ជាតិ
World Hope យកសិល្បៈផ្សព្វផ្សាយពីសារៈសំខាន់ដែនជម្រកសត្វព្រៃកែវសីមា ដល់យុវជន
29, Jan 2024 , 7:39 pm        
រូបភាព
ភ្នំពេញ៖ អង្គការក្ដីសង្ឃឹមពិភពលោកអន្តរជាតិ (World Hope international) បានរៀបចំយុទ្ធនាការ «យុវជន និងភាពជាម្ចាស់នៃកិច្ចការពារដែនជម្រកសត្វព្រៃកែវសីមា តាមរយៈសិល្បៈវប្បធម៌» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃដែនជម្រកសត្វព្រៃកែវសីមា ការលក់កាបូន REDD+ និងតួនាទីរបស់យុវជនជំនាន់ក្រោយ ក្នុងកិច្ចការពារព្រៃឈើ និងសត្វព្រៃ។



លោក សេង ម៉ង់ ប្រធានកម្មវិធី នៃអង្គការ World Hope បានលើកឡើងថា ការបង្កើតយុទ្ធនាការនេះ ដើម្បីបញ្ជ្រាបចំណេះដឹង និងសារតាមសិល្បៈ និងវប្បធម៌ ទៅក្នុងកិច្ចការងារអភិរក្សសត្វព្រៃ និងព្រៃឈើ ដែលមានផ្សាភ្ជាប់នឹងការទប់ស្កាត់អំពើហិង្សា និងរំលោភបំពានផ្សេងៗ ក្នុងសហគមន៍ ជាពិសេសជនជាតិដើមភាគតិចពូនង។ 
 
មណ្ឌលគិរី ជាខេត្តដាច់ស្រយាល ហើយពលរដ្ឋនៅទីនោះភាគច្រើនមិនសូវយល់ដឹងអំពីបញ្ហាបរិស្ថាន និងភាពប្រឈមនៃការបាត់បង់សត្វព្រៃ និងព្រៃឈើនោះទេ។ ដូច្នេះ សិល្បៈ វប្បធម៌មានសារៈសំខាន់ខ្លាំង ដែលអាចចាក់ឫសជ្រៅដល់ការអប់រំពលរដ្ឋក្នុងសហគមន៍ ជាពិសេសបណ្ដុះគំនិតឱ្យកុមារជំនន់ក្រោយមានឆន្ទៈចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ។ 
 

លោក សេង ម៉ង់ ប្រធានកម្មវិធី នៃអង្គការក្ដីសង្ឃឹមអន្តរជាតិ (World Hope international- Cambodia) 

លោក សេង ម៉ង ថ្លែងដូច្នេះថា៖«ខ្ញុំមើលឃើញថា សិល្បៈមា​នតួនាទីសំខាន់ដែលចាក់ឫជ្រៅដល់យុវជន ព្រោះថានៅពេលយើងចង់បញ្ជាប់សារអ្វីមួយ ដោយគ្រាន់តែនិយាយ ឬណែនាំ វាអាចមិនសូវមានភាពទាក់ទាញនោះទេ។ ផ្ទុយទៅវិញ បើសិនយើងបញ្ជ្រាប់សារទាំងនោះតាមរយៈសិល្បៈ វាអាចជាផ្នែកមួយដែលអាចឱ្យពួកគាត់ឈ្វែងយល់ និងចាប់អារម្មណ៍ច្រើន»។ 
 
«យើងចង់បណ្ដុះបណ្ដាលយុវជនឱ្យមានឆន្ទៈ មានគំនិត មានទឹកចិត្ត និងភាពជាម្ចាស់ការ ក្នុងការរក្សានូវធនធានធម្មជាតិ ដែលបន្សល់ពីដូនតាពួកគាត់ ជាពិសេសជនជាតិពូនង ដែលគាត់ជាម្ចាស់ទឹកដី តាំងពីដើម។ ដូច្នេះ យើងចង់ឱ្យពួកគាត់មានភាពម្ចាស់ការ និងចូលរួមអភិរក្សខ្លាំងជាងគេ»។ លោក បន្ថែម។ 
  


ទន្ទឹមនឹងកិច្ចការងារអភិរក្សធនធានធម្មជាតិ World Hope ក៏ធ្វើការយ៉ាងស្អិតល្មួតជាមួយសហគមន៍មូលដ្ឋាន ក្នុងការទប់ស្កាត់អំពើហិង្សា និងការរំលោភបំពាន។ សកម្មភាពទាំងនេះ កើតចេញពីបញ្ហាគ្រឿងញៀន និងគ្រឿងស្រវឹង ដែលវាជាប់ទាក់ទងដល់ការបំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃ។ 
 
យុទ្ធនាការផ្សព្វផ្សាយក្រោមប្រធានបទ «យុវជន និងភាពជាម្ចាស់នៃកិច្ចការពារដែនជម្រកសត្វព្រៃកែវសីមា តាមរយៈសិល្បៈវប្បធម៌» រៀបចំឡើងរយៈពេល៣ ថ្ងៃ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៣ ដល់២៥ ខែមករា នៅតាមសាលារៀនចំនួន៣ នៅក្នុងស្រុកកែវសីមា ពេជ្រាដា និងអូររាំង ខេត្តមណ្ឌលគិរី។ ក្នុងរយៈពេល៣ថ្ងៃនេះ មានការសម្ដែងសិល្បៈរបាំ និងចម្រៀងជនជាតិដើមភាគតិចពូនង ការសម្ដែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង និងការផ្ដល់ឱកាសឱ្យសិស្សានុស្សចូលការងារស្ម័គ្រចិត្ត និងបង្ហាញសមត្ថភាពច្រៀង រាំលើវេទិការ ជាដើម។  
  


