ជាតិ
សង្គមជាតិ
ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តីជួសជុលរួចរាល់ក្រោយចាយពេល៤ឆ្នាំ
30, Jan 2024 , 6:43 pm        
រូបភាព
ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដីក្រោយពេលជួសជុលរួច។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដីក្រោយពេលជួសជុលរួច។ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ៖ ថោង ប្រណី

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីហើយ ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមឡើងវិញ ដោយចំណាយរយៈពេលជិត៤ឆ្នាំ។

 
លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាប្រធានក្រុមការងារនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានរៀបរាប់ថា ការងារជួសជុលខ្លោងទ្វារនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីររូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ រីឯដំណាក់កាលទី២ បានចាប់ផ្តើមពីឆ្នាំ២០២២ ដោយ អនុវត្តគម្រោងជួសជុលពង្រឹងតែម្តង ដោយការជួសជុលនេះត្រូវរុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ និងបានបញ្ចប់ការជួសជុលជាស្ថាពរនាចុងឆ្នាំ២០២៣។ 
 
តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា ក្រោយបញ្ចប់ការជួសជុល អ្នកជំនាញរូបនេះរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនឹងរឹងមាំឡើងវិញ ធានាបាននូវសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ចូលទស្សនាប្រាសាទតាមច្រកខាងលិចឡើងវិញ និងអាចចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ លើសពីនេះ ខ្លោងទ្វារនេះក៏បានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។
 
គួររំឮកថា មុនការងាររុះរើជួសជុលឡើងវិញ ខ្លោងទ្វារនេះមានស្ថានភាពទ្រុឌទ្រោមខ្លំាង តួប៉មខាងលើនៃប្រាង្គកណ្តាលបានរលុះអស់ នៅសល់តែមុខព្រហ្មចំនួន២ប៉ុណ្ណោះ។ ចំណែកស្លាបសងខាង នៃថ្មដំបូលបានរលុះធ្លាក់អស់មួយចំនួន ហើយថ្មជញ្ជាំងបានក្រៀកហែកស្ទើរតែរលុះធ្លាក់មួយភាគធំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com