ជាតិ
ង៉ែត ស្រីម៉ៅ និស្សិត​ស្ថាបត្យកម្ម​ឆ្នាំទី៣ ចាកចេញពីម្តាយ និង​បងស្រី ដោយគ្មាន​ថ្ងៃត្រឡប់..
24, Jan 2024 , 4:58 pm        
រូបភាព
សុបិន​បាន​រលាយ​បាត់ទៅ​ហើយ​សម្រាប់​ក្រុម​គ្រួសារ​ដ៏កម្សត់មួយនៅ ស្រុកតាលោសែនជ័យ  ខេត្តពោធិ៍សាត់។ ជានិស្សិ​តឆ្នាំទី​៣មួយរូបដែល​បន្តសិក្សា​នៅ​រាជធានីភ្នំពេញ ង៉ែត ស្រីម៉ៅ គឺ​ជា​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​៤នាក់ ដែល​បានទទួល​មរណភាពភ្លាមៗក្នុងគ្រោះចរាចរណ៍នៅ​ចំណុច​ស្តុ​បស្ពាន​ឫស្សីកែវ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមករា។ ម្តាយ​ជាស្ត្រីមេម៉ាយ និង​បងស្រីជាកម្មការិនីរោងចក្រ ពួក​គាត់​ចាត់ទុក ស្រីម៉ៅ ជាគ្រាប់ពេជ្រក្នុងគ្រួសារ ដែល​មានឱកាស​សិក្សាដល់ថ្នាក់​ឧត្តម​សិក្សា ក្នុង​ជីវភាព​ខ្វះខាត ប៉ុន្តែ​ការជិះ​រថយន្ត​បុករះ ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង របស់​បុរស​ម្នាក់ បាន​បំផ្លាញអ្វីៗទាំងស្រុង។

 
«ស្តាយប្អូនព្រោះប្អូនរៀនពូកែ នឹកឃើញថាមានគ្នាតែ៣នាក់ ឥឡូវត្រូវចាកចោលបង និងម្តាយ។ ខ្ញុំមិនរំពឹងអ្វីពីប្អូន ក្រៅពីចង់ឃើញគាត់មានអនាគតល្អ អាចឱ្យគ្រួសារ មានពន្លឺត្រចះត្រចង់នោះទេ»។ ជាសំឡេងអួល​ដើម​កជាមួយ​នឹងការ​សោកស្តាយ​ដែលមិនអាចគណនា​បាន​របស់​អ្នក​ស្រី ង៉ែត ស្រីរ័ត្ន ចំពោះ​ការ​បង់​បាត់​ប្អូនស្រីជា​ទីស្រឡាញ់តែមួយគត់​របស់ខ្លួន។
 
គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ល្ងាច​ថ្ងៃទី​២០ ខែមករា ​បង្ក​ឡើង​ដោយ​ការ​ជិះ​​បុក​រះ​របស់​ម្ចាស់​រថយន្ត Ford Ranger ម្នាក់​ ដែល​ស្ថិតក្នុង​ស្ថានភាព​​ស្រវឹង និង​បើកបរ​ក្នុងល្បឿនលឿន បណ្តាល​ឱ្យ​ ស្រីម៉ៅ វ័យ​២៤​ឆ្នាំ និង​មនុស្ស​៣នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ រី​ឯមនុស្ស​៤នាក់ដែល​កំពុង​ឈប់​ស្តុប​ដូចគ្នា បាន​រង​របួស​ធ្ងន់ និងស្រាល ខណៈរថយន្ត​២គ្រឿង និងម៉ូតូ​៤គ្រឿង រងការ​ខូចខាត។


កញ្ញា ង៉ែត ស្រីម៉ៅ ជាអ្នកស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ 

និយាយ​មិន​ចេញ​នោះឡើយ ក្រោយ​ទទួល​ដំណឹងអំពី​មរណភាព​របស់​ប្អូន​ស្រី។ ថ្លែង​ប្រាប់​សារព័ត៌មានឌីជីថល​ថ្មីៗ​តាម​ទូរសព្ទ ក្រោយ​រៀបចំពិធី​បុណ្យ​សព​ប្អូន​ស្រី​នៅ​ស្រុក​កំណើត អ្នកស្រី ង៉ែត ស្រីរ័ត្ន បាន​បញ្ជាក់ថា ស្រីម៉ៅ គឺ​ប្រៀបដូចជា​គ្រាប់ពេជ្រមួយគ្រាប់ក្នុងគ្រួសារ​របស់​ខ្លួន។ «តែពេលនេះ គាត់បានឃ្លាតឆ្ងាយមិនត្រឡប់។ មកដល់ពេលនេះ ម្តាយខ្ញុំគាត់ធ្វើចិត្តមិនទាន់បាននោះទេ គាត់អង្គុយឱបតែរូបថតកូនស្រីពៅ។ ខ្ញុំឃើញហើយនឹងស្រណោះ»។
 
