សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ផលិតផលរូបនាគត្រូវប៉ាន់ខ្លាំងនៅចិន មុនពិធីចូលឆ្នាំប្រពៃណីមកដល់
23, Jan 2024 , 9:09 am        
រូបភាព
អ្នកលក់បង្ហាញពីគ្រឿងអលង្ការដែលមានរូបរាងជាសត្វនាគ នៅខេត្ត Jiangsu របស់ចិន ។ រូបភាព ៖ China Daily
អ្នកលក់បង្ហាញពីគ្រឿងអលង្ការដែលមានរូបរាងជាសត្វនាគ នៅខេត្ត Jiangsu របស់ចិន ។ រូបភាព ៖ China Daily
នៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់ គ្រឿងអលង្ការ ស្ទីគ័រទូរស័ព្ទដែលមានរូបនាគ និងសម្ភារផ្សេងទៀតដែលមានរូបនាគ កំពុងលក់ដាច់ខ្លាំងនៅចិន។ ប្រជាជនចិនមានជំនឿថា សត្វនាគ ជានិមិត្តរូបនៃអំណាច និងឋានៈខ្ពង់ខ្ពស់ដែលនាំរាសី និងភាពជោគជ័យដល់ខ្លួន។

 
ទិន្នន័យពីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកចិន Taobao បានបង្ហាញថា ចំនួននៃការស្វែងរកផលិតផលទាក់ទងនឹងសត្វនាគលើទីផ្សារអនឡាញមួយនេះ បានកើនឡើង ៥៤០ដង នៅចន្លោះថ្ងៃទី២៧ ខែធ្នូដល់ថ្ងៃទី២ ខែមករា។ ចំណែក ការស្វែងរកគ្រឿងអលង្ការមានរូបនាគ ធ្វើពីមាសបានកើនឡើង ៥០០ដង។
 
«សត្វនាគត្រូវបានចាត់ទុកថាជានិមិត្តរូបនៃអំណាច និងឋានៈខ្ពងខ្ពស់នៅក្នុងវប្បធម៌ចិន។ មាសជាគ្រឿងអលង្ការ និងឧបករណ៍សម្រាប់រក្សាទុក ជាទ្រព្យសម្បត្តិ ដែលប្រជាជនចិនតែងតែទិញរាល់រដូវចូលឆ្នាំចិនមកដល់។ ហេតុនេះបានជាមនុស្សជាច្រើន ទិញគ្រឿងអលង្ការជាពិសេសមាសដែលរាងរូបនាគ ដើម្បីបួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី»។  នេះបើតាមលោក​ Xie Zhihui នាយករងទទួលបន្ទុកផ្នែកលក់នៅក្រុមហ៊ុន Chow Tai Seng ដែលជាយីហោមាសបានចុះបញ្ជីនៅក្នុងផ្សារហ៊ុន Shenzhen បានប្រាប់កាសែត China Daily បែបនេះ។
 
ផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់ Chow Tai Seng បានកត់ត្រាពីការកើនឡើងនៃការលក់គ្រឿងអលង្ការដែលមានរូបនាគនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ។ ក្រុមហ៊ុននេះ លក់បានច្រើនជាង ១០លានយ័ន (១,៤លានដុល្លារ) ដែលជិតស្មើរ ២ដងនៃចំនួនលក់កាលពីខែតុលា។ ការលក់បានបន្តកើនឡើងក្នុងខែធ្នូ ហើយនៅដើមសប្តាហ៍នៃឆ្នាំ២០២៤ ការលក់បានហក់ឡើងដល់៥លានយ័ន។ 
 
ខ្សែកមានអង្កាំរូបនាគដែលជាផលិតផលទើបចេញថ្មីរបស់ក្រុមហ៊ុន Chow Tai Seng បានក្លាយជាផលិតផលដែលលក់ដាច់បំផុតដោយក្នុង​ខែ​ធ្នូ​ ដោយក្រុមហ៊ុននេះ​លក់​បាន​ជាង ​១​លាន​យ័ន (១៤ម៉ឺនដុល្លារ)​ ។
 
