សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោក ​Elon Musk ព្រមានរថយន្តអគ្គិសនីចិន នឹងកម្ទេចគូប្រជែង បើគ្មានរបាំងពាណិជ្ជកម្ម
26, Jan 2024 , 10:58 am        
រូបភាព
នាយកប្រតិបត្តិក្រុមហ៊ុន​ Tesla លោក​ Elon Musk (ស្តាំ) និងរថយន្តអគ្គិសនីចិន BYD។ រូបភាព Facebook​ BYD និង Xinhua
នាយកប្រតិបត្តិក្រុមហ៊ុន​ Tesla លោក​ Elon Musk (ស្តាំ) និងរថយន្តអគ្គិសនីចិន BYD។ រូបភាព Facebook​ BYD និង Xinhua
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅថ្ងៃទី២៤ ខែមករា បានសរសើរក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនថា បានទទួលភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងទីផ្សារអន្តរជាតិ។ ប៉ុន្តែមេក្រុមហ៊ុនលក់រថយន្តអគ្គិសនីរូបនេះ ក៏ព្រមានផងដែរថា រថយន្តអគ្គិសនីចិន នឹងកម្ទេចគូប្រជែង បើគ្មានរបាំងពន្ធពាណិជ្ជកម្ម។

 
ការលក់រថយន្តអគ្គិសនីចិន បានកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៣។ គ្រាន់តែក្រុមហ៊ុនអគ្គិសនីចិន BYD បានលក់រថយន្តអគ្គិសនីរហូតដល់ ១,៦២លានគ្រឿង ខណៈក្រុមហ៊ុនចិនផ្សេងទៀត ក៏ទទួលជោគជ័យខ្លាំងដែរ។
 
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុនអគ្គិសនីអាម៉េរិក Tesla លោក Elon Musk បានចាត់ទុកក្រុមហ៊ុនផលិតរថយន្តចិន ជាអាជីវកម្មមានភាពប្រកួតប្រជែងបំផុត ដោយទទួលបានជោគជ័យខ្លាំងនៅអន្តរជាតិ។ បើទោះបីជាមាន ការដាក់ពន្ធនាំចូល និងរបាំងពាណិជ្ជកម្មពីប្រទេសនានា ក៏ក្រុមហ៊ុនចិននៅតែទទួលបានជោគជ័យ។
 
«និយាយដោយស្មោះត្រង់! ខ្ញុំគិតថា ប្រសិនបើមិនមានរបាំងពាណិជ្ជកម្មទេ ពួកគេនឹងកម្ទេចក្រុមហ៊ុនរថយន្តផ្សេងទៀត នៅក្នុងពិភពលោក ពួកគេពិតជាពូកែណាស់»។ លោក Elon Musk បានព្រមានបែបនេះ នៅថ្ងៃទី២៤ ខែមករា ក្នុងកម្មវិធីមួយក្រោយពេលក្រុមហ៊ុនរថយន្តអគ្គិសនី BYD លក់បានរថយន្តច្រើនជាងគេបំផុត នៅត្រីមាសទី៤ ក្នុងឆ្នាំ២០២៣។ 
 
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ ក្រុមហ៊ុន BYD លក់រថយន្តបានចំនួន ៥២៦ពាន់គ្រឿង ដែលច្រើនជាងក្រុមហ៊ុន Tesla ដែលលក់បានត្រឹមតែ ៤៨៥ពាន់គ្រឿងប៉ុណ្ណោះ។
 
ក្រុមហ៊ុន Tesla បានចាប់ផ្តើមបន្ទាបតម្លៃរថយន្តរបស់ខ្លួន កាលពីឆ្នាំមុន ក្នុងគោលបំណងទាក់ទាញអ្នកទិញ ដែលរងផលប៉ះពាល់ពីការកើនឡើងអត្រាការប្រាក់។ ក្រុមហ៊ុន Tesla គ្រោងផលិតម៉ូដែលរថយន្តដ៏ពេញនិយម ដែលមានតម្លៃថោក ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥  ដើម្បីប្រកួតប្រជែងជាមួយនឹងដៃគូដ៏មានប្រជាប្រិយភាព ដូចជាក្រុមហ៊ុន BYD។ លោក Musk បានបញ្ជាក់ថា Tesla ​នឹងផលិតម៉ូដែលរថយន្តអគ្គិសនីជំនាន់ថ្មី ក្នុងឆមាសទី២ ឆ្នាំក្រោយ។
 
យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន នៅតែអាចគ្រប់គ្រងការចំណាយបានប្រសើរជាង ដោយសារខ្សែច្រវាក់ផ្គត់ផ្គង់មានស្ថិរភាព។ លោក Ross Gregory នៅក្រុមហ៊ុនប្រឹក្សា New Electric Partners បានប្រាប់ Reuters ថា៖«ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតសម្ភារថ្មសាករថយន្តនៅចិន មានភាពចាស់ទុំ និងមានស្ថិរភាពជាច្រើនទសវត្សរ៍មកហើយ​»​។
 
ថ្មីៗនេះ ក្រុមហ៊ុនចិន SAIC Motor កំពុងបញ្ជាទិញកប៉ាល់ សម្រាប់ដឹករថយន្តបន្ថែមទៀត ដើម្បីសន្សំសំចៃថ្លៃដឹកជញ្ជូនទៅក្រៅប្រទេស។ 
 
បើតាមលោក Spencer Imel នៅក្រុមហ៊ុនប្រឹក្សា Lansgton បច្ចុប្បន្នការយល់ដឹងអំពីម៉ាកយីហោរបស់ក្រុមហ៊ុនផលិតរថយន្តចិន នៅអាម៉េរិក មានកម្រិតទាបណាស់។ ដូច្នេះហើយ ក្រុមហ៊ុនចិនទាំងនេះ នឹងត្រូវធ្វើដំណើរលើផ្លូវវែងឆ្ងាយ ប្រសិនបើពួកគេចង់ទទួលបានចំណែកទីផ្សារនៅអាម៉េរិក។
 
«ក្រុមហ៊ុនទាំងនេះ កំពុងទទួលបានអត្ថប្រយោជន៍ពីតម្រូវការខ្ពស់នៅចិន ជាមួយនឹងរបកគំហើញដូចជាបច្ចេកវិទ្យានៅក្នុងរថយន្ត និងការប្តូរប្រព័ន្ធថ្មសាក។ យើងគិតថា នេះនឹងក្លាយជាកត្តាសំខាន់ និងខុសគ្នាសម្រាប់កំណើនរបស់ពួកគេនៅបរទេសនាពេលអនាគត»។ លោក Imel បានបញ្ជាក់ប្រាប់ Reuters បែបនេះ។ 
 
កាលពីថ្ងៃទី២៤ ខែមករា លោក Musk បាននិយយាថា Tesla មិនទាន់ច្បាស់លាស់នោះទេ ក្នុងការសហការជាមួយដៃគូប្រកួតប្រជែងចិន។ យ៉ាងណាក៏ដោយ លោក Elon Musk ថា Tesla មានឆន្ទៈក្នុងការចែករំលែកប្រព័ន្ធសាកថ្មរបស់ខ្លួន និងបច្ចេកវិទ្យាមួយចំនួនទៀតជាមួយចិន ដូចជាបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាដើម។
 
ការលើកឡើងរបស់លោក Musk ធ្វើឡើងក្នុងបរិបទដែលបេក្ខជនប្រធានាធិបតីអាម៉េរិក កំពុងប្រកួតប្រជែងប្រជាប្រិយភាព ដើម្បីទទួលបានការគាំទ្រពីអ្នកបោះឆ្នោត។ ប្រធានាធិបតី ចូ បៃឌិន បាននិយាយថា លោកមិនឱ្យចិនគ្រប់គ្រងទីផ្សាររថយន្តអគ្គិសនី ស្របតាមបំណងឡើយ។
 
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានផ្តល់សញ្ញាដែរថា លោកនឹងដំឡើងពន្ធនាំចូល ប្រសិនបើលោកជាប់ឆ្នោតឡើងវិញ។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​យក​ពន្ធ ១០ ភាគរយ ​លើ​ទំនិញនាំចូលអាម៉េរិកទាំងអស់។ 
 
លើសពីនេះ អឺរ៉ុប​ក៏​មានការ​ប្រុង​ប្រយ័ត្ន​កាន់តែខ្លាំង ចំពោះ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់​ចិន។ កាលពីឆ្នាំមុន គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើល​វិធានការដាក់ពន្ធលើរថយន្តអគ្គិសនីចិន៕ 
 

Tag:
 រថយន្តអគ្គិសនី
  ចិន
  អាម៉េរិក
  Tesla
  BYD
© រក្សាសិទ្ធិដោយ thmeythmey.com