អន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ សង្ឃឹមទទួលបានការគាំទ្រដ៏រឹងមាំពីអាម៉េរិក
26, Jan 2024 , 2:13 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) សមាជិកសភាអាម៉េរិក លោក Ami Bera, សមាជិកសភាអាម៉េរិក Mario Diaz-Balart, ប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោក William Lai និងអនុប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោកស្រី Hsiao Bi-khim នៅថ្ងៃទី២៥ ខែមករា។ រូបភាព AFP
(ពីឆ្វេងទៅស្តាំ) សមាជិកសភាអាម៉េរិក លោក Ami Bera, សមាជិកសភាអាម៉េរិក Mario Diaz-Balart, ប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោក William Lai និងអនុប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោកស្រី Hsiao Bi-khim នៅថ្ងៃទី២៥ ខែមករា។ រូបភាព AFP
ប្រធានាធីបតីជាប់ឆ្នោតតៃវ៉ាន់ លោក William Lai នៅថ្ងៃទី២៥ ខែមករា បានប្រាប់សមាជិកសភាអាម៉េរិកថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តការគាំទ្រដ៏រឹងមាំសម្រាប់តៃវ៉ាន់ ស្របគ្នានឹងប្រឈមមុខកាន់តែតឹងតែងជាមួយចិន។

 
លោក William Lai ប្រធានបក្សកាន់អំណាចគណបក្ស​ប្រជាធិបតេយ្យជឿនលឿន (DPP) និងជា ប្រធានាធិបតីជាប់ឆ្នោតដែលនឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ជួបជាមួយក្រមសមាជិកសភាតំណាងអាម៉េរិកទទួលបន្ទុកបញ្ហាតៃវ៉ាន់ដឹកនាំដោយសមាជិកលោក​​ Mario Diaz-Balart និងលោក Ami Bera ។ ក្នុងជំនួបនេះ ប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ និយាយថា លទ្ធិប្រជាធិបតេយ្យ និងសេរីភាពគឺជាតម្លៃរួមជាមួយអាម៉េរិក។
 
«តៃវ៉ាន់ស្ថិតនៅក្នុងជួរខ្សែកោះទីមួយ ហើយឈរនៅលើខ្សែបន្ទាត់ជួរមុខនៃការពង្រីកអំណាចផ្តាច់ការរបស់ចិន។ នេះធ្វើឱ្យតៃវ៉ាន់ក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់។ ស្ថិរភាពនៅ ទូទាំងច្រកសមុទ្រតៃវ៉ាន់មានសារសំខាន់ខ្លាំងណាស់ចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក»។ លោក​ Lai និយាយបែបនេះ ដោយបន្ថែម​ថា លោក​នឹង​បន្ត​ការពារ​ស្ថានភាព​ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ឱ្យមាន​សន្តិភាព និង​ស្ថិរភាព។
 
មេដឹកនាំតៃវ៉ាន់ក៏បានសង្ឃឹមថា អាម៉េរិកអាចបន្តគាំទ្រតៃវ៉ាន់ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីស៊ីជម្រៅជាងមុន ហើយធ្វើការជាមួយដៃគូប្រជាធិបតេយ្យផ្សេងទៀតដើម្បីធានាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។ 
 
ជាការឆ្លើយតប សមាជិកសភាអាម៉េរិក នៅតែបន្តគាំទ្ររដ្ឋាភិបាលក្រុងតៃប៉ិ។ លោក Diaz-Balart បានប្រាប់លោក Lai ថា ការគាំទ្ររបស់អាម៉េរិកចំពោះតៃវ៉ាន់គឺរឹងមាំពិតប្រាកដ ១០០ ភាគរយ។ លោកកត់សម្គាល់ថា តៃវ៉ាន់​មាន​ការ​គាំទ្រ​ពី​សភា​​អាម៉េរិកផងដែរ។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Bera ដែលមានតួនាទីនៅគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស បានអះអាងថា លោករំពឹងទីក្រុងប៉េកាំងអាចនឹងធ្វើរឿងមួយចំនួនចំពោះតៃវ៉ាន់ដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព មុនពេលលោក Lai ចូលកាន់តំណែងនៅខែឧសភា។ ត្រង់ចំណុចនេះ សមាជិកសភាអាម៉េរិក ជំរុញឱ្យចិនកុំធ្វើសកម្មភាពអ្វីផ្តេសផ្តាស។ 
 
«សាររបស់ខ្ញុំចំពោះក្រុងប៉េកាំងៈ សូមកុំធ្វើវា»។ លោក Bera បានលើកឡើងបែបនេះ ដោយបន្តជំរុញជាថ្មីឱ្យរក្សាស្ថានភាពបច្ចុប្បន្នលើកោះតៃវ៉ាន់។
 
ចិន នៅតែបង្ហាញការប្តេជ្ញាបង្រួបបង្រួមកោះតៃវ៉ាន់ ហើយថែមទាំងមិនរុញរាក្នុងការប្រើកម្លាំងយោធា ដើម្បីវាយប្រហារ ប្រសិនបើដែនកោះមួយនេះ ហ៊ានប្រកាសឯករាជ្យ៕ 

Tag:
 តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com