លោក Hong Yong ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានពាណិជ្ជកម្មបរទេស និងសហប្រតិបត្តិការសេដ្ឋកិច្ចចិនបាននិយាយថា ក្រៅពីគ្រឿងអលង្ការមាស ផលិតផលប្រពៃណីផ្សេងទៀតទាក់ទងនឹងសត្វនាគក៏នឹងរកចំណូលដល់អាជីវកម្មជាច្រើនផងដែរ។
 
លោក Hong បញ្ជាក់ថា ៖« ការលក់ផលិតផលដែលទាក់ទងនឹងសត្វនាគបានកើនឡើង បើប្រៀបធៀបទៅនឹងសត្វរាសីដទៃទៀត ដោយសារប្រជាជនចិនជំនឿចំពោះសត្វនាគ។ ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលនេះ ក្រុមហ៊ុនត្រូវមានភាពច្នៃប្រឌិតផលិតផល និងដាក់លក់ផលិតខ្លួនលើទីផ្សារឌីជីថល»។
 
ទន្ទឹមនេះ ការតុបតែងរថយន្ត ទូរសព្ទ ផលិតផលប៉ាក់ដោយដៃ និងរបស់របរប្រពៃណីជាច្រើនទៀតដែលតុបតែងដោយសត្វនាគ ក៏មានការកើនឡើងផងដែរ នៅរយៈពេលថ្មីៗ។ 
 
លើសពីនេះ ចំពោះក្រដាសប្រាក់ដែលមានរូបនាគ មានបញ្ជាទិញកើនឡើង។ ទិន្នន័យពីធនាគារកណ្តាលចិន (PBOC) បង្ហាញថា ក្រដាសប្រាក់អនុស្សាវរីយ៍ដែលបោះពុម្ពដោយមានរូបនាគត្រូវបានបញ្ជាទិញចាប់ពីថ្ងៃទី ៤ខែមករា។ ចំនួននៃការបោះពុម្ពសរុបចំនួន ៩៩,៩៨លានក្រដាសត្រូវបានបញ្ជាទិញពីប្រជាជនក្នុង ៣២ខេត្ត-ក្រុងក្នុងប្រទេសនេះ។
 
បន្ថែមពីនេះ​ ម៉ាកល្បីៗ នៅលើពិភពលោកក៏កំពុងទាក់ទាញសម្រាប់ប្រជាជនចិនដូចជា ក្រុមហ៊ុនគ្រឿងសំអាងជប៉ុន Shu Uemura ដែលលក់ក្រែមលាបមាត់រចនាស្រោបដោយរូបនាគមាស និង Fila ដែលដាក់លក់អាវ​ក្រៅ​ប៉ាក់​រូបនាគ ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀតលក់ប្រដាប់ប្រដាក្មេងលេងដែលមានរូបរាងជាសត្វនាគជាដើម។ 
 
លោក​ Su Anke ស្ថាបនិកក្រុមហ៊ុនទីផ្សារ Shenzhen Yiben Zhengjing Culture and Creativity បាននិយាយថា ម៉ាកយីហោជាច្រើនបានពន្លឿនការអភិវឌ្ឍផលិតផល ដើម្បីទាញយកប្រយោជន៍ពីតម្រូវការរបស់របរដែលមានរាងដូចសត្វនាគ។ ក្រុមហ៊ុនរបស់ Su បច្ចុប្បន្នកំពុងតែផលិតរបស់របរដោយផ្អែកតាមរឿងកំប្លែង Dragon Family ដ៏ល្បីល្បាញមួយដែលនិយាយអំពីគ្រួសារនាគ៕ 

Tag:
 ចិន
  ចូលឆ្នាំចិន
  នាគ
© រក្សាសិទ្ធិដោយ thmeythmey.com