RFI
អន្តរជាតិ
អ៊ុយក្រែន ស្រាយបំភ្លឺ​ករណីអំពើ​​ពុករលួយ​គៃបន្លំលុយជិត​៤០លានដុល្លារ ក្នុងការ​ទិញ​គ្រាប់កាំភ្លើង
29, Jan 2024 , 6:59 pm        
រូបភាព
អ៊ុយក្រែន ស្រាយបំភ្លឺករណីអំពើពុករលួយគៃបន្លំលុយជិត៤០លានដុល្លារ ក្នុងការទិញគ្រាប់កាំភ្លើង។ REUTERS - GLEB GARANICH
អ៊ុយក្រែន ស្រាយបំភ្លឺករណីអំពើពុករលួយគៃបន្លំលុយជិត៤០លានដុល្លារ ក្នុងការទិញគ្រាប់កាំភ្លើង។ REUTERS - GLEB GARANICH
ដោយ៖ហេង ឧត្តម/RFI
 
ពួក​អ្នក​ទទួល​ខុសត្រូវ​ខាងយោធា​អ៊ុយក្រែន ហើយ​និង បណ្តា​ប្រធាន​គ្រប់​គ្រង​ក្រុម​ហ៊ុន​ ក្នុងស្រុក​និងបរទេស បាន​ឃុប​ឃិត ប្រព្រឹត្តិ​អំពើពុករលួយ​​​​ គៃ​បន្លំ​ប្រាក់​ ប្រមាណ​ជិត ៤០ លា​នដុល្លារ។ ករណីរឿងអាស្រូវ​នេះ ពាក់ព័ន្ធ​​នឹងកិច្ចសន្យា​ទិញ​អាវុធ​ កាលពី​សង្គ្រាមរុស្ស៊ី​ឈ្លាន​ពាន​​អ៊ុយក្រែនផ្ទុះ​ឡើង​បាន​៦ខែ។ នេះបើតាម​ទីភ្នាក់ងារ​ចារកិច្ច​អ៊ុយ​ក្រែន ហៅកាត់ថា ដែល​បាន​​បញ្ជាក់ក្នុង​សេចក្តីប្រកាសព័ត៌មាន នៅថ្ងៃ​ទី​២៨មករា។

 
ភ្នាក់ងារ​ចារកិច្ច SBU សហការ​​ស៊ើប​អង្កេត ជាមួយ​ក្រុម​អយ្យការអ៊ុយក្រែន ​បាន​ផ្សាយ​បំភ្លឺទៀត​​ថា​​ សកម្មភាព​អំពើ​ពុ​ករលួយនេះ បាន​កើត​ឡើង​នៅ​ខែសីហា ​ឆ្នាំ២០២២ ខណៈដែល​ យោធា​អ៊ុយក្រែន កំពុងត្រូវការ​ទិញ​សម្ភារ​សឹកចម្បាំង​ជាខ្លាំង ដើម្បីទប់​ទល់​នឹង​សង្គ្រាម​ឈ្លាន​ពាន​ពីសំណាក់​រុស្ស៊ី។ កាល​នោះ ក្រសួង​ការពារជាតិ​អ៊ុយក្រែន បាន​ចុះ​កិច្ច​សន្យា​​ទិញ​គ្រាប់​កាំភ្លើង​ត្បាល់ ចំនួន ១០០ ០០០ គ្រាប់។​ កិច្ចសន្យា​ទិញ​លក់ ក្នុង​តម្លៃទឹ​ក​ប្រាក់​​ ៣៧ លានដុល្លារ បាន​​ចុះហត្ថលេខា​រួច​ហើយ រីឯលុយ​កាក់​​​ក៏​ផ្ទេរ​ហើយ​ដែរ ប៉ុន្តែ ទំនិញ​អាវុធ គ្រាប់កាំភ្លើង បែរជាស្ងាត់​បាត់​ដំណឹង​ឈឹង​សូន្យ។​
 
