ជាតិ
សង្គមជាតិ
សុវត្តិភាព ចរាចរណ៍
រដ្ឋមន្ត្រីមហាផ្ទៃ បង្កើតប្រព័ន្ធបញ្ជីខ្មៅ កត់ត្រាប្រវត្តិអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងស្ថានភាពស្រវឹង
24, Jan 2024 , 4:18 pm        
រូបភាព
ភ្នំពេញ៖ ក្រុមការងារក្រសួងមហាផ្ទៃ កំពុងរៀបចំប្រព័ន្ធផ្ទុកទិន្នន័យដាក់ឈ្មោះ ឬប្រវត្តិ (Black List) អ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃរងរបួស និងស្លាប់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា  ដែលបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៣ មករា។

 

បើតាមអត្ថន័យលើហ្វេសប៊ុករបស់រដ្ឋមន្ត្រីមហាផ្ទៃ ការបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List នេះឡើង គឺជាផ្នែកមួយ នៃការជំរុញឱ្យពលរដ្ឋ ពង្រឹងការប្រុងប្រយ័ត្នចំពោះការបើកបររបស់ខ្លួន ជាពិសេសការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
 
«ខ្ញុំសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅបំពានដោយចេតនាយ៉ាងច្បាស់ក្រឡែត ជាហេតុបណ្ដាលឱ្យសោកនាដកម្មលើដងផ្លូវមួយនេះ បន្តកើតមានឥតលោះថ្ងៃ។ ជាក់ស្ដែងថ្មីៗនេះក្នុងអាការៈស្រវឹងជោគ ជនបង្កបានបុករះបណ្ដាលឱ្យមានជនរងគ្រោះស្លាប់ដល់ទៅ ៤នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់ទៀត។ រឿងហេតុនេះបានកើតឡើង ទាំងក្នុងពេលដែលសាធារណមតិ កំពុងជជែកគ្នាយ៉ាងក្ដៅគគុកអំពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗ ដែលបណ្ដាលមកពីអ្នកបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង»។ នេះបើតាមសំណេររបស់លោក ស សុខា។



ប្រព័ន្ធទិន្នន័យ សម្រាប់កត់ត្រាប្រវត្ដិអ្នកល្មើសច្បាប់ចរាចរណ៍នេះ វាស្រដៀងនឹងការបង្កើតវេបសាយដែរ ។ សារៈសំខាន់នៃប្រព័ន្ធទិន្នន័យនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មានលម្អិតពីករណីគ្រោះថ្នាក់ចរាចរណ៍ ពាក់ព័ន្ធមូលហេតុនៃគ្រោះថ្នាក់, ការខូចខាតទ្រព្យសម្បត្តិ ,ជនបង្កហេតុ និងចំនួនជនរងគ្រោះជាដើម។ ភាពងាយស្រួលនេះ នឹងជួយដល់ការដាក់ចេញនូវគោលនយោបាយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ព័ត៌សាព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៤ មករា។ 
 
លោក សុឃៈ បានពន្យល់បន្ថែមថា ក្រៅពីដោះស្រាយតាមនីតិវិធីច្បាប់ហើយ ជនបង្កហេតុនៃគ្រោះថ្នាក់ចរាចរណ៍ នឹងមានឈ្មោះក្នុងបញ្ជីខ្មៅនេះ។ ហើយក្នុងករណីរូបគេ បង្កគ្រោះថ្នាក់ចរាចរណ៍ជាលើកទី២នោះ សមត្ថកិច្ច ក៏ដូចជាអ្នកអនុវត្តច្បាប់ នឹងមានតឹកតាងជាក់លាក់ក្នុងការដាក់បន្ទុក តាមរយៈប្រព័ន្ធផ្ទុកទិន្នន័យនេះ។ 
 
បើតាមអ្នកនាំពាក្យរូបនេះ ប្រព័ន្ធផ្ទុកទិន្នន័យ នឹងជួយឱ្យអ្នកបើកបរ បង្កើនការប្រុងប្រយ័ត្នជាងមុន ព្រោះពួកគេ ប្រាកដជាមិនចង់មានឈ្មោះក្នុងបញ្ជីខ្មៅឡើយ។ 
 
ដ្បិតប្រព័ន្ធផ្ទុកទិន្នន័យ ឬបញ្ជីខ្មៅនេះ មិនទាន់លេចចេញជារូបរាងក្តី តែលោក លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ក៏យល់ស្របថា ជារឿងល្អ ព្រោះវាជួយតាមដានពីករណីគ្រោះថ្នាក់ ពិសេសប្រវត្តិអ្នកបង្កហេតុ។ លោកវាយតម្លៃថា ប្រព័ន្ធនេះ ក៏ល្អសម្រាប់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជន អាចតាមដាន និងប្រមូលព័ត៌មានជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ 
 
យ៉ាងណា លោកវាយតម្លៃថា ប្រព័ន្ធទិន្នន័យនេះ ពុំអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ឬធ្វើឱ្យអ្នកផឹកគ្រឿងស្រវឹងញញើតខ្លាចឡើយ ព្រោះអ្នកបើកបរក្នុងស្ថានភាពស្រវឹងខ្លះ មិនសូវខ្វល់រឿងមុខមាត់ ឬចេះខ្មាសគេនោះទេ។ ដូច្នេះ លោកស្នើឱ្យរដ្ឋាភិបាល និងអ្នកអនុវត្តច្បាប់ គួរតែពង្រឹងវិធានការច្បាប់ថែមទៀត ទើបល្អប្រសើរ សម្រាប់ការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍។ 
 
អត្ថបទទាក់ទង
 
ឆ្នាំ២០២៣ មានជនរងគ្រោះជាង ១៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ មូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺភាគច្រើនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង៕ 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com