ជាតិ
សម្ដេច ហ៊ុន ម៉ាណែត ឱ្យឈ្មួញងាកមកទិញសាច់ក្នុងស្រុកទៅបង្កក ជំនួសឱ្យការនាំចូលវិញ
30, Jan 2024 , 5:50 pm        
រូបភាព
 សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
សម្ដេច ហ៊ុន ម៉ាណែត នៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្ដោះអាសន្នសម្រាប់រយៈពេល៦ខែ ដែលគិតចាប់ពីខែមីនា ដល់កញ្ញា ឆ្នាំ២០២៤។ ក្នុងការផ្អាកនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យឈ្មួញដែលធ្លាប់ទទួលទិញសាច់បង្កកពីបរទេស ងាកមកទិញសាច់ក្នុងស្រុកទៅបង្កកវិញ ដើម្បីជួយសម្រាលបន្ទុកកសិករក្នុងវិស័យចិញ្ចឹមសត្វ។



នៅក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ» នៅថ្ងៃទី៣០ មករានេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅកសិករ និងវិស័យឯកជនមួយចំនួន ស្នើសុំកិច្ចអន្តរគមន៍ពីរដ្ឋាភិបាល ជុំវិញការទប់ស្កាត់សាច់បង្កកដែលនាំចូលពីបរទេស។ 
 
យ៉ាងណា កម្ពុជាមិនអាចបិទការនាំចូលរហូតបាននោះទេ ដោយសារវាផ្ទុយនឹងគោលការណ៍របស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្របពេលបច្ចុប្បន្ន កម្ពុជាក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើនផងដែរ។ ក្នុងរឿងនេះ រដ្ឋាភិបាល ក៏ត្រូវគិតគូជួយឱ្យកសិករលក់ផលិតផលកសិកម្មបានតម្លៃខ្ពស់ និងធានាកុំឱ្យមានអតិផរណាកើតឡើង ផងដែរ។ 
 
បើតាម សម្ដេច ហ៊ុន ម៉ាណែត ការអន្តរគមន៍រយៈពេលខ្លីនេះ មិនមានស្ថេរភាពនោះទេ។ ដូច្នេះ ក្នុងអំឡុងពេលផ្អាកខាងមុខនេះ​ សម្ដេច ចង់ឱ្យឈ្មួញដែលធ្លាប់ទិញសាច់បង្កកពីបរទេសទាំងអស់ បង្វែរទិសដៅមកទិញសាច់ពីកសិករ ហើយយកមកបង្កកវិញ ដើម្បីចូលរួមកាត់បន្ថយការនាំចូលនូវគ្រឿងឧបភោគ បរិភោគ ពីបរទេស។ ម្យ៉ាងទៀត ការធ្វើបែបនេះ ក៏ជាឱកាសសម្រាប់ឈ្មួញ និងកសិករ បង្កើតប្រព័ន្ធទិញលក់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកមួយ ដែលមានស្ថេរភាពផងដែរ ទោះបីការផ្អាកបណ្ដោះអាសន្ននេះ ត្រូវបានលើកលែង។ 
 
សម្ដេច ​ថ្លែងដូច្នេះថា៖«ខ្ញុំសង្ឃឹមថាការផ្អាកការនាំចូលសាច់បង្កកបណ្ដោះអាសន្ននេះ នឹងជួយសម្រាលបន្ទុកដល់កសិករ ដែលចិញ្ចឹមជ្រូក។ នៅក្នុងពេលផ្អាកនេះដែរ យើងត្រូវធ្វើយ៉ាងណា ឱ្យអ្នកទិញបំណែកកដែលនាំពីក្រៅនេះ បង្វែរមកទៅភ្ជាប់ជាមួយកសិកររបស់យើង ហើយគាត់(ឈ្មួញ) ទិញមកបង្កកតាមបច្ចេកទេសចុះ។ ថ្ងៃក្រោយទោះមិនមានការហាមឃាត់ក៏យើងអាចបង្កើតទីផ្សារផ្ទៃក្នុងបានដែរ»។ 
 
សូមជម្រាបថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីកម្ពុជា​ នៅថ្ងៃទី៩ ខែមករា បានសម្រេចឱ្យផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកជាបណ្ដោះអាសន្ន សម្រាប់រយៈពេល៦ខែ។ 
 
ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក ។ ចំណែក ពោះវៀន , ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
 
វិធានការផ្អាកការនាំចូលបណ្តោះអាសន្ននេះ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ តែយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចូលទំនិញ ឬផលិតផលខាងសាច់បង្កក និងគ្រឿងក្នុង សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ការនាំចេញឡើយ៕ 
 

Tag:
 សម្ដេច ហ៊ុន ម៉ាណែត
  ឌិត ទីណា
  សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com