ជាតិ
សង្គមជាតិ
ករណីចោទគ្នារវាងគ្រួសារអ្នកជំងឺ និងមន្ទីរពេទ្យរុស្ស៊ី៖ អ្នកតាមដានសង្គម ស្នើឱ្យក្រសួងសុខាភិបាល ស៊ើបអង្កេត
30, Jan 2024 , 5:19 pm        
រូបភាព
ភ្នំពេញ៖ ស្រ្តីម្នាក់បានចោទមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរពេទ្យរុស្សី ថា មិនបានយកចិត្តទុកដាក់លើឪពុករបស់នាង ដែលមានជំងឺដាច់សរសៃឈាមខួរក្បាល រហូតទាល់តែស្លាប់ នៅពីថ្ងៃទី២៦ ខែមករា។ ជុំវិញករណីនេះ ខាងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានចេញលិខិតច្រានចោល ដោយអះអាងថា ក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពហើយ។



ស្រ្តីម្ចាស់គណនីហ្វេសប៊ុក SreyPich Thou បានបង្ហោះរៀបរាប់ថា គ្រួសារខ្លួន បានបញ្ជូនឪពុក ដែលមានអាការៈសន្លប់បាត់ស្មារតី ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) ហើយខាងគ្រូពេទ្យ បានទុកអ្នកជំងឺចោល ដោយគ្មានការសង្គ្រោះបន្ទាន់ឡើយ។ ម្ចាស់គណនីដដែល បានបញ្ជាក់ទៀតថា ខាងមន្ទីរពេទ្យតម្រូវឱ្យបង់ប្រាក់ជាមុន ទើបអាចពិនិត្យព្យាបាលបាន។ 
 
ម្ចាស់គណនីខាងលើបន្ថែមថា​ គ្រួសារខ្លួន បានបញ្ជូនឪពុកទៅដល់មន្ទីរពេទ្យតាំងពីម៉ោង២ រហូតដល់ម៉ោង៤កន្លះ ទើបបានចូលពិនិត្យ។ ជាលទ្ធផលពិនិត្យឃើញថា អ្នកជំងឺដាច់សរសៃក្នុងខួរក្បាល ហើយមិនអាចសង្គ្រោះបានឡើយ។
 
ក្រោយដឹងលទ្ធផលធ្ងន់ធ្ងរ ក្រុមគ្រួសារអ្នកជំងឺព្យាយាមយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យក្រៅប្រទេស ប៉ុន្តែមិនត្រូវបានអនុញ្ញាតពីមន្ទីរពេទ្យរុស្ស៊ីឡើយ ក្រោមហេតុផលយកឡានដឹកអ្នកជំងឺពីខាងក្រៅ។ យ៉ាងណាទម្រាំអាចដោះស្រាយបញ្ហារួចរាល់នោះ អ្នកជំងឺបានបាត់បង់ជីវិតទៅហើយ។ នេះបើតាមម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់។

ជុំវិញករណីនេះ ខាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញលិខិតស្រាយបំភ្លឺ ដោយច្រានចោលខ្លឹមសាររៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ។ ក្នុងខ្លឹមសារនៃលិខិតស្រាយបំភ្លឺ ខាងមន្ទីរពេទ្យបានបញ្ជាក់ថា៖ «ក្រុមគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ បានពិភាក្សាជាមួយក្រុមគ្រូពេទ្យផ្នែកឯកទេសវះកាត់ខួរក្បាល និងបានពន្យល់អំពីស្ថានភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដែលហួសពីលទ្ធភាពក្នុងការសង្គ្រោះ តាមមធ្យោបាយវេជ្ជសាស្រ្តផ្សេងៗ រួមទាំងការវះកាត់ខួរក្បាលផងដែរ»។ 
 
ទាក់ទងនឹងករណីសុំបញ្ជូនអ្នកជំងឺទៅព្យាបាលក្រៅប្រទេស ដោយប្រើប្រាស់សេវារថយន្តសង្រ្គោះបន្ទាន់ដោយខ្លួនឯង ខាងមន្ទីរពេទ្យអះអាងថា បានជួយសម្របសម្រួលអនុញ្ញាតឱ្យចេញទៅព្យាបាលផងដែរ។
 
