្តោយព្រំដែនភូមា បន្ទាប់ពីជនជាតិភូមាកាន់តែច្រើន មិនថា ទាហាន ឬ​ប្រជាជនស៊ីវិល​រត់ឆ្លងដែនចូល​ទឹកដីឥណ្ឌាដើម្បីគេចចេញពីសង្រ្គាមហិង្សា​នៅ​ភូមា។ នៅ​សប្តាហ៍មុន អគ្គមេបញ្ជាការកងទ័ពឥណ្ឌា​បាន​ប្រាប់កាសែតក្នុងស្រុកថា កងទ័ព​ភូមា​ជាង​៤០០នាក់​បាន​ឆ្លងចូល​ទឹកដីឥណ្ឌា ខណៈដែលកងកម្លាំងរបស់របបសឹកបន្តជាប់ដៃប្រយុទ្ធយ៉ាងហិង្សាទល់នឹង​​ក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលរួមកម្លាំងជាមួយក្រុមប្រឆាំងភូមា ។

 
ឥណ្ឌា​គ្រោងសង់របងលួសបន្លា​នៅតាមបណ្តោយព្រំដែនជាមួយប្រទេស​ភូមា និង​បិទបញ្ចប់​កិច្ចព្រមព្រៀង​ស្តីពីការធ្វើដំណើរដោយសេរី​រវាង​ប្រទេស​ទាំងពីរ។ នៅក្នុងការចុះផ្សាយកាលពីថ្ងៃអាទិត្យ កាសែតក្នុងស្រុកឥណ្ឌាបានដកស្រង់ប្រសាសន៍​របស់​​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Amit Shah ដែលថា​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្រេចចិត្តសាង​សង់របងលួស​​នៅតាមបណ្តោយព្រំដែន​ឥណ្ឌា​ ភូមា ដែលមាន​ប្រវែងជាង​១២០០គីឡូម៉ែត្រ។
 
រដ្ឋមន្រ្តីមហាផ្ទៃ​ឥណ្ឌាមិនបានបញ្ជាក់​ទេ កាលបរិច្ឆេទ និងមធ្យោបាយសាងសង់​របងលួសបន្លា នៅតាម​បណ្តោយព្រំដែន​ដែលត្រូវ​លាតសន្ធឹង​ពីតំបន់ខ្ពង់រាបដាច់ស្រយាល​រហូត​ដល់​កំពូលភ្នំហិមាល័យ។
 
ក្រៅពី​ប្រកាសគម្រោងសាងសង់​របងលួស​នៅតាមព្រំដែនជាប់ភូមា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌា​អះអាងថា រដ្ឋាភិបាល​ឥណ្ឌា​នឹងបិទបញ្ចប់ផងដែរ​កិច្ចព្រមព្រៀងស្តីពីចរាចរណ៍ដោយសេរី​រវាង​ប្រទេស​ទាំងពីរដែលរហូតមក បាន​អនុញ្ញាត​ឲ្យប្រជាជន រស់នៅ​តំបន់ជាប់ព្រំដែន​ភូមា ឥណ្ឌា​អាច​ធ្វើដំណើរចេញចូលដោយសេរី​ ធ្វើជំនួញ​​ឆ្លងដែន​ដោយ​មិន​ចាំបាច់​ត្រូវការសុំ​ទិដ្ឋាការ។
 
រដ្ឋាភិបាលឥណ្ឌា​គ្រោង​សាងសង់របងលួសបន្លានៅតាមព្រំដែនជាប់ភូមា និង​បិទបញ្ចប់កិច្ចព្រមព្រៀង​ស្តីពីការធ្វើដំណើរដោយសេរី នៅបន្ទាប់ពី​មានការលើកឡើង​របស់​មេបញ្ជាការទ័ព​ឥណ្ឌាដែល​ថា ក្នុង​រយៈពេល​តែ ២ខែ កងទ័ព​ភូមា​ជាង​៤០០នាក់ដែលរត់គេចចេញពីការតាមវាយប្រហារ​របស់ក្រុមប្រឆាំង ​បាន​រត់ចូលជ្រកកោន​ក្នុង​ទឹកដីឥណ្ឌា។
 
 អាជ្ញាធរឥណ្ឌា​អះអាងថា ខ្លួន​បាន​ចាប់បញ្ជូន​កងទ័ព​របបសឹក​ទៅក្នុង​ប្រទេស​ភូមា នៅតែប៉ុន្មានថ្ងៃក្រោយ​ពួកគេ​រត់ឆ្លងដែនចូលឥណ្ឌា។ នៅដើមដំបូងការចូលកាន់អំណាច​របស់​ក្រុមយោធាភូមា ឥណ្ឌា​ធ្លាប់​​ផ្តល់កន្លែងជ្រកកោន​ដល់​អ្នកប្រឆាំងភូមាដែលរត់គេចចេញពីការតាមចាប់ខ្លួន​របស់​របបសឹក។ ប៉ូលិស​ ទាហាន​ភូមា​មួយចំនួន​ដែល​បដិសេធ​មិន​លើកដៃ​បាញ់សម្លាប់ ឬ​បង្រ្កាប​លើ​បាតុករប្រឆាំង​របបសឹកក៏បានរត់ចោលជួរ ទៅ​សុំកន្លែងជ្រកកោន​ក្នុងទឹកដីឥណ្ឌាដែរ។
 
ចាប់តាំងពីធ្វើរដ្ឋប្រហារបណ្តេញ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​នៅ​ឆ្នាំ ២០២១ របបសឹកភូមា​ចាញ់​ដៃប្រយុទ្ធ​តទល់នឹង​ក្រុមឧទ្ទាម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច។ ក្រុមនេះបានរួមកម្លាំងជាមួយ​ក្រុមប្រឆាំងភូមា វាយដណ្តើមយកបាន​ទីក្រុងកាន់តែច្រើននៅក្នុង​រដ្ឋ​ជាប់​ព្រំដែ​នឥណ្ឌា បង់ក្លាដែស រួមទាំងរដ្ឋនៅជាប់ព្រំដែនចិន និង​ថៃ។​
 
ជាក់ស្តែង កងទ័ពអារ៉ាខាន ក្នុង​រដ្ឋរ៉ាឃីន​​បាន​អះអាង​កាលពីថ្ងៃអាទិត្យ​ទី​១៤​ថាពួកគេវាយបកបាន​ទីក្រុងកំពង់ផែ Paletwa ដែលជា​ច្រកពាណិជ្ជកម្ម​សំខាន់​មួយទៀតជាមួយ​ប្រទេស​ជិតខាងឥណ្ឌា និង​បង់ក្លាដែស៕

© រក្សាសិទ្ធិដោយ thmeythmey.com