ជាតិ
វីដេអូ
ដើម្បីអនាគត សិស្សសាលា២រូប ងើបម៉ោង៤ព្រឹក រៀបចំការងារផ្ទះ មុនជិះទូកទៅរៀន
26, Jan 2024 , 4:19 pm        
រូបភាព
បាត់ដំ​បង៖  អ្នករស់នៅលើបឹងទន្លេសាប ត្រូវធ្វើដំណើរដោយសារទូក និងយករបរនេសាទជាមុខរបរចម្បង។ ជាអ្នកទន្លេ សិស្សានុសិស្ស ដែលធ្វើដំណើរទៅរៀន ក៏ត្រូវជិះទូកផងដែរ។ យុវតី សៀងហ៊ុយ សៀងហ៊ួយ និងយុវតី យ៉ុម សុជាតា  ជាមិត្តភក្តិនឹងគ្នា ដែលត្រូវធ្វើដំណើរមករៀនឆ្ងាយពីផ្ទះ។ សៀងហ៊ួយ និងសុជាតា តែងតែក្រោកពី ម៉ោង៤ទៀបភ្លឺ ដើម្បីជួយការងារផ្ទះ រៀបចំបាយទឹក និងចាំទូកជិះទៅសាលា ដែលស្ថិតនៅអនុវិទ្យាល័យកោះជីវាំង ជារៀងរាល់ថ្ងៃ។


យុវតី សៀងហ៊ុយ សៀងហ៊ួយ បានធំធាត់ឡើងនៅលើបឹងទន្លេសាប ស្ថិតនៅភូមិព្រែកទាល់ ឃុំកោះជីវាំង។ សៀងហ៊ួយ ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៃអនុវិទ្យាល័យកោះជីវាំង។ ការជិះទូកមកសាលា ក្លាយជារឿងធម្មតាទៅហើយសម្រាប់ យុវតីវ័យ​១៣ឆ្នាំរូបនេះ។ 
 
គ្រួសារ មិនមានទូកសម្រាប់ឱ្យ សៀងហ៊ួយ ធ្វើដំណើរមកសាលានោះទេ ដូច្នេះយុវតីរូបនេះ ត្រូវធ្វើដំណើរជាមួយបងប្អូនជីដូនមួយ។ ដើម្បីអាចរៀបចំខ្លួនមុនទូកមកដល់ យុវជនរូបនេះ ត្រូវក្រោកពីដំណេកនាម៉ោង ៤ទៀបភ្លឺ រៀបចំដាំបាយទឹក ស្រស់ស្រូបអាហារពេលព្រឹក ស្លៀកពាក់ឯកសណ្ឋានសិស្ស រង់ចាំបងប្អូនជីដូនមួយ មកយកទៅសាលា។ ចម្ងាយពីផ្ទះ ទៅសាលា សៀងហ៊ួយ ត្រូវជិះទូកប្រមាណ៣០នាទី ដូច្នេះ រាល់ការធ្វើដំណើរ រៀងពិបាកបន្តិច ពិសេសពេលរដូវវស្សា។

សៀងហ៊ួយ ជាសិស្សកំពុងសិក្សាថ្នាក់ទី៧ នៃអនុវិទ្យាល័យកោះជីវាំង
 
«ពេលព្រឹកខ្ញុំភ្ញាក់ម៉ោង៤ ដើម្បីដាំបាយ ញុំាបាយ ស្លៀកពាក់ហើយ ណាមួយត្រូវមើលមេរៀន​ដែលអ្នកគ្រូ គាត់បានដាក់ឱ្យធ្វើ។ ជិះទូកថ្ងៃខ្លះមនុស្សច្រើន ហើយរលកធំៗប៉ះមក ទទឹកកាបូប និងខោអាវ ​ប៉ុន្តែវាមិនអីនោះទេ ព្រោះម្នាក់សុទ្ធតែចេះហែលទឹក។» ​យុវតី សៀងហ៊ួយ ចេះហែលទឹកតាំងពីអាយុ ៦ឆ្នាំ។
 
មានឪពុកជាអ្នកនេសាទ និងម្តាយជាស្រ្តីមេផ្ទះ សៀងហ៊ួយ គឺជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់។ បងរបស់ សៀងហ៊ួយ ត្រូវឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារលោកឪពុកចាស់ ជីវភាពខ្វះខាត ដែលត្រូវ ត្រឡប់មកជួយរកប្រាក់សម្រាប់ផ្គត់ផ្គង់គ្រួសារ។ 
 
