សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន ជំរុញការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿននៅថៃ
30, Jan 2024 , 9:09 am        
រូបភាព
ប្រមុខការទូតចិនលោក​ វ៉ាង យី (ឆ្វេង) និងនាយករដ្ឋមន្រ្តីថៃ លោក​ សេដ្ឋា ថាវីស៊ីន ។ រូបភាព ៖ កាត់ត X/ @Thavisin
ប្រមុខការទូតចិនលោក​ វ៉ាង យី (ឆ្វេង) និងនាយករដ្ឋមន្រ្តីថៃ លោក​ សេដ្ឋា ថាវីស៊ីន ។ រូបភាព ៖ កាត់ត X/ @Thavisin
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៩ ខែមករា បានប្រាប់ភាគីថៃថា ត្រូវតែពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ប្រទេសទាំង២ ដោយឆ្លងកាត់ឡាវ ដើម្បីជំរុញការដឹកជញ្ជូនទំនិញកាន់តែឆាប់រហ័ស និងជាផ្នែកមួយនៃបណ្ដាញតភ្ជាប់តំបន់។

 
ខណៈរថភ្លើងចិន-ឡាវ ដំណើរការហើយនោះ កំណាត់ផ្លូវថៃ-ឡាវ នៅមានសភាពយឺតយ៉ាវ។ ប្រមុខការទូតចិន វ៉ាង យី ដែលធ្វើទស្សនកិច្ចនៅបាងកក ជំរុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឱ្យឆាប់រហ័ស។ យ៉ាងណា ភាគីចិនមិនបានបង្ហាញពីពេលវេលាកំណត់នោះទេ ប៉ុន្តែរដ្ឋាភិបាលថៃរំពឹងថាចម្ងាយផ្លូវថៃប្រវែង ៨៧៣គីឡូម៉ែត្រនឹងដំណើរការនៅឆ្នាំ២០២៨ ។
 
ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ សំដៅលើកកម្ពស់ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធសកលដែលដឹកនាំដោយប្រធានាធិបតីចិន ស៊ី ជីនភីង ទីក្រុងប៉េកាំងបានជំរុញឱ្យមានបណ្តាញផ្លូវដែកល្បឿនលឿន ដែលតភ្ជាប់ទីក្រុងគុនមីងភាគនិរតីចិនទៅកាន់ភាគខាងត្បូងសិង្ហបុរី។
 
«ថៃ និងចិនត្រូវតែជំរុញការអនុវត្តឲ្យបានឆាប់រហ័សនៃគំនិតតភ្ជាប់ផ្លូវរថភ្លើងចិន-ឡាវ-ថៃ»។ ក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក វ៉ាង យី បានប្រាប់នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅទីក្រុងបាងកកថ្ងៃទី២៩ ខែមករា។ 
 
យោងតាម Reuters ការសាងសង់ផ្លូវរថភ្លើងដំណាក់កាលទី១ របស់ថៃពីទីក្រុងបាងកក ទៅកាន់ខេត្តនគររាជសីមាបានរួចរាល់ជាង១៥ភាគរយ ហើយនឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៧។ ដំណាក់កាលទី២ ដែលតភ្ជាប់រវាងខេត្តនគររាជសីមាទៅខេត្តណងខៃមានព្រំប្រទល់ជាប់ឡាវនឹងរួចរាល់នៅឆ្នាំ២០២៨។
 
គម្រោងសាង់ផ្លូវរថភ្លឿងនៅថៃត្រូវបានពន្យារពេលក្នុងឆ្នាំ២០១៦ នៅពេលដែលទីក្រុងបាងកកបានបដិសេធការផ្តល់ហិរញ្ញប្បទានរបស់ចិនដោយសារតែអត្រាការប្រាក់ខ្ពស់។
 
ក្រោយមកថៃបានចំណាយលើការសាងសង់ចំនួន១៧៩ពាន់លានបាត (៥ពាន់លានដុល្លារ) សម្រាប់ដំណាក់កាលដំបូងដែលមានប្រវែង ២៥២គីឡូម៉ែត្រ ដោយភាគីចិនជាអ្នកទទួលខុសត្រូវលើការដំឡើងប្រព័ន្ធ ការរចនា និងលទ្ធកម្មរថភ្លើង៕

Tag:
 ថៃ
  ចិន
  រថភ្លើង
 
© រក្សាសិទ្ធិដោយ thmeythmey.com