កីឡាជាតិ
ជាតិ
Angkor Ultra Trail លើកទី៧ ទាញទេសចរ ៥១ប្រទេស មកប្រជែងលើទឹកដីអង្គរ
29, Jan 2024 , 5:25 pm        
រូបភាព
សៀមរាប៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គក្នុងតំបន់អង្គរ Angkor Ultra Trail នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ ទទួលបានភ្ញៀវទេសចរមកពីបណ្តាប្រទេសចំនួន៥១ មកចូលរួម។ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចំនួនអ្នកចូលរួមរត់ប្រលងប្រណាំងនេះកើនឡើង ២៥ភាគរយ លើសឆ្នាំ ២០២៣។



ទិវារត់ចម្ងាយ Angkor Ultra Trail បានរៀបចំឡើងចាប់ពីម៉ោង ៤ ទាបភ្លឺថ្ងៃទី២៧ ខែមករា ដោយមានកីឡាករកីឡាការិនីចូលរួមរត់ប្រណាំងសរុបចំនួន ១,០៧៦នាក់ ខណៈការចុះឈ្មោះរត់សរុបចំនួន ១​,៥០០នាក់។ បើតាមការអះអាងរបស់លោក ថោង ខុន ការចូលរួមរត់ចម្ងាយឆ្លងកាត់ឧបសគ្គក្នុងទឹកដីអង្គរឆ្នាំ ២០២៤ មានកំណើនអ្នកចូលរួមដល់ទៅ ២៦ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២៣ ហើយភ្ញៀវទេសចរចូលរួម មកពីបណ្តា ៥១ប្រទេសផ្សេងៗគ្នា។
 
«ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ លើកទី៧ ឆ្នា ២០២៤ […] យើងទទួលបានអ្នកចុះឈ្មោះចូលរួមសរុបចំនួន ១,៥០០នាក់ មកពី ៥១ ប្រទេស កើនឡើង ២៥ភាគរយ បើធៀបទៅនឹងឆ្នាំ ២០២៣។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក ថោង ខុន អំឡុងពិធីប្រគល់រង្វាន់ដល់ជ័យលាភីក្នុងការរត់ប្រណាំង នាយប់ថ្ងៃទី២៧ ខែមករា។
  


ប្រធានគណៈកម្មាធិការជាតិអូឡាំពិក អះអាងថា ក្រៅពីភាពទាក់ទាញនៃព្រឹត្តិការណ៍រត់ចម្ងាយអង្គរ កម្មវិធី Angkor Ultra Trail​ ក៏បានជំរុញយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយការអភិវឌ្ឍទៅលើចលនាកីឡា ជួយបង្កើនការអភិវឌ្ឍនូវសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់តម្លៃបរិស្ថានតំបន់បេតិកភណ្ឌអង្គរ និងរុញច្រានការទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
 
គួរបញ្ជាក់ថាព្រឹត្តិការណ៍រត់ចម្ងាយ Angkor Ultra Trail បានបិទបញ្ចប់នៅក្នុងរាត្រីថ្ងៃទី២៧ ខែមករា ដដែល ដោយរង្វាន់ត្រូវបានប្រគល់ទៅកាន់ជ័យលាភីនីមួយៗចាប់ពី ការរត់ចម្ងាយ ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ និង ៦៤គីឡូម៉ែត្រ។ សម្រាប់លទ្ធផលនៃការរត់ចម្ងាយលើវិញ្ញាសា ១០០គីឡូម៉ែត្រផ្នែកបុរស ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ Ni Yue Heng ជនជាតិចិន ប្រើថេរវេលារត់ ៩ម៉ោង ១៤នាទី និង ១៧វិនាទី។ ចំណែកផ្នែកនារីចម្ងាយ ១០០គីឡូម៉ែត្រ ក៏បានទៅលើកីឡាការិនីចិន Xin Shuang Wei ដោយប្រើថេរវេលា ១១ម៉ោង ៥១នាទី និង១៣វិនាទី៕







Tag:
 រត់ចម្ងាយ
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com