ជាអ្នកស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កញ្ញា ង៉ែត ស្រីម៉ៅ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយស្វ័យប្រវត្តិ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ មកដល់ភ្នំពេញ យុវតីរូបនេះ ឱហាតស្វែងរកសាលាដើម្បីប្រឡងយកអាហារូបករណ៍។ សំណាងល្អ យុវតីមកពីគ្រួសារជនបទមួយនេះ ទទួលបានអាហារូបករណ៍១០០ភាគរយដូចបំណង និងបានចុះឈ្មោះសិក្សាលើមុខជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
 
ក្នុងកិច្ចសម្ភាសតាម​ទូរសព្ទប្រមាណ​២០​នាទី​ជាមួយសារព័ត៌មានឌីជីថល​ថ្មីៗ អ្នកស្រី ង៉ែត ស្រីរ័ត្ន ដែលជាបងស្រីតែម្នាក់គត់នេះ បានរៀបរាប់ទាំងសេចក្តីនឹកស្រណោះដល់អនុស្សាវរីយ៍ដ៏ជូរចត់តាំងពីកុមារភាពជាមួយគ្នា។ ស្រីម៉ៅ ហាក់ខ្វះភាពកក់ក្តៅពីគ្រួសារ ព្រោះឪពុកម្តាយ បានចែកផ្លូវគ្នាតាំងពីនាង​អាយុ២ខួប។ កុមារីរូបនេះ មិនសូវបាននៅជួបជុំគ្នាគ្រួសារដូចគេឡើយ។ 
 
អ្នក​ម្តាយ និង​បងស្រី ស៊ី​ឈ្នួល​គេ​, ចំណាក​ស្រុក ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ការសិក្សា​របស់ស្រីម៉ៅ..

នាពេលប្រជាកសិករមមាញឹកធ្វើស្រែចម្ការ អ្នកស្រី ង៉ែត អ៊ីម ជាម្តាយរួមទាំងស្រីរ័ត្ន​ បានទៅស៊ីឈ្នួលដាំដំណាំ ដកស្មៅឱ្យគេជាដើម ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។ ទៅចម្ការចោលប្អូនស្រី មិនក្រោមមួយខែឡើយ ដូច្នេះអ្នកម្តាយ បានយកស្រីម៉ៅ ទៅផ្ញើនឹងសាច់ញាតិ ដើម្បីអាចសិក្សាជាប់លាប់ដូចក្មេងដទៃ។ ពេល​វិស្សមកាល ពីការសិក្សាទើប កុមារី ង៉ែត ស្រីម៉ៅ អាចទៅជួបមុខម្តាយ និងបងស្រីបាន។ កាលនោះ ស្រីម៉ៅ មានអាយុ៨ឆ្នាំទៅហើយ ទើបអ្នកម្តាយយកស្រីម៉ៅ ចុះឈ្មោះចូលរៀន និង​ទុក​ឱ្យនៅជាមួយ​សាច់ញាតិ។ 

ចាប់តាំងពីលោកឪពុកចាកចេញទៅ នៅក្នុងទ្រនំហាក់ខ្វះទីពឹងព្រោះនៅសល់តែ មនុស្សស្រីបីនាក់ប៉ុណ្ណោះនោះគឺ អ្នកស្រី ង៉ែត អ៊ីមជាម្តាយវ័យ៦០ឆ្នាំ, អ្នកស្រី ង៉ែត ស្រីរ័ត្ន ជាបងស្រី និងប្អូនស្រីពៅ ង៉ែត ស្រីម៉ៅ។
 
«មានពេលខ្លះ ម៉ែទុកគេ [ស្រីម៉ៅ] ជិតមួយ​ឆ្នាំនៅផ្ទះអ៊ំ ហើយខ្ញុំ និងម៉ែ បានចំណាកស្រុកទៅធ្វើ​ការ​នៅ​ប្រទេសថៃ។ ផលលំបាករបស់គាត់ គឺការនៅម្នាក់ឯង ឯកាម្នាក់ឯង ដល់ពេលវគ្គគាត់ឡើងទៅរៀននៅភ្នំពេញ រឹតតែឯកោទៅទៀត។ ស្រីម៉ៅ ជាក្មេងស្រីរៀនពូកែ មិនដែរធ្វើឱ្យគ្រួសារខកបំណងឡើយ»។

បងស្រីឈប់រៀន ប៉ុន្តែបន្តជំរុញ​ប្អូនឆ្ពោះទៅមុខ..