 
និយាយពីការសិក្សារបស់ សៀងហ៊ួយ មានភាពល្អប្រសើរជាងមុន។ ចាប់តាំងពីយុវតីរូបនេះ បានចូលរៀនក្នុងវគ្គបំប៉ន នៅសាលា។ យុវតីរូបនេះ បានរៀបរាប់ថា គ្រួសាររបស់រូបគេ មិនចង់ឱ្យ សៀងហ៊ួយ ទៅសិក្សាបន្តថ្នាក់វិទ្យាល័យឡើយ ព្រោះមិនមានអ្នកទីពឹងនៅលើគោក។ ប៉ុន្តែបំណងរបស់ យុវតី រស់នៅលើបឹងទន្លេសាប ចង់រៀនឱ្យចប់មានការងារធ្វើ ដើម្បីត្រឡប់មកជួយគ្រួសារវិញ។
 
«ប្រសិនបើខ្ញុំនៅរៀនបន្ត ខ្ញុំនឹងមានការងារធ្វើ។ បើខ្ញុំបោះបង់ការសិក្សា ខ្ញុំមិនមានការងារល្អធ្វើដូចគេឡើយ។ នាថ្ងៃអនាគត ខ្ញុំចង់ក្លាយជាគ្រូបង្រៀន»។ នេះជាអ្វីដែល យុវតី បានបញ្ជាក់ពីបំណងប្រាថ្នា ចង់ក្លាយជាបុគ្គលមួយរូប ដែលអាចជួយគ្រួសារពីជីវភាពលំបាក។ 
 


មិនខុសពី សៀងហ៊ុយ សៀងហ៊ួយ នោះឡើយ យុវតី យ៉ុម សុជាតា ក៏ត្រូវងើបពីគេងនាម៉ោង៤ផងដែរ។ 
 
រស់នៅភូមិបណ្តែតទឹកលើបឹងទន្លេសាប សុជាតា តែងធ្វើដំណើរដោយទូកជាមួយបងប្អូនជីដូនមួយ ដើម្បីមកសាលា។ សុជាតា មានទម្លាប់ក្រោកនាម៉ោង៤ ភ្លឺ ដាំបាយ និងបរិភោគបាយ ដើម្បីអង្គុយមើលមេរៀន និងចាំទូកទៅសាលា។  
 
កុមារនៅលើបឹងទន្លេសាបនេះភាគច្រើន ឪពុកម្តាយ តម្រូវឱ្យកូនៗចេះហែលទឹកតាំងពីក្មេង ដើម្បីបង្ការគ្រោះថ្នាក់នានាអំឡុងពេលធ្វើដំណើរតាមទូក។ ប៉ុន្តែសម្រាប់ ម្តាយរបស់ សុជាតា មិនគិតដូច្នេះឡើយ។ 
 
«គាត់ (ឪពុកម្ដាយ) ថា បើអត់ចេះហែលទឹក ក៏គាត់ឱ្យមករៀនដែរ ព្រោះគាត់ចង់ឱ្យចេះ អត់ចង់ឱ្យដូចគាត់។» នេះជាការបញ្ជាក់របស់ សុជាតា។ 
 

យុវតី យ៉ុម សុជាតា

សុជាតា ជាកូនកំព្រាឪពុក និងមានម្តាយធ្វើសន្តិសុខ។ យុវតីវ័យ ១៣ឆ្នាំរូបនេះ គឺជាកូនពៅក្នុងគ្រួសារ បើទោះមានតែម្តាយជាអ្នកផ្គត់ផ្គង់ តែបងៗរបស់ សុជាតា មានឱកាសសិក្សាដល់ថ្នាក់ទី១១ និងទី៨។ ក្មេងស្រី ដែលកំពុងសិក្សាថ្នាក់ទី៧រូបនេះ មានបំណងសិក្សាឱ្យបានខ្ពស់ ដូចបងៗ។
 
«ធំឡើងខ្ញុំចង់មានការងាធ្វើ មានមុខរបរល្អធ្វើ ហើយមកចិញ្ចឹមម្តាយខ្ញុំវិញ។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹកខាងតេក្វាន់ដូ។» យុវតី យ៉ុម សុជាតា ចង់ឱ្យសាលារបស់គេ មានទីតាំងសម្រាប់ហាត់តេក្វាន់ដូ ដូចសាលា នៅលើគោកដែរ៕

Tag:
 ThmeyThmey25
 បឹងទន្លេសាប
  បាត់ដំបង
 ព្រែកទាល់
© រក្សាសិទ្ធិដោយ thmeythmey.com