ជាតិ
អាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនៅស្រះបាយ័ន ដើម្បីរៀបចំឱ្យមានប្រព័ន្ធទឹកឡើងវិញ
24, Jan 2024 , 7:39 pm        
រូបភាព
កំណាយស្រាវជ្រាវនៅស្រះខាងត្បូងជ្រុងខាងកើតប្រាសាទបាយ័ន។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
កំណាយស្រាវជ្រាវនៅស្រះខាងត្បូងជ្រុងខាងកើតប្រាសាទបាយ័ន។ រូបភាព៖ អាជ្ញាធរជាតិអប្សរា
សៀមរាប៖ អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយនៅស្រះទឹកខាងត្បូងជ្រុងខាងកើតបន្ថែមទៀត ដើម្បីសិក្សាលម្អិត មុននឹងឈានដល់ការរៀបចំប្រព័ន្ធបញ្ចូលទឹកឡើងវិញ។ កាលពីឆ្នាំមុន អាជ្ញាធរជាតិអប្សរា បានធ្វើកំណាយស្រះខាងជើងប្រាសាទបាយ័ន ដែរ។

 
ក្រុមបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ឬជ្រុងខាងត្បូងនៃទិសខាងកើតប្រាសាទបាយ័ន ដើម្បីពិនិត្យមើលរចនាសម្ព័ន្ធស្រះបុរាណ មុននឹងរៀបចំជួសជុលនិងដាក់ទឹកឡើងវិញ។
 
បុរាណវិទូដឹកនាំការងារកំណាយ លោក ខៀវ ច័ន្ទ បានឱ្យដឹងថា កំណាយនេះជាគម្រោងសិក្សា រចនាសម្ព័ន្ធរបស់ស្រះ និងទ្រង់ទ្រាយជាក់លាក់របស់ស្រះ រាប់ចាប់ពីទំហំ ការប្រើប្រាស់ថ្ម និងការរៀបចំច្រាំងជណ្ដើរស្រះជាដើម។ ម្យ៉ាងទៀត កំណាយនេះក៏ចង់សិក្សាពីអាចម៍ដី ដែលហូរលុបលើស្រះផងដែរ ថាតើវាជាអាចម៍ដែលហូរច្រោះតាមទឹក ឬគេចាក់លុប? 
 
លោក ខៀវ ច័ន្ទ បញ្ជាក់ថា តាមរយៈការងារនេះ នាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ  ក៏ចង់ដឹងពីទំនាក់ទំនងស្រះទឹក និងកំពែងបុរាណផងដែរ។ បើតាមលោក ខៀវ ច័ន្ទ  ក្រោយសិក្សាចប់ ក្រុមការងារអាជ្ញាធរជាតិអប្សរា នឹងរៀបចំស្ដារស្រះឡើងវិញ ដើម្បីស្តុកទឹកជួយទ្រគ្រឹះប្រាសាទ និងលើកសោភ័ណភាពជុំវិញឡើងវិញ៕
 
 

Tag:
 ប្រាសាទបាយ័ន
  ស្រះទឹក
© រក្សាសិទ្ធិដោយ thmeythmey.com