ជាតិ
រដ្ឋបាលជលផល ហាមមិនឱ្យលែងត្រី មានប្រភពពីក្រៅប្រទេស ចូលដែនទឹកធម្មជាតិទេ
25, Jan 2024 , 5:45 pm        
រូបភាព
រូបតំណាង៖ ត្រីជិតផុតពូជបីប្រភេទចំនួន ២ ០០០ក្បាល ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជលផលជាតិអន្តរជាតិ រួមទាំងរដ្ឋបាលជលផលកម្ពុជា លែងចូលក្នុងបឹងទន្លេសាប នាពេលកន្លងមក។
រូបតំណាង៖ ត្រីជិតផុតពូជបីប្រភេទចំនួន ២ ០០០ក្បាល ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជលផលជាតិអន្តរជាតិ រួមទាំងរដ្ឋបាលជលផលកម្ពុជា លែងចូលក្នុងបឹងទន្លេសាប នាពេលកន្លងមក។
ពលរដ្ឋមិនត្រូវលែងត្រី ដែលមានប្រភពពីក្រៅប្រទេស ចូលដែនទឹកធម្មជាតិទេ ព្រោះវាអាចបង្កផលប៉ះពាល់ ឬហានិភ័យ ដល់មច្ឆាជាតិ និងប្រព័ន្ធអេកូឡូស៊ីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ មករា។



កន្លងទៅថ្មីៗនេះ មានពលរដ្ឋបានទិញត្រីពីក្រៅប្រទេស ហើយលែងចូលក្នុងដែនទឹកធម្មជាតិនៅកម្ពុជា។ រដ្ឋបាលជលផល ចាត់ទុកសកម្មភាពនេះ អាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ រដ្ឋបាលជលផល បានសង្កត់ធ្ងន់ថា ប្រភេទត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួន ជាប្រភេទសត្វកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូចនេះវានឹងស៊ីត្រីក្នុងទឹកធម្មជាតិ ,ដណ្តើមទីជម្រក ,ចម្លងជំងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែលប្រភេទត្រី ឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។
 
«បញ្ហានេះរដ្ឋបាលជលផលសូមរំរំពាវនាវ ដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង ចៀសវាងលែងឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ»។ នេះបើតាមរដ្ឋបាលជលផល។
 
រដ្ឋបាលជលផល បានលើកទឹកចិត្តឱ្យពលរដ្ឋលែងប្រភេទវារីសត្វ និងត្រីមេពូជ ដែលមានប្រភពនៅក្នុងស្រុកប៉ុណ្ណោះ ដើម្បីបង្កើនវត្តមានត្រីឱ្យកាន់តែច្រើនក្នុងដែនទឹកធម្មជាតិ។ 
 
កាលពីឆ្នាំ២០២៣ ប្រជានេសាទបានស្ម័គ្រចិត្តយ៉ាងផុសផុលក្នុងការលែងប្រភេទវារីសត្វ ដែលកំពុងរងគ្រោះ ដូចជាត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ផ្សោតសមុទ្រ និងប្រភេទដទៃទៀត ដែលជាសកម្មភាពទទួលបាននូវការគាំទ្រនិងសាទរយ៉ាងខ្លាំងពីមហាជន៕
 

Tag:
 ត្រី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com