ជាតិ
សុខភាព
កុំជឿការបោកប្រាស់! វ៉ាក់សាំងបង្ការគ្រុនឈាម Qdenga មិនទាន់មានការទទួលស្គាល់ឡើយ
25, Jan 2024 , 10:04 am        
រូបភាព
លោក ឈាង រ៉ា រដ្ឋមន្ត្រី​សុខាភិបាល
លោក ឈាង រ៉ា រដ្ឋមន្ត្រី​សុខាភិបាល
ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមករា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ឡើយ។ ក្រសួងណែនាំឱ្យប្រយ័ត្នចំពោះការផ្សព្វផ្សាយបោកប្រាស់របស់បណ្តាញសង្គម និងបុគ្គលមួយចំនួន។



«បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល។

បើតាមសេចក្តីប្រកាសព័ត៌មាន WHO ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាម ម្តងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ។

ក្រសួងបន្ថែមថា៖ «បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga មិនទាន់ត្រូវបានចុះបញ្ជីកានៅក្នុង ប្រទេសកម្ពុជានៅឡើយ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជន ស្វែងយល់ និងបន្តការ យកចិត្តទុកដាក់ក្នុងការថែទាំសុខភាពដោយមធ្យោបាយសមស្របដែលមានការអនុញ្ញាតដោយក្រសួងសុខាភិបាល»។

ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួងសុខាភិបាល អំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគ សញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់៕


© រក្សាសិទ្ធិដោយ thmeythmey.com