ចាប់តាំងពីឪពុកចាកចេញទៅ ទ្រនំគ្រួសារ​ខ្វះទីពឹង​ព្រោះនៅសល់តែ មនុស្សស្រីបីនាក់ប៉ុណ្ណោះនោះគឺ អ្នកស្រី ង៉ែត អ៊ីមជាម្តាយ បច្ចុប្បន្ន​វ័យ៦០ឆ្នាំ, អ្នកស្រី ង៉ែត ស្រីរ័ត្ន ជាបងស្រី និងស្រីម៉ៅ។ នាពេលនោះ អ្នកម្តាយបានរ៉ាប់រងគ្រប់បែបយ៉ាង  ធ្វើយ៉ាងណាឱ្យតែកូនឆ្អែតក្រពះ។ ដោយមើលឃើញពីភាពលំបាកម្តាយ ង៉ែត ស្រីរ័ត្ន បានសម្រេចចិត្តឈប់រៀន ត្រឹមថ្នាក់ទី៧ ដើម្បីជួយធ្វើការប្តូរប្រាក់ជាមួយម្តាយ។ ព្រោះតែស្រឡាញ់ប្អូន ស្រីរ័ត្ន តែងជំរុញឱ្យស្រីម៉ៅ ទៅសិក្សាជាចាំ មិនឱ្យឈប់រៀនដូចខ្លួន​ឡើយ។ 

«នៅក្នុងគ្រួសារ ស្រីម៉ៅ ប្រៀបដូចគ្រាប់ពេជ្រមួយគ្រាប់អញ្ចឹង។» 
 
«និយាយរួមម៉ែ និងខ្ញុំរ៉ាប់រងច្រើន អាចនិយាយបានថា ប្រឹងទាំងបាតដៃទទេ មិនមានទីពឹង។ ម្តាយ​ដើរត្រាច់ចរ ស៊ីឈ្នួលគេ បាន១ម៉ឺន ២ម៉ឺន។ បី​នាក់ម៉ែកូនដើររួមដំណើរជាមួយគ្នាកម្សត់ណាស់។ កូនបងកាន់ដៃ ឯប្អូនចងកន្សែងស្ពាយ»។ អ្នកស្រី ង៉ែត ស្រីរ័ត្ន បាន​រំលឹកអំពី​អតីតកាល​ដ៏កម្សត់។
 
 ក្រោយមក បងស្រីវ័យ២៩ឆ្នាំរូបនេះ បានចូលធ្វើការជាកម្មការិនីរោងចក្រ ដើម្បីប្រឹងរកចំណូលបន្ថែម។ បើទោះជា ស្រីរ័ត្ន មានគ្រួសារទៅហើយ ប៉ុន្តែនៅពេល ង៉ែត ស្រីម៉ៅ ចេញ​មកសិក្សានៅភ្នំពេញ បងស្រីនេះបន្ត​ធ្វើ​អ្នក​ជារ៉ាប់រងជំនួសម្តាយ ទាំងថ្លៃចាយវាយ ថ្លៃសាលាជាដើម។ «ថ្វីត្បិតតែ ខ្ញុំរកប្រាក់ចំណូលអត់បានច្រើនមែនពិត ប៉ុន្តែពួកខ្ញុំនៅតែលើកទឹកចិត្តឱ្យគាត់រៀនសូត្រ។ ខ្ញុំតែងប្រាប់គាត់ថា កុំបោះបង់ កុំគិតថាគ្រួសារពិបាកដោយសារគេ ធ្វើយ៉ាងណា ត្រូវ​រៀនឱ្យចប់»។
 
ស្រីម៉ៅ តស៊ូររៀនសូត្រ ដើម្បី​លើកមុខមាត់គ្រួសារ

ជីវិតជានិស្សិតសម្រាប់អ្នកដែលមានជីវភាពធូរធា គឺមិនសូវគិតច្រើនឡើយ ចំណែក ស្រីម៉ៅវិញ បើទោះបី​ទទួលបានអាហារូបករណ៍ក៏ដោយ ប៉ុន្តែរូបគេត្រូវចំណាយលើការចាយវាយប្រចាំថ្ងៃ។ ស្រីម៉ៅ បានស្នាក់នៅបន្ទប់ជួលមួយកន្លែង ជាមួយមិត្តភក្តិ ដោយមួយ​ខែមានតម្លៃ៥០ដុល្លាអាម៉េរិក​។
 
អ្នកស្រី ស្រីរ័ត្ន បាន​រំលឹក​ថា ពេល​ឡើង​មក​រៀននៅភ្នំពេញ នា​អំឡុង​កូវីដ-១៩ ការសិក្សា​ឆ្នាំ​ដំបូង​របស់​ស្រីម៉ៅ មាន​ការរអាក់រអួល​ច្រើន ដោយ​សារ​មិន​មាន​ថវិកា​ទិញទូរសព្ទ​ដើម្បី​រៀន​តាមអនឡាញ។ ដើម្បីជួយសម្រួលបន្ទុក​អ្នកផ្ទះ ស្រីម៉ៅ ក៏បានដាក់ពាក្យចូលធ្វើការជាអ្នករត់តុមួយរយៈផងដែរ។ 

