ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ «ផ្ទះយើងល្អ តែគ្មានមនុស្សមក តើបានផលអ្វី?»
31, Jan 2024 , 10:05 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវការពារ និងថែរក្សាសន្តិសុខនៅខេត្តព្រះសីហនុ ឱ្យខាងតែបាន ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរបន្ថែមទៀត។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ មករា។



«ផ្ទះយើងល្អ តែគ្មានមនុស្សមក តើបានផលអ្វី?»។ សម្ដេច ហ៊ុន ម៉ាណែត ចោទជាសំនួរបែបនេះ មុននឹងបរិយាយបន្តថា ការងារការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងសន្តិភាព គឺជាកាតព្វចាំបាច់ ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
 
ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល ចង់សង្កត់ធ្ងន់ថា បើប្រទេស ឬតំបន់មួយ គ្មានសន្តិសុខល្អទេ នោះអ្នកវិនិយោគ និងភ្ញៀវទេសចរ ក៏មិនចង់ទៅកាន់ទីតាំងនោះដែរ។ ក្នុងទិសដៅជំរុញការវិនិយោគនៅខេត្តព្រះសីហនុនេះ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវថែរក្សា និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដូចជាករណីគ្រឿងញៀន និងគ្រប់គ្រងអាវុធខុសច្បាប់ជាដើម។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត ខេត្តព្រះសីហនុ បានប្រែក្លាយពីខេត្តស្ងាត់ជ្រងំ ទៅជាខេត្តសេដ្ឋកិច្ចជាតិ។ ប៉ុន្តែខេត្តជាប់មាត់សមុទ្រមួយនេះ ក៏រងផលប៉ះពាល់ដល់កិត្យនុភាពមិនតិចទេ ដោយសារតែការចុះផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ ពីបញ្ហាអសន្តិសុខនេះ។ 
 
នាយករដ្ឋមន្រ្តីកម្ពុជា ក៏ទទួលស្គាល់ថា តំបន់ខ្លះ នៅបណ្ដាប្រទេសនានា សូម្បីតែនៅអាម៉េរិក ក៏មានបញ្ហាអសន្តិសុខដែរ ។ ដូច្នេះនៅកម្ពុជា ក៏អាចកើតមាន។ ប៉ុន្តែសម្ដេច ហ៊ុន ម៉ាណែត ក៏យល់ឃើញថា បណ្ដាញសារព័ត៌មានអន្តរជាតិខ្លះ បានចុះផ្សាយដោយមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៅកម្ពុជានោះទេ។
 
ដូច្នេះ ដើម្បីឱ្យស្ថានភាពជាក់ស្ដែងឆ្លុះបញ្ចាំងការពិត និងលុបលាងការយល់ខុសមកលើកម្ពុជានោះ គឺមានតែពង្រឹងការការពារ និងធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាព ដល់អ្នកវិនិយោគ និងភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ។ ប្រមុខរដ្ឋាភិបាល បន្ថែម។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យបិទក្លិបបាញ់កាំភ្លើង២កន្លែង នៅខេត្តព្រះសីហនុ។ «មិនបាច់មកបាញ់កាំភ្លើងទេ មកខេត្តព្រះសីហនុ មកដើរលេងកោះទៅ កុំបាច់បាញ់កាំភ្លើង»។ នេះជាបញ្ជាររបស់នាយករដ្ឋមន្រ្តី ដែលបានប្រាប់អាជ្ញាធរខេត្តព្រះសីហនុ ឈប់ផ្ដល់អាជ្ញាបណ្ណដល់ឯកជន បើកកន្លែងបាញ់កាំភ្លើងបន្តទៀត។
 
មូលហេតុ ដែលសម្ដេច ហ៊ុន ម៉ាណែត មិនចង់ឱ្យមានកន្លែងបាញ់កាំភ្លើង នៅខេត្តព្រះសីហនុ ព្រោះវានាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ដែលមកលេងខេត្តមាត់សមុទ្រនេះ មានការភ័យខ្លាច និងព្រួយបារម្ភពីសុខសុវត្ថិភាពផ្ទាល់ខ្លួន។
 
ម្យ៉ាងទៀត បើបន្តឱ្យមានកន្លែងបាញ់កាំភ្លើងនោះ វាក៏មានការចរាចរទិញគ្រាប់កាំភ្លើង និងអាវុធ សម្រាប់ទីតាំងអាជីវកម្មនោះដែរ។ ដូច្នេះមិនគួរឱ្យមានកន្លែងបាញ់កាំភ្លើងទេ។ នេះជាការយល់ឃើញរបស់សម្ដេច ដែលបានបន្ថែមថា ការងារប្រើប្រាស់អាវុធ និងបាញ់កាំភ្លើង ទុកឱ្យក្រុមកងកម្លាំងហ្វឹកហាត់ចុះ មិនចាំបាច់ឱ្យស៊ីវិល ឬសាធារណជន អនុវត្តនោះទេ។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏កំពុងព្រាងអនុក្រឹត្យឈប់ផ្ដល់អាជ្ញាបណ្ណបើកកន្លែងបាញ់កាំភ្លើងដែរ។

អត្ថបទទាក់ទង
 

Tag:
 ហ៊ុន ម៉ាណែត
  សេដ្ឋកិច្ច
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com