សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម​មាន​ចំណែក៨៥ភាគរយនៃ​ការ​នាំ​ចូល​អង្ករ​របស់​ហ្វីលីពីន
30, Jan 2024 , 8:19 pm        
រូបភាព
ការនាំអង្ករចេញតាមផ្លុវទឹកមួយកន្លែងនៅទីក្រុងហូជីមិញ ។ រូបភាព​ ៖ VNA
ការនាំអង្ករចេញតាមផ្លុវទឹកមួយកន្លែងនៅទីក្រុងហូជីមិញ ។ រូបភាព​ ៖ VNA
វៀតណាម ជាប្រទេសនាំចេញអង្ករធំបំផុតទៅកាន់ហ្វីលីពីនដែលមានចំនួន ៨៥ភាគរយនៃចំណែកទីផ្សារនាំចូលអង្កររបស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន VnExpress។

 
ហ្វីលីពីន​ជា​ប្រទេស​ផលិត​ ប៉ុន្តែទិន្នផលអង្ករ​ក្នុង​ស្រុក​នាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុក​គ្រប់គ្រាន់​ទេ។ ក្នុង​មួយ​ឆ្នាំ ប្រទេស​នេះ​ត្រូវ​នាំ​ចូល​អង្ករ​ពី ២,៥ទៅ៣,៥ លាន​តោន ដើម្បី​ធានា​តម្រូវការ​ប្រើប្រាស់ និងទុក​បម្រុង។ 
 
សារព័ត៌មាន​ VnExpress បានដកស្រង់សម្តីរដ្ឋមន្ត្រីកសិកម្មហ្វីលីពីន Francisco Tiu Laurel Jr ដែលបានធ្វើទស្សនកិច្ចនៅវៀតណាមកាលពីថ្ងៃទី២៩ ខែមករា ថា បច្ចុប្បន្នវៀតណាមមាន៨៥ភាគរយនៃការនាំចូលអង្កររបស់ហ្វីលីពីន។ លោកបានស្នើឲ្យវៀតណាមពង្រីកការនាំចេញអង្ករបន្ថែមទៀត។ 
 
ជាការឆ្លើយតប រដ្ឋមន្ត្រីលោកពាណិជ្ជកម្ម Nguyen Hong Dien បានលើកឡើងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការផ្តល់នូវស្ថិរភាព និងភាពយូរអង្វែងក្នុងការផ្គត់ផ្គង់អង្ករទៅកាន់ហ្វីលីពីន ព្រោះជាទីផ្សារនាំចេញដ៏សំខាន់មួយក្នុងចំណោមទីផ្សារនាំចេញសំខាន់ៗផ្សេងទៀត។
 
ក្នុងឱកាសនោះ វៀតណាម និងហ្វីលីពីន ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ សំដៅជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរវាងប្រទេសទាំងពីរក្នុងវិស័យនេះក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
 
យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅឆ្នាំ២០២៣ ការនាំចេញអង្កររបស់វៀតណាមទៅកាន់ហ្វីលីពីនសម្រេចបាន១,៧៥ពាន់លានដុល្លារ កើនឡើងជិត១៨ភាគរយបើធៀបនឹងឆ្នាំ២០២២។ ក្រៅពីកិច្ចសហប្រតិបត្តិការលើទីផ្សារអង្ករ លោក​ Nguyen Hong Dien បានស្នើរឲ្យភាគីហ្វីលីពីនពង្រីកទីផ្សារផលិតផលផ្លែឈើ បសុសត្វ និងផលិតផលសាច់បសុបក្សីពីវៀតណាម។
 
ហ្វីលីពីន ជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការការនាំចូលផលិតផលទំនិញ ដោយមានប្រជាជនចំនួន ១១៣លាននាក់នៅឆ្នាំ 2023។ ប្រទេសនេះមានទំហំសេដ្ឋកិច្ច (GDP) ប្រហែល ៤០០ពាន់លានដុល្លារ និងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ជាង ៣៥០០ដុល្លារ៕ 
 

Tag:
 វៀតណាម​​
  ហ្វីលីពីន
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com