ជាតិ
សុខភាព
រដ្ឋមន្ត្រីសុខាភិបាល ជាប្រធានក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ
25, Jan 2024 , 6:37 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។

 

 
ក្រុមគ្រូដែលទទួលភារៈថែព្រះរាជសុខភាព រួមមាន លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាប្រធាន  លោកសាស្រ្តាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ជាអនុប្រធាន លោកសាស្រ្តាចារ្យ ឈួយ ម៉េង អនុប្រធាន និងជាវេជ្ជបណ្ឌិតប្រចាំការ។ 
 
លោកសាស្រ្តាចារ្យ ឡឹម តារា លោកសាស្រ្តាចារ្យ សុខ ជួរ លោកសាស្រ្តាចារ្យ ឱ វ៉ាន់ដា ជាសមាជិក។ វេជ្ជបណ្ឌិត ង៉ែត ប៉ាធី និងវេជ្ជបណ្ឌិត ស៊ុំ សត្ថា ជាសមាជិក និង ជាវេជ្ជបណ្ឌិតប្រចាំការ។ 
 
យោងតាមសេចក្ដីសម្រេចរបស់សម្ដេច ហ៊ុន ម៉ាណែត ក្រុមគ្រូពេទ្យថែទាំ ព្រះរាជសុខភាព មានភារកិច្ចទទួលខុសត្រូវក្នុងការពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំព្រះរាជសុខភាពថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ។
 
ជាមួយគ្នានេះ ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តនានាចូលរួមជួយការងារក្នុងករណីចាំបាច់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com