ជាតិ
ការ​កំណែវិញ្ញាសាប្រឡង​ ត្រូវគិតគូរ​ឱ្យ​មាន​តម្លាភាព​សម្រាប់​បេក្ខជន និង​សាធារណជន​
29, Jan 2024 , 3:09 pm        
រូបភាព
ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃទី​២៩ មករានេះ គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ឯកទេស​អប់រំកាយ និង​កីឡា បាន​ចាប់​ផ្ដើម​ដំណើរ​ការ​កំណែ​វិញ្ញាសាសរសេរ។ ក្នុង​ដំណើរ​ការ​កំណែនេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ​ក្រសួង​មុខងារ​សាធារណៈ​ លើកឡើងថា ការ​កំណែនេះ នឹង​ត្រូវ​​គិតគូរ​ធានា​ឱ្យ​មាន​តម្លាភាព​សម្រាប់​បេក្ខជន និង​សាធារណជន​។


ដំណើរ​ការ​ប្រឡង​លើ​វិញ្ញាសា​សរសេរ នៃ​ការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូ​បង្រៀន​ឯកទេស​អប់រំ និង​កីឡា បាន​បញ្ចប់​ដោយ​រលូន។ បន្ទាប់ពី បញ្ចប់ដំណើរ​ការ​ប្រឡង​លើ​វិញ្ញាសា​សរសេរ​ នៅ​ថ្ងៃទី​២៨ មករា ដំណើរការ​កំណែ​ បាន​ចាប់​ផ្ដើមនៅ​ព្រឹកនេះ។ ដំណើរ​ការ​កំណែ​ ប្រព្រឹត្តទៅ​ក្រោម​ការ​សង្កេត​ការណ៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ សាធារណជនទូទៅ និង​សិស្សនិស្សិតផងដែរ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ​ក្រសួង​មុខងារ​សាធារណៈ និង​ជា​អនុ​ប្រធាន​គណៈកម្មការ​រៀបចំការ​ប្រឡង បាន​មាន​ប្រសាសន៍ថា ការ​ធ្វើ​កំណែ​វិញ្ញាសាសរសេរនេះ នឹង​ត្រូវគិតគូរធានាឱ្យមានតម្លាភាពសម្រាប់បេក្ខជន និងសាធារណជន។ បើតាម​រដ្ឋលេខាធិការ​ប្រចាំ​ការ​រូបនេះ នីតិ​វិធី​នៃ​ការ​កែ គឺ​ផ្អែក​លើ​ប្រព័ន្ធ​ចុះ​លេខ​សម្ងាត់​ជា​លក្ខណៈ​អាណាមិក។ ជា​មួយគ្នានេះ ការ​កំណែនេះ នឹងកែ​ដោយ​លម្អិត​ និង​ច្បាស់​លាស់​ពី​ក្រុម​លោក​គ្រូ​អ្នក​គ្រូ​ដែល​ទទួល​បន្ទុក​ផ្នែក​រៀបចំ​វិញ្ញាសា។​
 
សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចត​ទៅ៖



វិញ្ញាសាអនុវត្ត​កីឡា​ នឹង​រៀបចំ​នៅ​រសៀល​ថ្ងៃទី​២៩ មករានេះ នឹង​បន្តរយៈពេល​៨ថ្ងៃ សម្រាប់​វិញ្ញាសា​រត់​ល្បឿន, លោត​ចម្ងាយ និង​ចោល​ដុំ​ដែក។ លោក ប៊ុនណា បញ្ជាក់ថា​តាម​ការ​គ្រោង​ទុក លទ្ធផល​នៃ​ការ​ប្រឡង​នេះ នឹង​ប្រកាស​នៅ​ថ្ងៃទី​៥ កុម្ភៈខាងមុខផងដែរ។ 
 
ក្រោយ​ប្រឡង​ជាប់​បេក្ខជន​ទាំងអស់ ត្រូវ​ចូលរួម​បណ្ដុះបណ្ដាល​រយៈពេល ២​ឆ្នាំ សម្រាប់​កម្រិត​១២+២ និង​រយៈពេល​៤​ឆ្នាំ សម្រាប់​កម្រិត​១២+៤​។ ក្នុងករណី​បេក្ខជន​បោះបង់​នៅ​អំឡុងពេល​បណ្ដុះបណ្ដាល គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង នឹង​ផ្ដល់ឱកាស​ដល់​បេក្ខជន​ជាប់​បម្រុង​។​
 
​សូម​បញ្ជាក់ថា បន្ទាប់ពី​បណ្ដុះបណ្ដាល​រួច គ្រូបង្រៀន​ឯកទេស​អប់រំ​កាយ និង​កីឡា​ទាំង​១០០​នាក់ នឹង​ចេញទៅ​បង្រៀន​នៅតាម​អនុវិទ្យាល័យ និង​វិទ្យាល័យ ដែល​បានជ្រើសរើស​។ សូមបញ្ជាក់ថា ការប្រឡង​នេះ មាន​បេក្ខជន​ចូលរួម​ជិត ២០០០​នាក់ ដោយ​បែង​ចែកជា​ពីរ​កម្រិត គឺ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​១២+២ ចំនួន ១៤៤៥​នាក់ និង​កម្រិត​មូលដ្ឋាន ១២+៤ ចំនួន ៤៤៧​នាក់​៕
 




Tag:
 ប្រឡង
  គ្រូ​បង្រៀន
  តម្លាភាព​
  អប់រំកាយ
  កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com