ភ្នាក់ងារ​ចារកិច្ចអ៊ុយក្រែន បាន​​​លាតត្រដាងថា​ មន្ត្រី​ជាន់​ខ្ពស់នៃ​​ក្រសួង​ការពារជាតិអ៊ុយក្រែន​ ទាំង​អតីត​មន្ត្រី​និងមន្ត្រី​បច្ចុប្បន្ន​ ហើយ​និងក្រុម​ហ៊ុន​ឈ្មោះ Lviv Arsenal ដែល​ទទួល​សិទ្ធិ​អនុញ្ញាត​ទិញលក់អាវុធ បានរួមគ្នា​ផ្សំគំនិត​​ ជាមួយ​នឹង​ក្រុម​ហ៊ុន​បរទេស​១ផ្សេងទៀត ដើម្បី​​​គៃ​បន្លំ​ប្រាក់យោធា ហើយនិង​បាន​​ផ្ទេរលុយ​តាម​រយៈ​គណនី​ធានាគារនៅបរទេស​ទៀតផង។

ក្នុង​នីតិវិធី​ស៊ើប​អង្កេត​បឋម យ៉ាង​ហោច បុគ្គលសំខាន់ ​​៥នាក់ ​ត្រូវ​ជាប់​សង្ស័យរបស់​រដ្ឋអាជ្ញាអ៊ុយក្រែន​ ហើយក្នុងនោះ ​ម្នាក់​ត្រូវ​ចាប់​ឃាត់ខ្លួន​ នៅពេលដែលរូប​គេ​​ប៉ុន​ប៉ងលួច​រត់​ឆ្លង​ដែន​ចេញពីប្រទេស។
 
ចាប់​តាំងតែពី​ពេ​លផ្ទុះ​សង្គ្រាម​ឈ្លាន​ពាន​រុស្ស៊ី​ទៅលើ​អ៊ុយក្រែននៅ​ខែ​កុម្ភៈ​២០២២មក ករណី​អំពើ​ពុករលួយ​ត្រូវលាត​ត្រដាងបើកបង្ហាញ​ច្រើនឡើងៗ ជាពិសេស​ក្នុង​ជួរ​កងទ័ព​តែម្តង។​ ជាក់ស្តែង​ ខែ​សីហា ឆ្នាំ២០២៣ អំពើពុករលួយជុំវិញ​ការជ្រើសរើសទាហានអ៊ុយក្រែន​ ​ក៏​ត្រូវ​បកអាក្រាតដែរ​។ គ្រានោះ ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ចេញបញ្ជាផ្ទាល់តែម្តង ដើម្បី​បណ្តេញ​​អ្នក​ទទួល​ខុសត្រូវ​ថ្នាក់​តំបន់​ជាច្រើន​នាក់​។
 
ករណីមួយ​ទៀត ក្នុង​ឆ្នាំ២០២៣ ចៅហ្វាយ​ខេត្ត​៥នាក់ អនុរដ្ឋមន្ត្រី៤នាក់​ មន្ត្រី​ភ្នាក់ងារ​រដ្ឋាភិបាល ២នាក់​ ត្រូវ​ដកចេញពី​ដំណែង ព្រោះតែ​ពាក់ព័ន្ធ​នឹងអំពើ​ពុករលួយ​។ សូម្បីតែ អគ្គរដ្ឋអាជ្ញារងម្នាក់ និង​អនុប្រធាន​រដ្ឋបាល​វិមាន​ប្រធានាធិបតី ក៏​ត្រូវ​ជ្រុះ​ពី​កៅអី​តួនាទី​ដែរ ក្រោយ​ពី​សកម្មភាព​ពុករលួយរបស់​ពួក​គេ​​ ត្រូវ​លាត​ត្រដាងឡើង នៅ​ដើម​ឆ្នាំ២០២៣។​
 
ជាការ​កត់​សម្គាល់ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​នៅអ៊ុយក្រែន កាន់តែ​ស្វិតស្វាញ​ខ្លាំងឡើងៗ នាប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ នេះ​ក៏ព្រោះតែវា​​ជា​លក្ខខណ្ឌ​ទាមទារ​ដ៏​ចម្បង១ ដែល សហភាព​អឺរ៉ុប​ បាន​​កំណត់​ដើម្បី​ពិចារណាអំពី​បេក្ខភាព​​របស់​អ៊ុយក្រែន ដ្បិតថា​ អ៊ុយក្រែន ចង់​ចូលជា​រដ្ឋ​សមាជិកសហភាព​អឺរ៉ុប​​៕

© រក្សាសិទ្ធិដោយ thmeythmey.com