RFI
អន្តរជាតិ
អាមេរិក ព្រម​លក់​យន្តហោះចម្បាំង F-16 ទៅ​ឲ្យ​តួកគី ជាថ្នូរ​នឹង​ការ​​​អនុម័ត​ឲ្យ ស៊ុយអែត ចូល​​អូតង់
28, Jan 2024 , 9:59 pm        
រូបភាព
ដោយ៖ហេង ឧត្តម /RFI
 
ទីបំផុតទៅ រដ្ឋាភិបាលអាមេរិក បាន​សម្រេច​យល់ព្រម​លក់​យន្តហោះចម្បាំង F-16 ឲ្យប្រទេស​​ តួកគី ជាថ្នូរ​នឹង​ការដែល តួកគី បាន​​អនុញ្ញាត​​ឲ្យ ស៊ុយអែត ចូល​ជាសមាជិក​អង្គការសម្ព័ន្ធ​​យោធាអូតង់​​​។ នេះជា​សំណុំរឿងចាស់ រវាង តួកគី និងសហរដ្ឋ​អាមេរិក​ ហើយ​ដែលចរចាគ្នា​យ៉ាង​ប្រទាំងប្រទើស​ជាខ្លាំង​ ព្រមទាំង​​បាន​​ស៊ី​ពេល​យ៉ាងយូរ​មកហើយ។ ជាការ​កត់សម្គាល់ ការសម្រេចយល់ព្រម​​លក់​យន្តហោះចម្បាំងរបស់​រដ្ឋាភិបាល​​អាមេរិក នៅ​លើក​នេះ គឺធ្វើឡើង​ជា​កញ្ចប់​តែម្តង។​ ពោល​គឺសហរដ្ឋ​អាមេរិក​​លក់​ ទៅ​ឲ្យ​ តួកគី ផង និង​លក់ឲ្យ ក្រិក ផង ដែល​គេ​ដឹង​ស្រាប់ហើយថា​ សព្វថ្ងៃនេះ​ ក្រិ​ក គឺជា​គូជម្លោះ​ព្រំដែន ជាមួយនឹង​​ តួកគី។​​ 



រដ្ឋាភិបាល​អាមេរិក សម្រេច​ផ្តល់​ភ្លើងខៀវ ចំពោះការ​លក់​យន្តហោះ​ចម្បាំងដ៏ទំនើប​ ប្រភេទ​ F16 ទៅ​ឲ្យ​ប្រទេស​ តួកគី។ តួកគី ទិញ​យន្តហោះ​ចម្បាំង​អាមេរិក ចំនួន ៤០ គ្រឿង​ ក្នុង​តម្លៃ​ទឹកប្រាក់​ ២៣ ពាន់លាន​ដុល្លារ​។ នេះបើតាម​ការ​បញ្ជាក់​របស់​មន្ទីរ​បញ្ចកោនអាមេរិក នៅ​ថ្ងៃសុក្រទី​២៦មករា។ ការយល់ព្រមលក់​យន្តហោះ​ចម្បាំង​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ សភាតួកគី បានអនុម័ត​ផ្តល់​សត្យាប័ន​យល់ព្រម​ឲ្យ​ប្រទេស​ ស៊ុយអែត ចូលជាសមាជិកអង្គការសម្ព័ន្ធយោធាអូតង់។ អូតង់ ដែល​មាន​សហរដ្ឋអាមេរិក​ជា​ក្បាលម៉ាស៊ីន​ចម្បង។ ករណី ស៊ុយអែត នេះ ជាថ្នូរ ឬ​ជា​លក្ខខណ្ឌ​ដ៏សំខាន់ក្នុង​កិច្ចសន្យា​ទិញលក់ រវាង​អាមេរិកនិង​តួកគី ហើយ​ដែល ភាគីទាំង២​បាន​​ចរចាគ្នា​ជាយូរអង្វែងមកហើយ។​ ជាក់ស្តែង គឺ​ ២០ ខែ​ហើយ ដែល ​សភាតួកគី បានបដិសេធ​ជំទាស់​ ​បេក្ខភាព​របស់​ ស៊ុយអែត។​
 
ស្រប​ពេល​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក ក៏​បាន​ប្រកាស​យល់ព្រមលក់​យន្តហោះ​ចម្បាំង​ ប្រភេទ F-35 ទៅឲ្យ​ប្រទេស ​ក្រិក ក្នុង​តម្លៃ​ទឹកប្រាក់ ៨ ពាន់​លាន​ដុល្លារ  សម្រាប់កិច្ចសន្យា​​ទិញ​យន្តហោះ​ចម្បាំង​ ចំនួន ៤០ គ្រឿង។ ពោលគឺបរិមាណ​ដូចគ្នាដែរនឹងចំនួន​យន្តហោះ​ចម្បាំងអាមេរិក​ លក់ទៅឲ្យ តួកគី។​
 
