RFI
អន្តរជាតិ
Toyota ផ្អាក​ការ​បញ្ជូន​រថយន្ត​១០​ម៉ូឌែលទៅ​លក់ ក្រោយរឿង​អាស្រូវតេស្ត​ម៉ាស៊ីន
30, Jan 2024 , 6:59 pm        
រូបភាព
Toyotaផ្អាក​ការ​បញ្ជូន​រថយន្ត​១០​មូឌែលចេញ​ទៅ​លក់ ក្រោយរឿង​អាស្រូវតេស្ត​ម៉ាស៊ីន © AP/Altaf Qadri
Toyotaផ្អាក​ការ​បញ្ជូន​រថយន្ត​១០​មូឌែលចេញ​ទៅ​លក់ ក្រោយរឿង​អាស្រូវតេស្ត​ម៉ាស៊ីន © AP/Altaf Qadri
ដោយ៖អៀង សុខម៉ិញ

ក្រុមហ៊ុន​យាន​យន្ត​តូយ៉ូតា​ ដ៏​ល្បីល្បាញ​របស់​ជប៉ុន បាន​ប្រកាស​​នៅថ្ងៃ​ចន្ទ​ទី ២៩​មករា​២០២៤​នេះ ផ្អាក​ការ​បញ្ជូនឱ្យ​អតិថិជន​​នូវ​​​រថយន្ត​​ប្រើ​ប្រេង​ម៉ាហ្សូត ចំនួន​១០​ម៉ូឌែល​។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​​ក្រោយ​ពីក្រុមហ៊ុន​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ធ្វើ​តេស្តមើល​​កម្លាំង​ម៉ាស៊ីន។

 
ឡាន​​ខ្លះ​មាន​លក់​នៅលើ​ទីផ្សារ​អាស៊ីផង អឺរ៉ុប​ផង និង​ដើមបូព៌ាផង ដូច​ជា​ឡាន​មួយ​បាំង​កន្លះ Pick up Hilux, Land Cruiser 300, SUV Fortuner និង​ LX​500d ... តែ​គ្មាន​ទេ​ម៉ូឌែល​ដែល​លក់​នៅ​ខាង​អាមេរិក។ ជា​សរុប​មាន​រថយន្ត​តូយ៉ូតាប្រើប្រេង​​ម៉ាហ្សូត ចំនួន​​​១០​ប្រភេទ ត្រូវ​ជាប់​បម្រាម​​​មិនឱ្យ​បញ្ចេញ​ទៅ​ជូន​​អតិថិជន​មួយ​រយៈ​សិន។
 
មូលហេតុ​មក​ពី​មាន​របាយការណ៍​ឯករាជ្យ​មួយផ្តួចផ្តើម​សិក្សា​​ដោយ​ក្រុមហ៊ុន​តូយ៉ូតា​ផ្ទាល់​ និង​ដែល​ក្រុមហ៊ុនទើប​ប្រគល់​ទៅ​ឱ្យ​ក្រសួង​ដឹកជញ្ជូន​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រកឃើញ​ថា​ពិត​មាន​ម៉ាស៊ីនម៉ាហ្សូត​​បី ​ផលិត​ដោយ​Toyota ខ្លួន​ឯង​ ជាប់​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​បញ្ជាក់​កម្លាំង​របស់​ម៉ាស៊ីនឡាន។ នៅពេល​ធ្វើ​តេស្តបញ្ជាក់​កម្លាំង​របស់​ម៉ាស៊ីន​ម៉ាហ្ស៊ូត​នោះ គេ​បាន​ប្រើ​កម្មវិធី​ផ្សេង​ដែល​ខុស​ពី​កម្មវិធី​មាន​ប្រើ​ក្នុង​សង្វាក់​ផលិត​កម្ម ដើម្បីកុំ​ឱ្យ​មាន​​​លទ្ធផល​​ប្រែប្រួលពេក។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​តូយ៉ូតា ដែល​ធានាថា​ម៉ាស៊ីន និង​រថយន្តជាប់​ពាក់ព័ន្ធ​ ឆ្លើយ​តប​ទាំង​ស្រុង​នៅ​នឹង​បទ​ដ្ឋានចរាចរណ៍​ និង​គ្មាន​ហេតុផល​អ្វី​ត្រូវ​បញ្ឈប់ការ​ប្រើ​យានយន្ត​ទាំងអស់​នោះ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​សម្រេច​ផ្អាក​ការ​បញ្ជូនម៉ាស៊ីន និង​​រថយន្តមាន​បំពាក់​ម៉ាស៊ីន​ម៉ាហ្សូត​​ប្រភេទនេះ​ ​ទៅ​ឱ្យ​អតិថិជន​ ជា​បណ្តោះ​អាសន្ន ស្រប​ទៅ​តាម​សំណើ​របស់​ក្រសួង​។
 
នៅក្នុង​សេចក្តី​ថ្លែងការណ៍ដដែល​ តូយ៉ូតា​បាន​ទទួល​ស្គាល់​ថា​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​​ដែល​ក្រុមហ៊ុន​ត្រូវ​ជួប​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​ធ្វើ​តេស្ត​បញ្ជាក់​សមត្ថភាព​ម៉ាស៊ីន​ម្តង​ហើយ​ម្តង​ទៀត។ សូម​បញ្ជាក់​ថា នេះ​ជា​រឿង​អាម៉ាស​​មួយ​បន្ថែម​ទៀត​ដែល​មកប្រលាក់​ប្រលូស​​ក្រុមហ៊ុនផលិត​រថយន្ត​លំដាប់​ទីមួយ​ពិភពលោក។ ​​កាលពី​ខែ​មីនា​២០២៣ តូយ៉ូតា​ប្រកាស​រក​ឃើញ​ភាព​មិន​ធម្មតា​ពេល​ធ្វើ​តេស្ត​​ម៉ាស៊ីនយាន​យន្ត​ប្រភេទ​Daihatsu បន្ទាប់​មក​Tico។
 
តូយ៉ូតាមិន​បាន​លម្អិត​អំពីផល​ប៉ះពាល់នៃ​​​ការ​ផ្អាក​បញ្ជូន​រថយន្ត​​ទៅ​ឱ្យ​អតិថិជន​​នេះ​ទេ។ ប៉ុន្តែបើ​តាម​ក្រុម​ហ៊ុន​ ក្នុង​ចំណោម​រថយន្ត​ទាំង​១០​ម៉ូឌែល មួយ​ឈប់​ផលិត​ហើយ និង​៩ម៉ូឌែល​ទៀត​ផលិត​ក្នុង​មួយ​ខែ​៣៦៥០០គ្រឿង​ នៅលើ​ពិភពលោក៕

© រក្សាសិទ្ធិដោយ thmeythmey.com