កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ការពារជើងឯក កាតា ឆ្លងផុតវគ្គ១៦ក្រុម ឯហ្សកដានី ឡើងប៉ះតាហ្ស៊ីគីស្ថានវគ្គ៨ក្រុម Asian Cup
30, Jan 2024 , 11:00 am        
រូបភាព
ម្ចាស់ការពារតំណែងជើងឯក កាតា បានយកឈ្នះប៉ាឡេស្ទីន ២-១ ដើម្បីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣។ ហ្សកដានី ទម្លាក់អ៊ីរ៉ាក់ដោយលទ្ធផល ៣-២ នៅវគ្គ១៦ក្រុម ឡើងទៅជួយតាហ្ស៊ីគីស្ថាននៅវគ្គ៨ក្រុមចុងក្រោយ។



ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋាន Al Bayt ចំនួន៦៤០០០នាក់ កីឡាករ Hassan Khalid Hassan Al-Haydos និង Akram Hassan Afif Yahya Afif Al Yafei រកបានម្នាក់មួយគ្រាប់ជាបន្តបន្ទាប់នៅនាទី៤៥+៦ និង៤៩ ឱ្យម្ចាស់ផ្ទះកាតា បន្ទាប់ពី Oday Ibrahim Mohammad Dabbagh ស៊ុតគ្រាប់នាំមុខឱ្យប៉ាឡេស្ទីន​នៅនាទី៣៧ នាការប្រកួតវគ្គ១៦ក្រុម នៅថ្ងៃទី២៩​ ខែមករា។
 
តាមរយៈលទ្ធផលវាយបកយកឈ្នះ ២-១ នេះ គ្រប់គ្រាន់ដើម្បីនាំកាតា បន្តដំណើរដើម្បីរក្សាតំណែងជើងឯករបស់ខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។ វគ្គ៨ក្រុម កាតាម្ចាស់ជើងឯកឆ្នាំ២០១៩ នឹងត្រូវរង់ចាំជួប ថៃ ឬ អ៊ូសបេគីស្ថានដែលត្រូវប្រជែងគ្នានៅវគ្គ១៦ក្រុមចុងក្រោយ នៅល្ងាចថ្ងៃទី៣០ ខេមករា វេលាម៉ោង ៦:៣០នាទី។
 
ហ្សកដានី បានយកឈ្នះអ៊ីរ៉ាក់ ទាំងប្រផិតប្រផើយក្នុងលទ្ធផលប្រដេញគ្នា ៣-២ នៅវគ្គ១៦ក្រុម។ ហ្សកដានី ជាអ្នករកគ្រាប់បាល់នាំមុខមុននៅនាទី៤៥+១ ដោយ Yazan Abdallah Ayed Al-Naimat មុនពេល Saad Natiq Naji និង Aymen Hussein Ghadhban Al Mafreajy រកបានគ្រាប់តាមស្មើ និងនាំមុខឱ្យអ៊ីរ៉ាក់វិញ នៅនាទី៦៨ និង៧៦។ យ៉ាងណាក៏ដោយ ឈានដល់នាទី៩០+៥ Yazan Mousa Mahmoud Abu Al-Arab រកបានគ្រាប់តាមស្មើ មុនពេល Nizar Mahmoud Ahmed Al-Rashdan សម្រេចបានគ្រាប់បាល់ជ័យជម្នះឱ្យហ្សកដានីនៅនាទី៩០+៧។ 
ទម្លាក់អ៊ីរ៉ាក់ ម្ចាស់ជើងឯកពានតំបន់អាស៊ី ឆ្នាំ២០០៧ បាននាំ ហ្សកដានី បន្តទៅជួបតាហ្ស៊ីគីស្ថាន នៅវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤៕

Tag:
 Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com