តែពេលនេះ គាត់បានឃ្លាតឆ្ងាយមិនត្រឡប់។ មកដល់ពេលនេះ ម្តាយខ្ញុំគាត់ធ្វើចិត្តមិនទាន់បាននោះទេ គាត់អង្គុយឱបតែរូបថតកូនស្រីពៅ។ ខ្ញុំឃើញហើយនឹងស្រណោះ។
 
កូវីដ-១៩ ធ្វើ​ឱ្យ​ការសិក្សា​ស្រីម៉ៅ​ធ្លាក់ចុះ ដោយ​រៀនមិនបាន​ជាប់លាប់ រីឯសម្ភារសម្រាប់​ការ​សិក្សាតាមប្រព័ន្ធអនឡាញក៏មិនគ្រប់គ្រាន់នោះដែរ ក្រោយ​មកអាហារូបករណ៍​ត្រូវ​បាន​ដក​ហូត។ ទោះយ៉ាងណា ស្រីម៉ៅ នៅតែបន្ត​ឆ្ពោះទៅមុខ​ ប៉ុន្តែខាងគ្រួសារត្រូវចំណាយប្រាក់សម្រាប់បង់ថ្លៃសាលាមួយផ្នែកទៀត។ 
 
​«យើងមិនមានសមត្ថភាពបង់មួយឆ្នាំពេញទេ ដូច្នេះយើងសម្រេច​បង់តាមវគ្គសិក្សា​។ បើនិយាយពីការចំណាយប្រចាំខែដែល​ផ្តល់ឱ្យគាត់គឺ​បានត្រឹម៥០ម៉ឺនរៀល សម្រាប់ហូបចុក និងថ្លៃបន្ទប់ជួល ទឹកភ្លើងជាដើម។ ស្រីម៉ៅក្បិតក្បៀត​ណាស់ មិនងាយចាយវាយផ្តេសផ្តាសទេ»។


 
ហ៊ឺ! កាន់តែ​រំលឹក អារម្មណ៍កាន់តែក្តុកក្តួល ទឹក​ភ្នែក​កាន់តែហូរ! ពេលនេះ ​អ្នកស្រី ង៉ែត ស្រីរ័ត្ន គ្មាន​អ្វី​ក្រៅពីលើកទឹក​ចិត្តអ្នកម្តាយ​នោះឡើយ ដោយ​តាមរយៈសុខភាព និងមើលថែទាំ​គាត់។ ទោះបីជាយ៉ាងណាក៏ដោយ ពិតជាពិបាក​ទប់​ចិត្ត​ណាស់ នៅពេល​នឹក​ដល់​ ស្រីម៉ៅ ដែលជាគ្រាប់ពេជ្រក្នុងគ្រួសារ។
 
មរណភាព​របស់​ ង៉ែត ស្រីម៉ៅ បន្សល់នូវការ​សោកស្តាយ​ មិន​ត្រឹមតែពីសំណាក់​បង​ប្អូន​សាច់ញាតិនោះឡើយ។ ថ្នាក់​ដឹកនាំ មន្ត្រីរាជការ-សាស្ត្រាចារ្យ និស្សិតទាំងអស់នៃមហាវិទ្យាល័យ​ស្ថាបត្យ​កម្ម និង​នគរោបនីយកម្មវិទ្យា នៃសាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សុទ្ធតែ​បាន​សម្តែងនូវ​ការ​សោកស្តាយចំពោះ​ការ​បាត់​បង់​និស្សិតឆ្នាំទី​៣​រូបនេះ។
 
អ្នក​បើកបរត្រូវបានឃុំខ្លួន និង​រងបទចោទពី​តុលាការ

កាលពី​ថ្ងៃទី​២៣ ខែមករា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាន​បញ្ជាក់​អំពី​ចំណាត់​ការ​សំណុំរឿងព្រហ្មទណ្ឌទាក់ទិន​នឹងករណីគ្រោះថ្នាក់ចរាចរណ៍​ដែល​បង្កដោយជនត្រូវចោទ ឈ្មោះ នាង សំអូន អាយុ​៥៦ឆ្នាំ។ អ្នក​បើក​រថយន្ត​បុក​រះ រូបនោះ ត្រូវបានចោទប្រកាន់ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទបញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងសា្លប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់) ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ លើស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា៕

Tag:
 ThmeyThmey
  ពោធិ៍សាត់
  ង៉ែត ស្រីម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com