ជាតិ
យុទ្ធនាការ ប្រមូលសំណល់ប្លាស្ទិករដូវទឹកស្រក នៅបឹងទន្លេសាប
29, Jan 2024 , 4:39 pm        
រូបភាព
រូបភាពផ្ដល់ដោយលោក ស៊ា សុផល។
រូបភាពផ្ដល់ដោយលោក ស៊ា សុផល។
សៀមរាប៖ អ្នកចូលរួមជិត១ពាន់នាក់ ចូលរួមបើកយុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិក នារដូវទឹកស្រក នៅបឹងទន្លេសាបប្រចាំឆ្នាំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅសហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប។ យុទ្ធនាការនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សហគមន៍យើងស្អាត ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក!»។

 
បើតាមលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី ចលនាយុទ្ធនាការនេះនឹងបន្តសកម្មភាពសម្អាតរយៈពេល៦ខែ នៅគ្រប់សហគមន៍នានាជាប់មាត់បឹងទន្លេសាប ដូចជាសហគមន៍កំពង់ភ្លុក ចុងឃ្នៀស និងសហគមន៍មេជ្រៃ។ ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីរូបនេះ បានបន្តទៀតថា យុទ្ធនាការនេះ ក៏នឹងអាចពង្រីកវិសាលភាពការងារសម្អាត ដល់តំបន់ព្រែកទាល់ក្នុងខេត្តបាត់ដំបង និងតំបន់ផ្សេងៗទៀត ជុំវិញបឹងទន្លេសាប។ យុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃអបអរទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥មិថុនា ដែលជាថ្ងៃកំណត់ការបិទយុទ្ធនាការសម្អាតបរិស្ថាននារដូវទឹកស្រកផងដែរ។
 
គួរជម្រាបផងដែរថា នេះជាឆ្នាំទី៦ហើយ ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី បានរៀបចំយុទ្ធនាការនេះឡើង និងសហការជាមួយមន្ទីរបរិស្ថាន សមាគមមគ្គុទេស្ទក៍ទេសចរណ៍អង្គរ អាជ្ញាធរមូលដ្ឋាន សហគមន៍ទេសចរណ៍ ក្រុមហ៊ុនឯកជន អង្គការ សិស្សានុសិស្ស និងពលរដ្ឋសហគមន៍ ជាដើម៕ 
 
រូបភាពផ្ដល់ដោយ៖ លោក ស៊ា សុផល
 


















Tag:
 បរិស្ថាន
  សំរាម
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com