អន្តរជាតិ
ហ្វីលីពីន-វៀតណាម នឹងចុះកិច្ចព្រមព្រៀងល្បាតសមុទ្រចិនខាងត្បូង ក្នុងពេលមានភាពតានតឹងនឹងចិន
26, Jan 2024 , 10:05 am        
រូបភាព
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ចាប់ដៃជាមួយលោក ង្វៀន ភូ​ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោកFerdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបភាព Xinhua និងAFP
លោកស៊ី ជិនភីង ប្រធានាធិបតីចិន (ឆ្វេង) ចាប់ដៃជាមួយលោក ង្វៀន ភូ​ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងលោកFerdinand Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ រូបភាព Xinhua និងAFP
រដ្ឋាភិបាលក្រុងម៉ានីល និងក្រុងហាណូយ នឹងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការល្បាតដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ស្របពេលមានភាពចម្រូងចម្រាសជាមួយក្រុងប៉េកាំង។ នេះបើតាមការបញ្ជាក់របស់មន្រ្តីហ្វីលីពីន នៅថ្ងៃទី២៥ ខែមករា។

 
ហ្វីលីពីន​ និងវៀតណាម ជាភាគីជម្លោះ ក្នុងចំណោមភាគីផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែល ជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម ជាប្រភពស្បៀង និងសម្បូរធនធានធម្មជាតិ។ យ៉ាងណាមិញ ចិន បានទាមទារដែនទឹកនេះស្ទើរតែជិត ៩០ភាគរយ ដោយផ្អែកតឹកតាងប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ ការទាមទាររបស់ចិន បានបង្កជម្លោះជាមួយរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានហ្វីលីពីន និងវៀតណាមផង។ 
 
ក្នុងចំណាត់ការទប់ចិន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន មន្រ្តីហ្វីលីពីនមួយរូប នៅថ្ងៃទី២៥ ខែមករា បានអះអាងថា ហ្វីលីពីន និងវៀតណាម នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការកងកម្លាំងឆ្មាំសមុទ្រ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Ferdinand Marcos Jr. នៅវៀតណាម។ យ៉ាងណាមិញ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងអនុស្សរណៈនោះ មិនទាន់ត្រូវបានបញ្ចេញឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
កិច្ចសហប្រតិបត្តិការល្បាតដែនទឹក គឺមានសារសំខាន់ណាស់ក្នុងការកាត់បន្ថយ ហានិភ័យនៃការប៉ះទង្គិចរវាងទូកនេសាទដែលចូលទៅក្នុងដែនទឹកបរទេស ហើយ អាចជាជំហានមួយដែលអាចជួយបន្ធូរបន្ថយជម្លោះដែនទឹកទ្វេភាគី។
 
យ៉ាងណាមិញ រដ្ឋាភិបាលក្រុងហាណូយ តែងតែប្រុងប្រយ័ត្ន និងមិនសូវធ្វើឱ្យភាពតានតឹងក្នុងសមុទ្រចិនខាងត្បូងរីកធំឡើយ ដែលបញ្ហានេះ អាចមកពីចិន និងវៀតណាម​ មានកិច្ចសហប្រតិបត្តិការ និងការវិនិយោគជាមួយគ្នាជាច្រើន។ 
 
«​ប៉ុន្តែ​វៀតណាម​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​ហ្វីលីពីន​ឆ្ងាយ​ណាស់​អំពី​ការ​មិនបង្កឱ្យចិនខឹង​»។ លោកសាស្ត្រាចារ្យ Alexander Vuving មកពីមជ្ឈមណ្ឌលសិក្សាសន្តិសុខ Inouye Asia-Pacific ដែលមានមូលដ្ឋាននៅហាវ៉ៃ បានយល់ឃើញបែបនេះ ដោយបន្តកត់សម្គាល់ថា ក្រុងម៉ានីល និងក្រុងហាណូយ មានកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលផ្សេងទៀតដូចជា សន្តិសុខស្បៀង និងសន្តិសុខដែនសមុទ្រ។
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមនៅថ្ងៃទី២៥ ខែមករា លោក Marcos Jr. នឹងធ្វើទស្សនកិច្ចនៅវៀតណាមរយៈពេល ២ថ្ងៃ ដោយផ្តើមពីថ្ងៃទី២៩ ខែមករា។ 
 
ក្រៅពីសមុទ្រចិនខាងត្បូង ប្រទេសទាំងពីរក៏ត្រូវបានរំពឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើការផ្គត់ផ្គង់អង្ករ ផងដែរ ខណៈហ្វីលីពីនជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញរបស់វៀតណាមស្រាប់។ 
 
កន្លងមក ហ្វីលីពីន ធ្លាប់ទាក់ទងជាមួយវៀតណាម និងម៉ាឡេស៊ី ដើម្បីជជែកពីក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូងដោយឡែកមួយទៀត ដែលមិនមានវត្តមានរបស់ចិន។ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងចិន-អាស៊ាន នៅតែបន្តចរចាជាច្រើនឆ្នាំ បើទោះភាគីទាំងពីរប្តេជ្ញាពន្លឿនធ្វើវាក៏ដោយ៕ 

Tag:
 ហ្វីលីពីន
  វៀតណាម
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com