អន្តរជាតិ
ប៉ាគីស្ថាន និងអុីរ៉ង់ ត្រូវរ៉ូវគ្នាវិញ ក្រោយការវាយប្រហារទៅវិញទៅមក
30, Jan 2024 , 10:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian ចាប់ដៃសមភាគីប៉ាគីស្ថាន  Jalil Abbas Jilani។ រូបថត AP
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amirabdollahian ចាប់ដៃសមភាគីប៉ាគីស្ថាន Jalil Abbas Jilani។ រូបថត AP
ប៉ាគីស្ថាន និងអ៊ីរ៉ង់នាថ្ងៃទី២៩ ខែមករាបានប្រកាសថា ភាគីទាំងពីរគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នា ហើយពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខទៅវិញទៅមក។ ការប្រកាសនេះ ធ្វើឡើងក្រោយការវាយប្រហារមីស៊ីលទៅវិញទៅមក ដែល​ប្រទេស​ទាំង​ពីរ​អះអាងថា តម្រង់គោលដៅ ក្រុមសកម្មប្រយុទ្ធនៅទឹកដីម្ខាងទៀត។

 
ចាប់តាំងពីថ្ងៃទី១៦ ខែមករា ប៉ាគីស្ថាន និងអ៊ីរ៉ង់ ប្រឈមមុខដាក់គ្នាខ្លាំង ដោយភាគីទាំងពីរ ​វាយប្រហារ​ដោយមីស៊ីលទៅវិញទៅមក។ ប៉ាគីស្ថាន បានវាយប្រហារមូលដ្ឋាន​រណសិរ្សរំដោះ Baloch និងកងទ័ពរំដោះ Baloch ដែលស្ថិតនៅខេត្ត Sistan-Balochistan របស់អ៊ីរ៉ង់។ ឯអ៊ីរ៉ង់វិញ វាយប្រហារពួកសកម្មប្រយុទ្ធ មកពីក្រុម Jaish al Adl (JAA) ក្នុងខេត្ត Baluchestan របស់ប៉ាគីស្ថាន។
 
ប៉ាគីស្ថាន ក៏កោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងតេហេរ៉ង់ ត្រឡប់ទៅប្រទេសវិញ ហើយក៏​មិន​អនុញ្ញាតឱ្យអ្នកតំណាងអ៊ីរ៉ង់ ត្រឡប់ចូលទីក្រុងអ៊ីស្លាម៉ាបាដដែរ ព្រមទាំងលុបចោល​រាល់​ទំនាក់ទំនងការទូត និងពាណិជ្ជកម្មកម្រិតខ្ពស់ទាំងអស់ផងដែរ។
 
យ៉ាងណាមិញ ភាគីទាំងពីរ ក៏ស្រុះស្រួលគ្នាវិញដើម្បីបន្ថយភាពតានតឹង សំដៅបញ្ចៀសការរាលដាលជម្លោះក្នុងតំបន់ ដែលកំពុងយ៉ាប់យ៉ឺនស្រាប់។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian ក៏ធ្វើដំណើរទៅជួបសមភាគីប៉ាគីស្ថានដែរ។
 
ក្រោយជំនួបជាមួយលោក Abdollahian រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani និយាយក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងមានបណ្តាញ​ទំនាក់​ទំនងជាច្រើនជាមួយគ្នាទៅវិញទៅមក។
 
«បណ្តាញទាំងអស់នេះបានដំណើរការ ហើយយើងអាចនាំយកបញ្ហាណាមួយ ឬការយល់ច្រឡំ ដែលត្រូវបានបង្កើតឡើងរវាងប្រទេសទាំងពីរ។ ពួកយើងក៏អាចដោះស្រាយវាបានយ៉ាងឆាប់រហ័ស ដោយយុត្តិធម៌»។ លោក Jilani បានលើកបែបនេះ ហើយបន្ថែមថា ប្រទេសទាំង​ពីរ​បានព្រមព្រៀងគ្នាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម នៅក្នុងតំបន់រៀងៗខ្លួន និង​បង្កើតប្រព័ន្ធពិគ្រោះយោបល់នៅកម្រិតរដ្ឋមន្ត្រីការបរទេស ដើម្បីត្រួតពិនិត្យវឌ្ឍនភាពលើវិស័យនានា។
 
លោក Abdollahian បាននិយាយថា ប្រទេសទាំងពីរមានការយោគយល់គ្នាល្អ ហើយតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងអ៊ីស្លាម៉ាបាដ ភាគីទាំងពីរ នឹង​មិ​នអនុញ្ញាតឱ្យក្រុមភេរវករបង្កគ្រោះថ្នាក់ និងគំរាមកំហែងដល់សន្តិសុខ​របស់​ប្រទេស​ទាំង​ពីរ​នោះទេ។​ 
 
ជាមួយគ្នានេះ ប្រមុខការទូតអ៊ីរ៉ង់ ចាត់ទុកសន្តិសុខរបស់ប៉ាគីស្ថានដែលជាប្រទេសជាបងប្អូន មិត្តភ័ក្តិ និងជាអ្នកជិតខាង ជាសន្តិសុខរបស់អ៊ីរ៉ង់ និងតំបន់ទាំងមូល​៕

Tag:
 ប៉ាគីស្ថាន
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com