ជាតិ
ព័ត៍មានសុខភាព
សុខភាព
កម្ពុជា រកឃើញជំងឺអុតស្វា៤ករណីហើយ
24, Jan 2024 , 10:39 am        
រូបភាព
រូបតំណាង
រូបតំណាង
ភ្នំពេញ៖  កម្ពុជា បន្តរកឃើញ​ជំងឺអុតស្វាមួយករណី​ទៀត ដែលនេះគឺជាករណី​ជំងឺអុតស្វាទី​៤ហើយនៅកម្ពុជា។ ករណីជំងឺអុតស្វាដំបូងនៅកម្ពុជា ត្រូវបានរកឃើញ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លើបុរសវ័យ ២៨ឆ្នាំ។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទីពុធនេះ  វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបញ្ជាក់ពីការរកឃើញករណីជំងឺអុតស្វាទី៤នេះ ​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ​លើបុរសម្នាក់ ដែលបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យ។
 
​ដើម្បីបង្ការ​ការចម្លងជំងឺអុតស្វា ក្រសួងសុខាភិបាល  បានរំឭកឱ្យ​ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការអនាម័យឱ្យបានខ្ពស់។ 
 
ជំងឺអុតស្វា មានរោគសញ្ញាដូចជា កន្ទួលរមាស់ជាមួយពងទឹកនៅលើមុខ បាតដៃ ជើង ដងខ្លួន ភ្នែក មាត់ ឬប្រដាប់ភេទ គ្រុនក្តៅ ហើមកូនកណ្តុរ ឈឺក្បាល ឈឺសាច់ដុំ និងឈឺចង្កេះ អស់កម្លាំង។
  
ជំងឺនេះ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ជាមួយអ្នកជំងឺអុតស្វា និងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារប្រើប្រាស់ដែលប្រឡាក់​ជាមួយនឹងវីរុស។ ជំងឺអុតស្វា ក៏ឆ្លងពីម្ដាយទៅកូន តាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល និងការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា៕
 
 

Tag:
 សុខភាព
  ជំងឺអុតស្វា ​
© រក្សាសិទ្ធិដោយ thmeythmey.com