ជាតិ
វីដេអូ
ហេតុអ្វី​ការ​ជជែក​ដេញ​ដោល មាន​សារៈសំខាន់​សម្រាប់​សិស្ស និស្សិត?​
24, Jan 2024 , 2:40 pm        
រូបភាព
ភ្នំពេញ៖ ការ​ជជែក​ដេញ​ដោល បាន​ធ្វើ​ឱ្យ​យុវជន​មាន​ជំនាញ​ក្នុង​ការ​និយាយ​ ស្រាវជ្រាវ ពិភាក្សា ពិសេស​ចេះ​លើក​អំណះអំណាង​ មក​ការពារ​ប្រធាន​បទ ឬ​ទស្សនៈរបស់ខ្លួន។ កញ្ញា សុង ច័ន្ទ​សក្កណា ​អតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ លើក​ឡើងថា ការ​​ជជែក​ដេញ​ដោល​ពិតជា​មាន​សារៈសំខាន់ ព្រោះ​អាច​ឱ្យ​យុវជន​ចេះ​ស្វែង​យល់​ពី​បញ្ហា​ផ្សេងៗនៅ​ក្នុង​សង្គម រួច​លើក​មក​ជជែក។



ការ​ជជែក​ដេញដោល ជា​កម្ម​វិធី​មួយ​ដែល​បង្ហាញ​ពី​ភាព​ក្លាហាន ​ក្នុង​ការបកស្រាយ​ប្រធានបទ និង​​និយាយតស៊ូ​មតិ​​របស់​សិស្ស​ និស្សិតគ្រប់​រូប។ ក្រៅ​ពី​ជួយ​​បណ្ដុះ​ជំនាញនិយាយ និង​ភាព​ក្លាហាន​របស់​យុវជន ការ​ជជែក​ដេញដោល​ ក៏​អាច​ធ្វើ​ឱ្យ​យុវជន​ចូលរួម​អភិវឌ្ឍន៍សង្គម​ តាមរយៈ​ប្រធាន​បទ​ពី​បញ្ហា​សង្គម​ផ្សេងៗផងដែរ។ 
 
បច្ចុប្បន្ននេះ ការ​ជជែក​ដេញ​ដោល ហាក់​មាន​ការ​រីកចម្រើន​នៅ​ក្នុង​វិស័យ​អប់រំ មិនថា​ថ្នាក់​បឋមសិក្សា វិទ្យាល័យ​ ឬ​សាកលវិទ្យាល័យ​នោះទេ។ ហេតុអ្វី​បាន​ជា​ការ​ជជែក​ដេញ​ដោល មាន​សារៈសំខាន់​សម្រាប់​សិស្ស​និស្សិត? 
 
យុវតី សុង ច័ន្ទ​សក្កណា អតីតជើងឯករងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ បក​ស្រាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងដូច្នេះ៖«ការ​ជជែក​ដេញ​ដោលមាន​សារៈសំខាន់ ព្រោះ​អាច​ជួយ​ដុស​ខាត់​វប្បធម៌​សន្ទនា​ដល់​យុវជន​ ជាពិសេស​ស្វែង​យល់ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម។ វា​បាន​ជួយ​ពង្រីក​នូវ​គំនិត​ដល់ឱ្យ​យុវជន​កាន់តែ​ទូលំទូលាយ»។​
 
សូម​អញ្ជើញ​ទស្សនា​វីដេអូខាងក្រោ​ម​ដូចតទៅ៖​
 
 
តាមរយៈ​ការ​ប្រឡូក​នៅក្នុង​វិថី​ជជែក​ដេញ​ដោល យុវតី សក្កណា ទទួល​ស្គាល់​ថា​​ការជជែក​ដេញ​ដោល បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ការ​និយាយ​របស់​នាង។ លើសពីនេះ បាន​ធ្វើ​ឱ្យ​យុវតី​​រាង​ស្ដើងរូបនេះ មាន​សិល្បៈ​ក្នុង​ការ​និយាយ និង​រៀបពាក្យ​ពេចន៍​បាន​យ៉ាង​ប្រសើរផងដែរ៕ 
 

Tag:
 ជជែក​ដេញ​ដោល
  អប់រំ
  សិស្ស​
  និស្សិត
  ស្រ្តី
  សុង ច័ន្ទ​សក្កណា​
© រក្សាសិទ្ធិដោយ thmeythmey.com