រាល់សិល្បៈវប្បធម៌ទាំងអស់ សុទ្ធសឹងបង្ហាញពីសារអប់រំ និងដាស់តឿនយុវជន ឱ្យចេះស្រលាញ់ធនធានធម្មជាតិ និងចូលការពារសត្វព្រៃ និងព្រៃឈើ។ ជាលើកទី១ ដែល World Hope បង្កើតយុទ្ធនាការនេះឡើង ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសារធារណជន ជាពិសេសកុមារ។ យុទ្ធនាការដ៏មានសារៈសំខាន់នេះ រៀបចំដោយ អង្គការ World Hope International (Cambodia) ដែលគាំទ្រដោយ ក្រសួងបរិស្ថាន USAID WCS REDD+ និង Mission Alliance។ 
 
ប្រធានកម្មវិធី នៃអង្គការ World Hope លោក សេង ម៉ង់ រំពឹងថា យុទ្ធនាការនេះ នឹងក្លាយជាផ្នែកមួយជំរុញឱ្យយុវជនជំនាន់ក្រោយ ជាពិសេសជនជាតិដើមភាគតិចពូនង មានភាពជាម្ចាស់ នៃកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងសហគមន៍ខ្លួន។
  


ចំណែក លោក ដ្ហូត យូណាស តំណាងយុវជនជនជាតិដើមភាគតិចពូនងម្នាក់ យល់ថា យុទ្ធនាការនេះ នឹងជួយបង្កើនការយល់ដឹងដល់យុវជនខេត្តមណ្ឌលគិរី ជាពិសេសជនជាតិពូន ដែលជាម្ចាស់ទឹកដី ឱ្យចេះឈឺឆ្អាលដល់កិច្ចការពារបរិស្ថាន ដែលកំពុងទទួលរងការគំរាមកំហែង។
 
បើតាម លោក យូណាស បច្ចុប្បន្ន អ្នកជំនាន់ក្រោយ មានការយល់ដឹងពាក់ព័ន្ធនឹងការងារអភិរក្សធនធានធម្មជាតិជាមុន បន្ទាប់ទទួលបានការបណ្ដុះបណ្ដាលពីអង្គការមួយចំនួន ជាពិសេស World Hope។ ច្រើនឆ្នាំកន្លងមកនេះ World Hope បានផ្ដល់អាហារូបករណ៍ថ្លៃសិក្សា និងឱកាសការងារជាច្រើន ដល់យុវជនជាតិដើមភាគតិចពូនង ហើយនៅពេលបញ្ចប់ការសិក្សា ពួកគេបានប្រើចំណេះដឹងទាំងនោះ ទៅលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ ភ្ជាប់នឹងកិច្ចការងារអភិរក្សព្រៃឈើ និងសត្វព្រៃ។ 
  
លោក ដ្ហូត យូណាស តំណាងយុវជនជនជាតិដើមភាគតិចពូនង

លោក ថ្លែងដូច្នេះថា៖« កន្លងមកនេះ អង្គការ World Hope និងអង្គការជាច្រើនទៀត បានជួយពួកយើងក្នុងកិច្ចការងារអភិរក្សព្រៃឈើ និងសត្វព្រៃ តាមរយៈសកម្មភាពជាច្រើន ជាពិសេសបានផ្ដល់ការងារឱ្យពួកយើងនៅក្នុងតំបន់អភិរក្ស»។ 
 
ពូនង ជាជនជាតិដើមភាគតិចមួយអំបូរដែលកំពុងរស់នៅច្រើនក្នុងខេត្តមណ្ឌលគិរី ហើយតាំងពីដើមមក ពួកគេចាត់ទុកព្រៃឈើ និងសត្វព្រៃ ជាកន្លែងអាស្រ័យផលដ៏សំខាន់មួយមិនអាចខ្វះបាន។ យ៉ាងណា នាពេលបច្ចុប្បន្ន ជនជាតិដើមភាគតិចពូនងមានការខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះការបាត់បង់ព្រៃឈើ និងសត្វព្រៃ ជាបន្តបន្ទាប់។ 
 
ក្នុងនាមជាអ្នកជំនាន់ក្រោយនៃជនជាតិដើមភាគតិចពូនង លោក ដ្ហូត យូណាស បានអំពាវនាវឱ្យមានការចូលរួមការពារ និងប្ដូរពីការកាប់បំផ្លាញ់ព្រៃឈើ និងបរបាញ់សត្វ ទៅជាការអភិរក្សវិញ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋអាចទទួលបានចំណូលពីការងារទេសចរណ៍ និងអនុផលស្របច្បាប់ពីធនធានធម្មជាតិ៕ 



Tag:
 World Hope
  ដែនជម្រកសត្វព្រៃកែសីមា
  សត្វព្រៃ
  ពូនង
© រក្សាសិទ្ធិដោយ thmeythmey.com