ជុំវិញករណីនេះ លោក ឱក សេរីសោភ័ក្ដិ៍ អ្នកជំនាញខាងអភិបាលកិច្ច ស្នើសុំឱ្យក្រសួងសុខាភិបាល បើកការស្រាវជ្រាវមួយ ដើម្បីជៀសវាងកើតមានករណីផ្សេងៗ ជាបន្តបន្ទាប់ទៀត។ បើតាមលោក សេរីសោភ័ក្តិ៍ ករណីបែបនេះ មិនមែនជាលើកដំបូងឡើយ ដែលកើតឡើងនៅមន្ទីរពេទ្យរុស្សី ហើយវានៅតែមានបន្តទៀត។ សម្រាប់លោក សោភ័ក្ដិ៍ ក៏ធ្លាប់ជួបករណីស្រដៀងគ្នានេះដែរ។ 
 
 «ខ្ញុំអត់ស្គាល់គ្រួសារ (អ្នកជំងឺ) អត់ស្គាល់ម្ចាស់ហ្វេសប៊ុកនេះទេ។ ប៉ុន្តែពេលខ្ញុំបានឃើញសេចក្ដីបំភ្លឺរបស់មន្ទីររុស្សី គឺស្រាលខ្លាំងមែនទែន ហើយនិយាយមិនត្រឹមត្រូវទេ។ គាត់ (មន្ទីរពេទ្យ) ថា បានពិគ្រោះគ្នាអ្នកឯកទេសនៅពេលរង់ចាំនោះ។ ខ្ញុំឆ្ងល់ដែរថា គាត់ពិគ្រោះពេលណា បើអត់មានមនុស្សមកមើលអ្នកជំងឺផង»។ នេះជាការលើកឡើងរបស់លោក សោភ័ក្ដិ៍ ដោយសន្មត់ថា សេចក្ដីបំភ្លឺនេះមិនគ្រប់ជ្រុងជ្រោយ និងមិនត្រឹមត្រូវទេ។

លោក ឱក សេរីសោភ័ក្ដិ៍ អ្នកជំនាញខាងអភិបាលកិច្ច 
 
សារព័ត៌មានថ្មីៗ បានព្យាយាមទាក់ទងខាងក្រសួងសុខាភិបាល ដើម្បីសុំការឆ្លើយតប និងវិធានដោះស្រាយលើករណីខាងលើ ប៉ុន្តែទាក់ទងមិនបានឡើយ។ ដ្បិតមិនបានឆ្លើយតបជាមួយសារព័ត៌មានថ្មីៗ​ ប៉ុន្តែលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានចូលរួមសោកស្ដាយ និងរំលែកទុក្ខជាមួយក្រុមគ្រួសារសព តាមរយៈក្រុមតេឡេក្រាម (Telegram) ជាមួយអ្នកសារព័ត៌មានដែរ។ 
 
ប៉ុន្តែលោកស្រី វណ្ណឌីន មិនបានបកស្រាយតបនឹងសំនួរអ្នកសារព័ត៌មានលើករណីនេះឡើយ ដោយគ្រាន់តែបង្ហាញជំហរថា ក្រសួង គាំទ្រលិខិតស្រាយបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងប្រាប់ឱ្យសាធារណៈជន ទៅជួបក្រុមការងាររបស់មន្ទីរពេទ្យផ្ទាល់ បើសិនមានចម្ងល់។
 
លោក ឱក សេរីសោភ័ក្ដិ៍ បង្ហាញអារម្មណ៍ខកចិត្តចំពោះក្រសួងសុខាភិបាល ដែលជាអាណាព្យាបាល ក្នុងវិស័យសុខាភិបាលនៅកម្ពុជា ប៉ុន្តែពុំមានចំណាត់ការណាមួយ ឬការស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានច្បាស់លាស់លើករណីមួយនេះ។ 
 
លោក សេរីសោភ័ក្ដិ៍ ជឿជាក់ថា សាធារណៈជនទាំងអស់ដែលបានតាមដានករណីនេះ ក៏ប្រហែលខកចិត្តដូចជាលោកដែរ ហើយក៏ប្រហែលបាត់បង់ទំនុកចិត្ត និងគ្មានកក់ក្ដៅឡើយ ចំពោះវិស័យសុខាភិបាលនៅកម្ពុជា៕

Tag:
 មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត
  សុខាភិបាល
  SreyPich Thou
© រក្សាសិទ្ធិដោយ thmeythmey.com