អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំហ្វីលីពីនប្រកាសមិនសហការជាមួយICC ដើម្បីស៊ើបអង្កេតយុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន
23, Jan 2024 , 5:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr (ឆ្វេង) និងអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព ៖ AFP
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr (ឆ្វេង) និងអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព ៖ AFP
ប្រធានាធិបតីហ្វីលីពីនលោក​ Ferdinand Marcos Jr. នៅថ្ងៃទី២៣ ខែមករា បានប្រកាសយ៉ាងច្បាស់ៗថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនសហការជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)  ដើម្បីបើកការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនឡើយ។ យុទ្ធនាការប្រឆាំងគ្រឿងញៀននេះ គឺកើតមានក្នុងអាណត្តិរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីពីន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។

 
បញ្ហាចម្រូងចម្រាសគ្នារវាងហ្វីលីពីន និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបង្កើតជាសំណុំរឿងស្អេកស្កាកដែលមិនទាន់បិទបញ្ចប់ឡើយ ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀន។ យ៉ាងណា ហ្វីលីពីននៅតែរារាំងតុលាការ ICC មិនឲ្យលូកដៃចូលកិច្ចការនេះ ក្រោមហេតុផលបំពានអធិបតេយ្យប្រទេសខ្លួន។ 
 
តុលាការអន្តរជាតិមួយនេះ បានចាប់ផ្តើមពិនិត្យលើយុទ្ធនាការប្រឆាំងគ្រឿងញៀន នៅហ្វីលីពីន ចាប់តាំងពីឆ្នាំ ២០១៦មក។ 
 
ពាក់ព័ន្ធនឹងប្រធានបទនេះ ប្រធានាធិបតីហ្វីលីពីនលោក​ Ferdinand Marcos Jr. នៅថ្ងៃទី២៣ ខែមករា បានប្រកាសជាថ្មីថា រដ្ឋាភិបាលក្រុងម៉ានីល នឹងមិនសហការនៅក្នុងការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ លើយុទ្ធនាការរបស់អតីតប្រធានាធិបតីរ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀននោះទេ។
 
ប្រធានាធិបតីរូបនេះបញ្ជាក់ថា ICC មិនមានសិទ្ធិអំណាចក្នុងការស៊ើបអង្កេតករណីនេះឡើយ ហើយរដ្ឋាភិបាលហ្វីលីពីនកំពុងតាមដានវត្តមានរបស់អ្នកស៊ើបអង្កេត ICC នៅក្នុងប្រទេស ហើយបានបញ្ជាឲ្យភ្នាក់ងារមិនត្រូវគាំទ្រដល់ប្រតិបត្តិការរបស់ ICC ដាច់ខាត។  
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Marcos បាននិយាយថា ៖« ខ្ញុំចាត់ទុកនេះជាការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលហ្វីលីពីននឹងមិនជួយការស៊ើបអង្កេតណាមួយដែល ICC ធ្វើនោះទេ»។
 
យ៉ាងណាមិញ​ មេដឹកនាំរូបនេះ បានលើកឡើងថា អ្នកស៊ើបអង្កេតរបស់ ICC អាចមកហ្វីលីពីនបាន ក្នុងនាមជាពលរដ្ឋសាមញ្ញ ប៉ុន្តែរដ្ឋាភិបាលនឹងមិនគាំទ្រការស៊ើបអង្កេតរបស់ពួកគេទេ។
 
នៅក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីហ្វីលីពីន លោក  រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសដកហ្វីលីពីនចេញពីសមាជិករបស់តុលាការ ICC បន្ទាប់ពីតុលាការអន្តរជាតិមួយនេះ ប្រកាសបើកការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៨។
 
គួររម្លឹកថា ភ្លាមៗបន្ទាប់ពីឡើងកាន់អំណាច អតីតប្រធានាធិបតី Duterte បានដឹកនាំយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ដើម្បីធានាសណ្តាប់ធ្នាប់សង្គម។ ប៉ូលិសហ្វីលីពីនបាននិយាយថា ពួកគេបានសម្លាប់ជនសង្ស័យជិត ៤ពាន់នាក់ដែលជាផ្នែកនៃយុទ្ធនាការនេះ៕

Tag:
 ហ្វីលីពីន
  គ្រឿងញៀន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com