អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របបសឹកមីយ៉ាន់ម៉ា ចាត់មន្ត្រីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវ
29, Jan 2024 , 2:39 pm        
រូបភាព
លោកស្រី Marlar Than Htaik (ឆ្វេងបង្អស់)តំណាងមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្លួងព្រះបាង។ រូបភាព ៖ ASEAN ។
លោកស្រី Marlar Than Htaik (ឆ្វេងបង្អស់)តំណាងមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងហ្លួងព្រះបាង។ រូបភាព ៖ ASEAN ។
របបយោធាមីយ៉ាន់ម៉ា បានបញ្ជូនមន្ត្រីជាន់ខ្ពស់មួយរូបទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅឡាវ។ នេះជាលើកដំបូងក្នុងពេលជាង២ឆ្នាំដែលតំណាងមីយ៉ាន់ម៉ាមានមុខក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស។

 
លោកស្រី Marlar Than Htaik លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសក្រោមការគ្រប់គ្រងរបស់របបយោធា ជាតំណាងឲ្យមីយ៉ាន់ម៉ាចូលរួមប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី២៩ ខែមករានៅទីក្រុងហ្លួងព្រះបាង។ នេះបើតាមកាសែត South China Morning Post ។
 
មីយ៉ាន់ម៉ាបានធ្វើពហិការមិនចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ចាប់តាំងពីសមាជិកអាស៊ានបានសម្រេចចិត្តក្នុងខែតុលា ឆ្នាំ២០២១ ដោយអនុញ្ញាតឱ្យមានតែតំណាងមិននយោបាយមកពីប្រទេសនេះចូលរួមតែប៉ុណ្ណោះ។ មិនពេញចិត្តនឹងការសម្រេចនេះ របបយោធា មិនបានបញ្ជូនណាមួយទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ឬកិច្ចប្រជុំកំពូលឡើយ។
 
វិបត្តិនយោបាយ និងមនុស្សធម៌ក្នុងនៅមីយ៉ានម៉ាកាន់តែមានសភាពធ្ងន់ធ្ងរចាប់តាំងពីរដ្ឋប្រហារ ដោយការប៉ះទង្គិចគ្នាខ្លាំងឡើងជាមួយក្រុមយោធានៅភាគខាងជើងប្រទេស ព្រមទាំងធ្វើឱ្យប្រជាជនភៀសខ្លួនកើនឡើងដល់ ២,៦លាននាក់គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ។
 
ទន្ទឹមនេះ ក្រុមឧក្រិដ្ឋជនបានកេងប្រវ័ញ្ចផលចំណេញ ស្របពេលមានភាពចលាចលនយោបាយនៅមីយ៉ាន់ម៉ា ដោយបង្កើនការផលិតគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធឺណិតកើនឡើងខ្លាំង។
 
អាស៊ានមិនទាន់អាចធ្វើអ្វីបានជាផ្លែផ្កានៅឡើយទេរយៈពេល៣ឆ្នាំមកនេះ ដើម្បីឆ្ពោះទៅរកដំណោះស្រាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រៅតែពីអំពាវនាវឱ្យបញ្ចប់អំពើហិង្សាក្នុងប្រទេស និងតែងតាំងបេសកជនពិសេសអាស៊ានទៅចួបជាមួយភាគីពាក់ព័ន្ធទាំងអស់ដូចជាការផ្តល់ជំនួយមនុស្សធម៌ជាដើម។ 
 
បេសកជនពិសេសអាស៊ានបច្ចុប្បន្នប្រចាំមីយ៉ាន់ម៉ាគឺ អ្នកការទូតឡាវ Alounkeo Kittikhoun បានជួបជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក៏ដូចជាលោកស្រី Zin Mar Aung រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលរួបរួមជាតិដែរ៕

Tag:
 ឡាវ
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com