សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ជំនួសតំណែងអារ៉ាប៊ីសាអូឌីត ដោយផ្គត់ផ្គង់​ប្រេង​ឆៅ​ធំ​ជាង​គេ​របស់​​ចិន
23, Jan 2024 , 2:51 pm        
រូបភាព
រូបភាព ៖ Kyiv Post
រូបភាព ៖ Kyiv Post
តួលេខសម្រាប់ឆ្នាំ២០២៣ បង្ហាញថា រុស្ស៊ីបានជំនួសតំណែងអារ៉ាប៊ីសាអូឌីត ដោយក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ចិនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ចិនទិញប្រេងឆៅក្នុងតម្លៃទាបពីរុស្ស៊ី ដែលបន្តរងទណ្ឌកម្មពីប្រទេសលោកខាងលិច។

 
រុស្ស៊ី បានលក់បរិមាណប្រេងឆៅទៅកាន់ចិនមានចំនួន ១០៧,០២លានតោន ស្មើនឹង ២,១៤លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។ ចំនួននេះបាននាំមុខប្រទេសនាំចេញប្រេងសំខាន់ៗផ្សេងទៀតដូចជា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។ នេះបើតាមទិន្នន័យពីគយចិននៅថ្ងៃទី២០ ខែមករា។ 
 
នៅឆ្នាំ ២០២៣ ការនាំចូលប្រេងរបស់ចិនពីអារ៉ាប៊ីសាអូឌីតបានថយចុះ ១,៨ភាគរយមកត្រឹម ៨៥,៩៦លានតោន។ ប្រទេស​នៅ​មជ្ឈិមបូព៌ា​នេះ​កំពុង​បាត់បង់​ចំណែក​ទីផ្សារ​នៅចិន ដោយប្រេង​​របស់​រុស្ស៊ី​មានតម្លៃ​ថោក​ជាង។
 
ប្រេង​រុស្ស៊ី​ត្រូវ​បាន​ប្រទេស​ជាច្រើន​មិនទទួលទិញ ​ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោកខាងលិច។ យ៉ាងណាតម្រូវការពីចិន និងឥណ្ឌាបានកើនឡើងយ៉ាងខ្លាំងដែលជំរុញឱ្យតម្លៃប្រេង ESPO របស់ប្រទេសនេះឡើងថ្លៃកាលពីឆ្នាំមុនលើសពីតម្លៃកំណត់ ៦០ដុល្លារ ដែលបណ្តាប្រទេសលោកខាងលិចបានដាក់លើការនាំចេញប្រេងរបស់រុស្ស៊ី។
 
តម្លៃប្រេងឆៅ ESPO ដែលត្រូវបានចែកចាយក្នុងខែធ្នូ ឆ្នាំ២០២៣ គឺស្ទើរតែស្មើនឹងប្រេង Brent។ បច្ចុប្បន្ននេះ ESPO មានតម្លៃប្រហែល ៧៥ដុល្លារក្នុងមួយបារ៉ែល។ ទន្ទឹមនេះ អារ៉ាប៊ីសាអូឌីតក៏បានដំឡើងថ្លៃលក់ប្រេង Arab Light ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដោយបង្ខំឱ្យក្រុមហ៊ុនចម្រាញ់ប្រេងជាច្រើនស្វែងរកផលិតផលថោកជាងមុន។
 
បច្ចុប្បន្ន ចិន​ជា​ប្រទេស​នាំ​ចូល​ប្រេង​ឆៅ​ធំ​ជាង​គេ​របស់​ពិភពលោក។ ថ្វីបើមានការដាក់ទណ្ឌកម្មពីលោកខាងលិចលើប្រេងរុស្ស៊ីបន្ទាប់ពីជម្លោះនៅអ៊ុយក្រែនក៏ដោយ ក៏ចិននៅតែទិញប្រេងឆៅក្នុងបរិមាណច្រើនសម្រាប់រោងចក្រចម្រាញ់ក្នុងស្រុក។
 
ដើម្បីជៀសវាងការបំពានលើទណ្ឌកម្មរបស់លោកខាងលិច រោងចក្រចម្រាញ់ប្រេងរបស់ចិនបានប្រើប្រាស់ឈ្មួញកណ្តាលដើម្បីគ្រប់គ្រងការដឹកជញ្ជូន និងការធានារ៉ាប់រងនៅពេលទិញប្រេងពីរុស្ស៊ី។ ក្រៅ​ពី​ប្រេង​រុស្ស៊ី ចិន​ក៏​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ និង​វ៉េណេស៊ុយអេឡាដែលជា​ប្រទេស​ដែល​ស្ថិត​ក្រោម​ទណ្ឌកម្ម​លោក​ខាង​លិច​ផង​ដែរ។
 
ចំណែកប្រេងរបស់អាម៉េរិក ដែលបាននាំចេញទៅចិនកាលពីឆ្នាំមុន បានកើនឡើង ៨១,១ភាគរយ បើប្រៀបធៀបឆ្នាំ២០២២២ ទោះបីជាមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរក៏ដោយ។ ការនាំចូលប្រេងឆៅសរុបរបស់ចិនកាលពីឆ្នាំមុន បានឈានដល់កំណត់ត្រា ៥៦៣,៩លានតោន ដែលស្មើនឹង ១១,២៨លានបារ៉ែលក្នុងមួយថ្ងៃ៕ 

Tag:
 រុស្ស៊ី
  ចិន
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com