សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន និងថៃ ចុះហត្ថលេខាលើកលែងទិដ្ឋាការគ្នា ដែលនឹងចូលជាធរមានចាប់ពីខែមីនា
29, Jan 2024 , 10:19 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក​ វ៉ាង យី (ឆ្វេង) និងរដ្ឋមន្រ្តីការបរទេសថៃលោក Parnpree Bahiddha-Nukara ។ រូបភាព ៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក​ វ៉ាង យី (ឆ្វេង) និងរដ្ឋមន្រ្តីការបរទេសថៃលោក Parnpree Bahiddha-Nukara ។ រូបភាព ៖ Xinhua
ចិន និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ នៅថ្ងៃទី២៨ ខែមករាដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ  ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា។

 
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅកាន់ទីក្រុងបាងកក។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យប្រជាជនអាចទៅកម្សាន្តចិន-ថៃ ដោយពុំចាំបាច់ទិដ្ឋាការ ចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំ២០២៤។
 
រដ្ឋាភិបាលថៃ រំពឹងថា កិច្ចព្រមព្រៀងនេះ នឹងលើកទឹកចិត្តជនជាតិចិន កាន់តែច្រើនចូលមកក្នុងប្រទេសនេះ ដើម្បីជំរុញទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលកំពុងស្វែងរកការងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។
 
ថ្លែងបន្ទាប់ពីពិធីចុះហត្ថលេខា រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរ ខណៈដែលសមភាគីចិនលោក វ៉ាង យី ក៏បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះដែរ។
 
ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង មិនត្រូវបានប្រកាសក៏ដោយ ក៏មន្ត្រីថៃ បាននិយាយកាលពីដើមខែនេះថា កិច្ចព្រមព្រៀងនឹងអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរ អាចទៅកម្សាន្តទៅមកបានរយៈពេល ៣០ថ្ងៃ ដោយគ្មានទិដ្ឋាការ។
 
ចិន​ជា​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរទៅកម្សាន្តនៅ​ថៃ​ច្រើន​ជាង​គេ​ មុន​ពេល​ជំងឺ​រាតត្បាត​កូវីដ-១៩​ផ្ទុះ​ឡើង។ យ៉ាងណា ប្រភពទេសចរចិនបានធ្លាក់ចុះបន្តិច ទោះស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។ 
 
នៅឆ្នាំ២០២៣ ចំនួនអ្នកទេសចរចិនមកកម្សាន្តនៅថៃមានប្រមាណ ៣,៤លាននាក់ ដែលជាការថយចុះយ៉ាងខ្លាំងបើធៀបនឹង ១១លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ ។
 
យោងតាមក្រសួងការបរទេសចិន លោក វ៉ាង យី បានទៅបំពេញទស្សនកិច្ចនៅថៃ ចាប់ពីថ្ងៃទី ២៦-២៩ ខែមករា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara។
 
នៅទីក្រុងបាងកក ប្រមុខការទូតចិនរូបនេះ ក៏បានជួបពិភាក្សាជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan ដោយពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕ 

Tag:
 ថៃ
  ចិន​
  ទិដ្ឋាការ
  ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com