ជាតិ
សង្គមជាតិ
សោកស្តាយ៖ កន្ធាយក្បាលកង្កែបទម្ងន់២៦គីឡូក្រាម១ក្បាល បានងាប់ដោយជាប់សន្ទូច
25, Jan 2024 , 10:09 am        
រូបភាព
កន្ធាយក្បាលកង្កែបវ័យជំទង់មួយក្បាល ដែលមានទម្ងន់ដល់២៦គីឡូក្រាម ត្រូវបានប្រទះឃើញងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ នេះជាប្រភេទសត្វស្ថិតនៅក្នុងបញ្ជីប្រហម​ ដែលរងគ្រោះថ្នាក់ និងជិតផុតពូជនៅទូទាំងសកលលោក។

 
​តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WCS កន្ធាយក្បាលកង្កែបមានពងពេញក្នុងពោះនេះ បានងាប់ដោយសារជាប់ផ្លែសន្ទូចរនង នៅជើងរបស់វា។ WCS បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី២៤មករា ថា ជាទូទៅផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបនេះណាស់ ព្រោះខ្លួនវាមានលក្ខណៈទន់។​ 
 
WCS បានទទូចស្នើប្រជានេសាទ និងពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យចូលរួមថែរក្សាសត្វប្រភេទនេះ ឱ្យបានគង់វង្ស និងចៀសវាងការចាប់ និងជួញដូរខុសច្បាប់។ បើពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ នេះបើតាម WCS។
 
សត្វកន្ធាយក្បាលកង្កែ​ប ត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រភេទសត្វកំពុងរងគ្រោះ ដោយអនុក្រឹត្យរាជរដ្ឋាភិបាល លេខ១២៣អនក្រ. បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (International Union for Conservation of Nature and Natural Resources /IUCN) ជាប្រភេទសត្វជិតផុតពូជនៅទូទាំងសកលលោក។ ប្រភេទសត្វនេះ ត្រូវបានរកឃើញសាជាថ្មីម្ដងទៀត ចន្លោះពីស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com