អន្តរជាតិ
ចិនជំរុញឱ្យប្រជាជនកាត់បន្ថយចំនួនជ្រូក ដើម្បីស្តារតម្លៃក្នុងស្រុកឡើងវិញ
23, Jan 2024 , 5:19 pm        
រូបភាព
រោងចក្រសាច់ជ្រូក នៅក្រុង Huaian ខេត្ត Jiangsu នៅក្នុងឆ្នាំ២០២១។ រូបភាព AFP
រោងចក្រសាច់ជ្រូក នៅក្រុង Huaian ខេត្ត Jiangsu នៅក្នុងឆ្នាំ២០២១។ រូបភាព AFP
តម្លៃសាច់ជ្រូកនៅចិន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកសិករ នៅតែបន្តចិញ្ចឹមជ្រូកយកសាច់ ក្នុងចំនួនដ៏ច្រើន។ ទាក់ទិននឹងបញ្ហានេះ ក្រសួងកសិកម្មចិន បានជំរុញកសិករឱ្យកាត់បន្ថយចំនួនជ្រូកចិញ្ចឹមក្នុងកសិដ្ឋានរបស់ខ្លួន ដែលមានចំនួនច្រើនពេក ដើម្បីស្តារតម្លៃក្នុងស្រុកឡើងវិញ។

 
ការចិញ្ចឹមជ្រូកយកសាច់ ក្នុងចំនួនដ៏ច្រើនហួសហេតុ បានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។ បញ្ហានេះ បានជះឥទ្ធិពលអវិជ្ជមានដូចជាខាតប្រាក់ជាដើម សម្រាប់កសិករក្នុងប្រទេសអាស៊ីមួយនេះ។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមករា ប្រធានផ្នែកទីផ្សារ និងបច្ចេកវិទ្យាព័ត៌មាន នៅក្រសួងកសិកម្ម លោក Lei Liugong បានបង្ហាញទិន្នន័យថា កសិករចិន បានខាតបង់ជាមធ្យមជាង១០ដុល្លារ ក្នុងជ្រូកមួយក្បាល។ 
 
ដើម្បីធ្វើឱ្យតម្លៃសាច់ជ្រូកក្នុងស្រុកងើបឡើងវិញ កសិករជាច្រើន បានសម្រេចសម្លាប់ជ្រូកមួយចំនួនចោល។ យ៉ាងណាមិញ ចំណាត់ការបែបនេះ មិនបានធ្វើឱ្យតម្លៃសាច់ជ្រូកក្នុងទីផ្សារចិនល្អប្រសើរឡើងខ្លាំងឡើយ។ តាមទិន្នន័យរបស់ក្រសួងកសិកម្មចិន ការសម្លាប់ជ្រូកក្នុងទំហំដ៏ច្រើន បានធ្វើបរិមាណសាច់ជ្រូកកើនដល់ ៥៤,៩៤ មេទ្រីកតោន។ នេះជាទំហំដ៏ខ្ពស់បំផុតរបស់ចិន ក្នុងរយៈពេល ៩ឆ្នាំចុងក្រោយ។ 
 
ជាការពិត កន្លងមក ចិន ក៏បានកាត់បន្ថយចំនួនជ្រូកផងដែរ ដើម្បីការពារតម្លៃសាច់ក្នុងស្រុក។ តាមការបញ្ជាក់របស់លោក Lei ចំនួនជ្រូកចិញ្ចឹមបានថយចុះចំនួន ២,៥លានក្បាល មកត្រឹម៤១,៤២លានក្បាលនៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាមិញ ចំនួននេះ នៅតែបន្តខ្ពស់ខ្លាំងសម្រាប់ទីផ្សារចិន។ 
 
ប៉ុន្តែមន្រ្តីចិនរូបនេះ បានបង្ហាញក្តីសង្ឃឹមថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេស អាចនឹងល្អប្រសើរឡើងវិញ នៅត្រីមាសទីពីរ ដោយសារការថយចុះនៃការបង្កាត់ពូជជ្រូក។ ទន្ទឹមនេះ អាជ្ញាធរចិន នៅតែបន្តលើកទឹកចិត្តឱ្យប្រជាជនកាត់បន្ថយការចិញ្ចឹមចំនួនជ្រូកយកសាច់ដដែល។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល លោក Chen Bangxun នាយកនៃនាយកដ្ឋានផែនការអភិវឌ្ឍ បានអះអាងថា ចិន កំពុងកាត់បន្ថយការនាំចូលសណ្តែកសៀង ដែលជាវត្ថុធាតុក្នុងការផលិតចំណីជ្រូក និងសម្បូរដោយប្រូតេអ៊ីន និងការបំប៉នជ្រូកយកសាច់។ វិធានការបែបនេះ ជាផ្នែកមួយនៃការកាត់បន្ថយចំនួនសាច់នៅលើទីផ្សារ និងការស្តារតម្លៃសាច់ជ្រូកឡើងវិញផងដែរ។ ជំនួសមកវិញ ចិននឹងជំរុញចំណីជ្រូក ដែលមានប្រូតេអ៊ីនទាប, ធ្វើពីប្រេងគ្រាប់ធញ្ញជាតិ, អាហារសល់ និងសាកសពសត្វជាដើម៕ 

Tag:
 ចិន
  ជ្រូក
© រក្សាសិទ្ធិដោយ thmeythmey.com