ជាតិ
CAPFISH-Capture បន្ត​គាំទ្រ​ការ​​ស្រាវជ្រាវ និង​​អប់រំ​ផ្នែក​វិទ្យាសាស្រ្ត​ជល​ផល​ដល់​និស្សិត​
26, Jan 2024 , 8:39 am        
រូបភាព
ភ្នំពេញ៖ កម្មវិធី CAPFISH-Capture ដែល​គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល បាន​ប្រារព្ធ​ខួប២ឆ្នាំនៃភាពជាដៃគូរវាង​សហភាព​អឺរ៉ុប, រដ្ឋបាល​ជល​ផល និង​អង្គការ FAO។ សហភាព​អឺរ៉ុប រដ្ឋបាល​ជល​ផល និង​អង្គការ FAO ប្ដេជ្ញា​បន្ត​គាំទ្រ​ការសិក្សាស្រាវជ្រាវ និងការអប់រំផ្នែកវិទ្យាសាស្ត្រជលផល ដែល​ជួយ​ដល់​ជំរុញ​កំណើន​វិស័យ​ជលផលនៅកម្ពុជា។



​២ឆ្នាំ​ហើយ ដែល​សហភាពអឺរ៉ុប, រដ្ឋបាលជលផល និងអង្គការ FAO បានគាំទ្រដល់សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានកសិកម្មជាតិកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ ក្នុងការអនុវត្តកម្មវិធី​ចំនួនបី សម្រាប់​និស្សិត។ កម្មវិធី​ទាំង​នោះ​រួម​មាន កម្មវិធីនិស្សិតហាត់ការជាមួយខណ្ឌរដ្ឋបាលជលផល ការគាំទ្រដល់ការកែលម្អ ​និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាសម្រាប់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល និងកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិត។
 
លោក ស៊្រុន លីម​ស៊ុង អនុ​ប្រធាន​រដ្ឋ​បាល​ជល​ផល បាន​មាន​ប្រសាសន៍ថា ​កម្មវិធីនិស្សិតហាត់ការនេះ ជួយឱ្យនិស្សិតបានសិក្សារៀនសូត្រប្រកបដោយលក្ខខណ្ឌវិជ្ជាជីវៈ ។ មិនតែប៉ុណ្ណោះ តាមបណ្តាខណ្ឌរដ្ឋបាលជលផល ក៏ទទួលបានអត្ថប្រយោជន៍ជាកម្លាំងការងារបន្ថែម និងចំណេះដឹងថ្មីៗ ពីនិស្សិតផងដែរ។ 

លោក ស៊្រុន លីមស៊ុង អនុប្រធានរដ្ឋបាលជលផល
 
តាមរយៈកម្មវិធីនេះ និសិ្សត និងខណ្ឌរដ្ឋបាលជលផល បានចូលរួមចំណែកដល់ការគ្រប់គ្រងជលផល ឱ្យកាន់តែប្រសើរឡើង។ ចក្ខុវិស័យរបស់រដ្ឋបាលជលផល គឺអភិវឌ្ឍការគ្រប់គ្រងជលផល តាមបែបវិទ្យាសាស្ត្រក្នុងរយៈពេលវែង ទន្ទឹមនឹងការកសាងសមត្ថភាពរបស់មន្ត្រីដែរ។ នេះបើតាមលោក លីម ស៊ុង។
 
លោក ឃួន អេវីរ៉ាត អនុប្រធាន​ផ្នែក​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រតិភូនៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើងថា គម្រោង​ដ៏​ធំ​មួយនេះ បាន​​ជំរុញកំណើនវិស័យជលផល និងអភិវឌ្ឍ​ន៍​វិស័យនេះ ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​។ លោក ឃួន អេវីរ៉ាត បន្តថា កម្មវិធី​នេះ បានអនុវត្ត​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល ដើម្បីទប់​ស្កាត់​ការ​បំផ្លាញ​ផ្សេងៗ និងជួយឱ្យវិស័យនេះ កាន់តែរីកចម្រើន។ 

លោក ឃួន អេវីរ៉ាត អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា 
 
កម្មវិធីនេះ ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​និស្សិត​ផ្នែក​ជលផល ឱ្យ​មាន​ឱកាស​សិក្សា​រៀនសូត្រ​បន្ថែម​ និង​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ទៀតផង។ សម្រាប់កម្មវិធីនិស្សិតហាត់ការនេះ ពួកគេទទួលបានថវិកាចំនួន ៣ 000 ដុល្លារ ក្នុង១នាក់ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវ រយៈពេល៦ខែដំបូង ព្រមទាំងថវិកាឧបត្ថម្ភប្រចាំខែចំនួន ៥00 ដុល្លារ ក្នុងរយៈពេល៦ខែបន្ទាប់ សម្រាប់ចំណាយលើការស្នាក់នៅ និងម្ហូបអាហារជាដើម។ នេះបើតាម​អនុប្រធាន​ផ្នែក​កិច្ច​សហ​ប្រតិបត្តិការរបស់​EU។
 
កញ្ញា Rebekah Bell តំណាង​អង្គ​ការ FAO ប្រចាំ​កម្ពុជា បាន​ឱ្យដឹងថា​ ​កម្មវិធី​ហាត់ការដល់​និស្សិតនេះ នឹង​ជួយ​បង្កើន​នូវ​ជំនាញ​របស់​ពួ​កគេ ​ក្នុង​វិស័យ​ជលផល​ និង​បង្កើន​ការ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផងដែរ។ តំណាង​អង្គ​ការ FAO ប្រចាំ​កម្ពុជារូបនេះ ប្ដេជ្ញាបន្ត​កិច្ច​ប្រតិបត្តិ​ការជា​មួយ​សាកលវិទ្យាល័យ​មួយចំនួន ក្នុងការ​លើក​កម្ពស់​វិស័យ​ជលផល​ ជាពិសេស​ការសិក្សា​របស់​និស្សិតជលផល។ 

កញ្ញា Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា
 
ការសិក្សាស្រាវជ្រាវ និងការអប់រំក្នុងវិស័យជលផល គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពជាច្រើនទៀត របស់អង្គការ FAO ។ កម្មវិធី CAPFISH-Capture នេះ មានគោលបំណង ជួយរដ្ឋាភិបាលកម្ពុ​ជា ឱ្យសម្រេចបាននូវការអភិវឌ្ឍជលផលប្រកប​​ដោយនិរន្តរភាព ដែលគិតគូរពីភាពធន់នឹងអាកាសធាតុនៅតំបន់ទឹកសាបនិងតំបន់ឆ្នេរ។
 
សូម​បញ្ជាក់ថា កម្មវិធី CAPFISH-Capture ជា​កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) និងជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។ កម្មវិធីនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ ក្នុងដែននេសាទសមុទ្រ និងទឹកសាប៕









Tag:
 កសិកម្ម
  CAPFISH-Capture
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com