សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃរំពឹងទទួលភ្ញៀវទេសចរបរទេសជិត ១លាននាក់នៅអំឡុងបុណ្យចូលឆ្នាំចិន
28, Jan 2024 , 8:19 pm        
រូបភាព
ភ្ញៀវទេសចរកម្សាន្តនៅផ្លូវមួយកន្លែងក្នុងទីក្រុងបាងកក នាឲកាសបុណ្យចូលឆ្នាំចិន។ រូបភាព ៖ Thaiger
ភ្ញៀវទេសចរកម្សាន្តនៅផ្លូវមួយកន្លែងក្នុងទីក្រុងបាងកក នាឲកាសបុណ្យចូលឆ្នាំចិន។ រូបភាព ៖ Thaiger
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករថា ភ្ញៀវទេសចរបរទេសប្រមាណជិត ១លាននាក់ នឹងមកកម្សាន្តតាមតំបន់ទេសចរណ៍នានារបស់ថៃ ក្នុងអំឡុងបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៦ ខែកុម្ភៈ ហើយអាចបង្កើតប្រាក់ចំណូលបាន ២៨ពាន់លានបាត (៧៨៤លានដុល្លារ)។

 
សេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍។ នៅឆ្នាំ២០២៣ ទីក្រុងថៃចំនួនបីរួមមានបាងកក ភូកេត និងប៉ាតាយ៉ាស្ថិតក្នុងបញ្ជីទីក្រុងចំនួន២០ ដែលមានចំនួនភ្ញៀវមកកម្សាន្តច្រើនបំផុតនៅលើពិភពលោក។ ថៃគ្រោងនឹងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនពីហុងកុង តៃវ៉ាន់ ចិន ក្នុងអំឡុងបុណ្យចូលឆ្នាំចិនដែលកៀកចូលមកដល់។ 
 
ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោកស្រី Thapanee Kiatphaibool បាននិយាយថា ចំនួនភ្ញៀវបរទេស ជាពិសេសចិន តៃវ៉ាន់ និងហុងកុង ត្រូវបានរំពឹងថានឹងកើនឡើង ២៩ភាគរយបើធៀបនឹងឆ្នាំមុន។ នេះបើតាមសារព័ត៌មានក្នុងស្រុក Thai PBS នៅថ្ងៃទី២៤ ខែមករា។ 
 
ការមកកម្សាន្តនៅថៃរបស់ភ្ញៀវទេសចរចិនដីគោកក្នុងអំឡុងពេលពិធីបុណ្យឆ្នាំនេះ ត្រូវបានព្យាករថានឹងកើនឡើង៣ដង ដែលមានចំនួនប្រមាណ ១៥០ពាន់នាក់ ខណៈដែលតៃវ៉ាន់ និងហុងកុងត្រូវបានរំពឹងថានឹងកើនឡើង ១៣៧ភាគរយបើធៀបគ្រាដូចគ្នាឆ្នាំមុន។
 
ទន្ទឹមនេះ ជនជាតិថៃដែលមានដើមកំណើតចិនប្រហែល ២លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំចិនដែលកើនឡើងប្រហែល ១០ភាគរយ បើធៀបនឹងឆ្នាំមុន។ លោកស្រី Thapanee បានលើកឡើងថា ភ្ញៀវទេសចរទាំងនោះអាចនឹងចំណាយប្រាក់រហូតដល់ ៦ពាន់លានបាត (១៦៨លានដុល្លារ)ក្នុងអំឡុងពេលពិធីបុណ្យនេះ។
 
ជាមួយគ្នានេះ លោក Thanet Tantipiriyakij ប្រធានក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍នៅភូកេតបានអះអាងថា បច្ចុប្បន្នសណ្ឋាគារលំដាប់ផ្កាយបួន និងផ្កាយប្រាំភាគច្រើននៅលើកោះមួយនេះត្រូវបានកក់ ៩០ភាគរយ ដែលភាគច្រើនភ្ញៀវមកពីអឺរ៉ុបខាងកើត ខណៈភ្ញៀវចិននៅមានចំនួនតិចនៅឡើយ។ យ៉ាងណា លោករំពឹងថានឹងកើនឡើងប្រហែល ៥ភាគរយក្នុងឱកាសបុណ្យចូលឆ្នាំចិន។ 
 
គួរបញ្ជាក់ថា ថៃ​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ដោយវាចូល​រួម​ចំណែក​ដល់​ ១៨ភាគរយ​នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ក្រោយ​ការ​រាលដាល​​ជំងឺកូវីដ-១៩ រដ្ឋាភិបាល​បាន​ដាក់​វិធានការ​ជា​ច្រើន​ដើម្បីឱ្យវិស័យនេះរស់​ឡើង​វិញ។ វិធានការចុងក្រោយ គឺការលើកលែងទិដ្ឋាការទ្វេភាគីជាមួយចិន ដែលមានរយៈពេលយូរ។
 
នៅឆ្នាំ២០២៣ ថៃបានទទួលភ្ញៀវអន្តរជាតិចំនួន ២៨លាននាក់។​ ទីផ្សារទេសចរណ៍ធំៗចំនួនប្រាំទៅកាន់ថៃមាន ម៉ាឡេស៊ី (៤,៤លាននាក់) ចិន (៣,៤លាននាក់) កូរ៉េខាងត្បូង (១,៦លាននាក់) ឥណ្ឌា (១,៥លាននាក់) និងរុស្ស៊ី (១,៤លាននាក់) ។ យ៉ាងណា ចំនួន ២៨លាននាក់នេះ នៅតែទាបជាងចំនួនភ្ញៀវអន្តរជាតិ ៣៩,៨លាននាក់កាលពីឆ្នាំ ២០១៩៕
 

Tag:
 ថៃ
  ទេសចរ
  ចូលឆ្នាំចិន
© រក្សាសិទ្ធិដោយ thmeythmey.com