ជាតិ
លោក ហ៊ុន ម៉ា​នី ធានាថា​ការប្រឡង​រើស​គ្រូ​អប់រំ​កាយ នឹង​ប្រព្រឹត្ត​ទៅដោយ​ការទទួលខុសត្រូវ​ខ្ពស់​
26, Jan 2024 , 7:31 pm        
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ
ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ អះអាងថា ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។ លោក​រដ្ឋមន្ត្រី​មុខងារសាធារណៈ មានប្រសាសន៍​បែបនេះ នៅក្នុង​សន្និ​សីទ​សារព័ត៌មាន​ស្ដីពី​ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នា​ថ្ងៃទី​២៦ មករា​។​



​នៅ​ថ្ងៃទី​២៨ មករា​ខាងមុខ ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា ក្របខណ្ឌ​ឆ្នាំ​២០២៣​។ ការប្រឡង​នេះ មានការ​បែងចែក​ជា​២​វិញ្ញាសា គឺ​វិញ្ញាសាសរសេរ និង​វិញ្ញាសា​អនុវត្ត​កីឡា​។ ចំពោះ​លទ្ធផល​នៃ​ការប្រឡង ជ្រើសរើស​គ្រូបង្រៀន​អប់រំ​កាយ​ចំនួន ១០០​នាក់​ប៉ុណ្ណោះ សម្រាប់​២១​ខេត្ត​។​

​នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រសួង​មុខងារសាធារណៈ ដឹកនាំ​រៀបចំ​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ និង​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នៅ​ដើម​អាណត្តិ​ទី​៧​។ ទាក់ទង​នឹង​ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា​ខាងមុខ ឈរលើ​គោលការណ៍​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិ​យាប​ន្ន ប្រសិទ្ធភាព និង​អាច​ទទួលយកបាន​។ ការប្រឡង​នេះ ក៏មាន​ការចូលរួម​សង្កេតការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផងដែរ​។​



​ក្នុង​សន្និ​សីទ​សារព័ត៌មាន​ស្ដីពី​ការប្រឡងប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា នា​ថ្ងៃទី​២៦ មករា​នេះ លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លើកឡើងថា ការប្រឡង​នេះ នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បេក្ខជន​ជាប់​ដោយ​មោទនៈ និង​ធ្លា​ក់ដោយ​អស់ចិត្ត​។ ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​នី ក៏​សង្កត់ធ្ងន់​លើ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការប្រឡង​នេះ​ផងដែរ​។

«​ខ្ញុំ​សូមបញ្ជាក់ថា គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង និង​អនុគណៈកម្មការ​ទាំងអស់ ដែល​ចូលរួម​ពាក់ព័ន្ធ គ្រប់​មន្ត្រីរាជការ និង​អ្នក​ដែល​ចូលរួមចំណែក គឺមាន​ភាព​ទទួលខុស​ត្រូវ​ខ្ពស់ ចំពោះ​អ្វី​ដែលជា​បេសកកម្ម​របស់​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ៊ុន ម៉ា​នី ដោយ​បន្ត​រំឭក​ប្រសាសន៍​សម្ដេច ហ៊ុន ម៉ា​ណែ​ត ដែល​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​ក្រសួង​មុខងារសាធារណៈ អនុវត្ត​នូវ​យន្តការ​នេះ​។



​បើតាម​លោក ម៉ា​នី កិច្ចការ​ប្រឡង​នេះ នឹងធ្វើ​ដោយ​ម៉ត់ចត់ និង​យកចិត្តទុកដាក់​។ តាមរយៈ​ប្រឡង​នេះ នឹង​ដកយក​បទពិសោធ​នៃ​ភាពជោគជ័យ​ក្នុង​ការរៀបចំ​ការប្រឡង​ជ្រើសរើស​មន្ត្រី​កសិកម្ម​ឃុំ កាលពី​ចុងឆ្នាំ​២០២៣​កន្លងទៅ​។ រដ្ឋមន្ត្រី​មុខងារសាធារណៈ បន្ថែមថា​៖«​យើង​ចង់​ធ្វើឱ្យ​រលូន ជោគជ័យ និង​ទទួលយកបាន​ទាំងអស់គ្នា ជាពិសេស​ធានា​នូវ​តម្លាភាព​»​។​

​ក្រោយ​ប្រឡង​ជាប់​បេក្ខជន​ទាំងអស់ ត្រូវ​ចូលរួម​បណ្ដុះបណ្ដាល​រយៈពេល ២​ឆ្នាំ សម្រាប់​កម្រិត​១២+២ និង​រយៈពេល​៤​ឆ្នាំ សម្រាប់​កម្រិត​១២+៤​។ ក្នុងករណី​បេក្ខជន​បោះបង់​នៅ​អំឡុងពេល​បណ្ដុះបណ្ដាល គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង នឹង​ផ្ដល់ឱកាស​ដល់​បេក្ខជន​ជាប់​បម្រុង​។​



​បន្ទាប់ពី​បណ្ដុះបណ្ដាល​រួច គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា​ទាំង​១០០​នាក់ នឹង​ចេញទៅ​បង្រៀន​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ ដែល​បានជ្រើសរើស​។ សូមបញ្ជាក់ថា ការប្រឡង​នេះ មាន​បេក្ខជន​ចូលរួម​ជិត ២០០០​នាក់ ដោយ​បែង​ចែកជា​ពីរ​កម្រិត គឺ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​១២+២ ចំនួន ១៤៤៥​នាក់ និង​កម្រិត​មូលដ្ឋាន ១២+៤ ចំនួន ៤៤៧​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com