កីឡាជាតិ
ជាតិ
តេជោលីគ៖ រវាង វិសាខា និងអង្គរក្ស តើក្រុមណាអាចរក្សាភាពមិនចាញ់បាន?
26, Jan 2024 , 12:11 pm        
រូបភាព
ក្រុមមិនទាន់ស្គាល់ចាញ់ សមាគមបាល់ទះវិសាខា និងក្លិបបញ្ជាការដ្ឋានអង្គរក្ស នឹងត្រូវជួបគ្នា នៅថ្ងៃទី២៦ ខែមករា នៅសាលវិមានពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១រសៀល ដើម្បីកាត់ក្តីថាក្រុមណាអាចរក្សាភាពមិនចាញ់សោះក្នុងការប្រកួតទី៦ នៃលីគបាល់ទះតេជោលីគ។



៥ប្រកួតកន្លងមក នៅវគ្គជម្រុះជុំទី១ ទាំងសមាគមបាល់ទះវិសាខា និងក្លិបបញ្ជាការដ្ឋានអង្គរក្ស សុទ្ធតែមិនទាន់ស្គាល់ចាញ់រៀងខ្លួន ក្នុងចំណោមក្លិបចូលរួមទាំង៨។ មិនចាញ់ដូចគ្នា ប៉ុន្តែវិសាខឈរកំពូលតារាងបណ្តោះអាសន្នដោយមានពិន្ទុខ្ពស់ជាងអង្គរក្សដែលនៅលេខ២ ។ វិសាខា មាន១៥ពិន្ទុ ដោយសារឈ្នះគូប្រជែងក្នុងលទ្ធផល ៣-០ សិតទាំង៥ប្រកួត ខណៈអង្គរក្សមាន១៣ពិន្ទុ ក្រោយឈ្នះក្នុងលទ្ធផល ៣-០សិតមួយលើក ៣-១ពីរលើក និង ៣-២ ពីរលើក។
 
យ៉ាងណាក៏ដោយ ជំនួបទី៦ ជុំទី១ និងជាគូបើកឆាកសប្តាហ៍ទី៣ នៅរសៀលនេះ ទាំងវិសាខា និងអង្គរក្ស ដែលពោរពេញដោយកីឡាករបរទេសមានទេពកោស្យ នឹងមាន១ក្រុមត្រូវបញ្ចប់ភាពមិនចាញ់របស់ខ្លួនមិនខាន។ វិសាខា មានសមាជិកភាគច្រើនជាប់ជម្រើសជាតិ និងកីឡាករគុយបា ឯអង្គរក្ស មានកីឡាករជម្រើសជាតិឥណ្ឌូណេស៊ី ដល់ទៅ៤រូប។
 
ចំណែក ក្រសួងមហាផ្ទៃ ដែលចាត់ទុកជាក្រុមខ្លាំងមួយក្នុងព្រឹត្តិការណលីគបាល់ទះជាប្រវត្តិសាស្ត្រនេះ សិ្ថតនៅចំណាត់ថ្នាក់លេខ ៣ មាន ១៣ពិន្ទុដែរ បើទោះចាញ់អង្គរក្ស១លើកក៏ដោយ។ ជំនួបទី៦ គូទីពីរនេះ ក្រសួងមហាផ្ទៃ ត្រូវប៉ះកងពលធំអន្តរាគមន៍លេខ៣ ដែលជាក្រុមស្ថិតចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន។ កងពលធំលេខ៣ រកបាន៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់៣លើក។
 
ជំនួបបន្តបន្ទាប់ទៀត ក្លិបស្នងការដ្ឋាននគបាលភ្នំពេញ ត្រូវជួបក្លិបស្នងការនគបាលខេត្តកណ្តាល និងគូចុងក្រោយ ក្លិបបាល់ទះខេត្តព្រះសីហនុ ប៉ះ ក្លិបស្នងការនគបាលខេត្តពោធិ៍សាត់។ ស្នងការនគបាលខេត្តពោធិ៍សាត់ និង ស្នងការនគបាលខេត្តកណ្តាល​ ស្ថិតនៅតំបន់ត្រូវកាត់ចោល៕

Tag:
 បាល់ទះ
  តេជោលីគ
© រក្សាសិទ្ធិដោយ thmeythmey.com