ពេល​កន្លង​ទៅ ប្រទេស​ ក្រិក បាន​រារាំង​ ​ស្តែងការ​មិនពេញចិត្ត និងមិន​យល់​ព្រម​ឲ្យ​ អាមេរិក លក់​យន្តហោះ​ចម្បាំង​ទៅឲ្យ​ តួកគី ជា​អ្នក​ជាប់​របង​នឹងខ្លួន​ទេ។ ដ្បិតថា តួកគី និងក្រិក ​ជារដ្ឋសមាជិក​អង្គការ​អូតង់ជាមួយ​គ្នា​ក៏ពិតមែន ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ ឈ្លោះ​ទាស់​ទែង​គ្នា​បញ្ហា​ព្រំដែន​សមុទ្រ​មេឌីទែរ៉ាណេ​ ​ដែលជាទី​សម្បូរ​ទៅដោយ​ភោគផល​ធម្មជាតិ​និង​រ៉ែ​ថាមពល។ ចំពោះមុខ​​សភាព​ការណ៍ដូច្នេះ​ សហរដ្ឋ​អាមេរិក​ អាច​នឹង​បាន​ចំណេញប្រាក់​ទាំង​ព្រម​។
 
ទោះ​ជាយ៉ាងនេះក្តី កិច្ច​សន្យា​ទិញលក់​អាវុធ​គ្រឿង​សឹកចម្បាំង​នេះ ត្រូវ​ឆ្លង​កាត់​ការ​សម្រេច​យល់ព្រម​ ពីសភា​ខុន​ហ្គ្រេសអាមេរិក​ ជា​មុនសិន។ កាលពីមុន ពួក​សមាជិក​សភា​អាមេរិក ជាពិសេស អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​ មិន​ចង់​លក់​យន្តហោះ​ចម្បាំង ទៅ​​ឲ្យ ​តួកគី ទេ ព្រោះតែ​ វិបត្តិ​សិទ្ធិមនុស្ស​និង​បញ្ហា​ប្រជាធិបតេយ្យ​នៅ​តួកគី។ អាស្រ័យ​ហេតុនេះហើយ ទើបលោក​ប្រធានាធិបតី​ ចូ បៃដិន បាន​សរសេរ​លិខិត​​ទៅ​ពន្យល់​និង​ជូន​ដំណឹង ដល់​បណ្តា​​ប្រធាន​គណៈកម្មាធិការ​សភាអាមេរិក កាលពីពេល​ថ្មីៗនេះ ទុក​ជាមុនស្រេច​។ ភ្លាមៗ​ ប្រធាន​​គណៈ​កម្មាធិការ​កិច្ចការបរទេស​នៅ​ព្រឹទ្ធ​សភា លោក បិន ខារដិន បាន​ប្រកាស​ប្រាប់អ្នក​កាសែត​ពីយប់​ថ្ងៃ​សុក្រ​ ថា​ឯកភាពយល់​ព្រម​ចំពោះ​​ការ​លក់​យន្តហោះ​ចម្បាំង​នេះ​ និង​បញ្ជាក់ថា នេះ​ពុំ​មែនជា​ការ​សម្រេចចិត្ត​ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នោះទេ។​​
 
ទោះ​យ៉ាង​ណា​ក៏ដោយ​ចុះ សភា​ខុន​ហ្គ្រេសអាមេរិក​ នឹង​នៅតែមាន​សិទ្ធិ​​ជំទាស់​ជានិច្ច​ចំពោះ​កិច្ចសន្យា​លក់​អាវុធ​របស់​រដ្ឋាភិបាល​។ នេះក៏ពីព្រោះថា លក្ខខណ្ឌ​ក្នុង​ការសម្រេច​ឲ្យ ស៊ុយអែត ​ចូល​ជាសមាជិក​អង្គការ​សម្ព័ន្ធ​យោធា​អូតង់ ​គឺនៅរង់​ចាំ​ការ​អនុម័តយល់ព្រម​ពីសំណាក់​​ប្រទេស​ ហុងគ្រី មួយ​ទៀត។ ហុងគ្រី កន្លងទៅ​ ធ្លាប់​បាន​យក​ជើងរាទឹក ដូច​នឹង​ តួកគី​ ដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com