ជាតិ
ហ្លួងម៉ែ ព្រះរាជទានថវិកា ២០ម៉ឺនដុល្លារដល់មន្ទីរពេទ្យគន្ធបុប្ផា
29, Jan 2024 , 3:49 pm        
រូបភាព
រូបភាព៖ Royal du Cambodge
រូបភាព៖ Royal du Cambodge
សម្តេច ម៉ែ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ទ្រង់​សព្វព្រះរាជហឫទ័យ ប្រោសប្រទានថវិកា ២០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងខេត្តសៀមរាប។ ថវិកាព្រះរាជទាននេះ ត្រូវបានសម្តេច​ចៅ​ហ្វាវាំង ​គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះ​បរមរា​ជវាំង ​ប្រគល់ជូនតំ​ណាង​មន្ទីរពេទ្យ នៅបរិវេណព្រះបរមរាជវាំង កាលពីថ្ងៃទី២០ ខែមមករា ឆ្នាំ២០២៤កន្លងទៅ។

 
នៅក្នុងលិខិតថ្វាយព្រះអំណរគុណចំពោះ សម្តេច ម៉ែ របស់មន្ទីរពេទ្យគន្ធបុប្ផា ចុះថ្ងៃទី២០ មករា លោកវេជ្ជបណ្ឌិត Denis Laurent ​អគ្គ​នាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា បានគូស​បញ្ជាក់​ថា ព្រះរាជទានរបស់សម្តេច ម៉ែ នាពេលនេះ ​គឺគូសបញ្ជាក់​ពី​​ព្រះទ័យទុកដាក់​ដ៏ខ្ពង់​ខ្ពស់​​ចំពោះមន្ទីរពេទ្យគន្ធ​បុប្ផា និងព្រះទ័យទុកដាក់ចំពោះ​សុ​ខុមាល​ភាពរបស់ កូនចៅ ចៅ​ទួត​របស់ព្រះអង្គ។
 
«ថវិកានេះនឹង​រួមចំណែក​​ដល់​ការ​អភិវឌ្ឍសកម្មភាពវេជ្ជសាស្ត្រ​នានា​​នៅក្នុងមន្ទីរពេទ្យ តួ​យ៉ាងការបើកដំណើរការសេវា​ព្យាបាលថ្មី គឺការព្យាបាលកុមារដែល​មាន​ជំងឺមហារីក»។ លោកវេជ្ជបណ្ឌិត Denis Laurent ​បន្ថែមបែបនេះនៅក្នុងលិខិតថ្វាយ​ព្រះ​អំណរ​គុណសម្តេច ម៉ែ។ 
 
សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ថវិកាព្រះរាជទានរបស់សម្តេច ម៉ែ ជូនតំណាងមន្ទីរពេទ្យគន្ធបុប្ផា។ រូបភាព៖ Dr. Beat Richner
 
សូមជម្រាបថា​ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះ រាប់ម៉ឺននាក់ ដោយឥតគិតថ្លៃ។ ក្នុងឆ្នាំ២០២៣កន្លងទៅ មានកុមារមានជំងឺចំនួន ៨៩៩ ៦៩២ករណី ត្រូវបានពិនិត្យ និងពិគ្រោះ នៅផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរពេទ្យគន្ធបុប្ផា ទាំង៥សាខា។ ចំនួននេះ កើន៣៦% ធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះ មានកុមារ​ដែលមានជំងឺធ្ងន់ធ្ងរចំនួន ១៨៤ ០៥៥នាក់ ត្រូវបានដាក់ឲ្យ​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលតួលេខនេះ កើន៥៣ភាគរយ ធៀបនឹងឆ្នាំ២០២២​។
 
មន្ទីរពេទ្យ ក៏បានព្យាបាលកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ចំនួន ១៦ ១៦០នាក់ និងផ្តល់ការវះកាត់ព្យាបាលដល់កុមារចំនួន ២៧ ៧០០នាក់ផងដែរ។ ​តាមរបាយការណ៍របស់មន្ទីរពេទ្យ ឆ្នាំ២០២៣មានកុមារចំនួន ៩៤៩នាក់ ​បានទទួលការវះកាត់បេះដូង និងភ្លឺតប្រហោងបេះដូងតាមការឆ្លុះសរសៃឈាម។ ទន្ទឹមនឹងនេះ ស្ត្រីមានផ្ទៃពោះចំនួន ១០៨ ៧១៩ករណី បានពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។ ចំនួននេះ កើន២០ភាគរយធៀបនឹងឆ្នាំ២០២២។ ចំណែកឯស្ត្រីដែលបានសម្រាលកូននៅមន្ទីរពេទ្យ មានចំនួន ២១ ៦៤៤នាក់​៕

Tag:
 សម្តេច ម៉ែ
  គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com