អន្តរជាតិ
ប៉ាគីស្ថានកាត់ទោសអតីតនាយករដ្ឋមន្ត្រីឱ្យជាប់ពន្ធនាគារ ១០ឆ្នាំពីបទបង្ហាញព័ត៌មានសម្ងាត់រដ្ឋ
31, Jan 2024 , 11:09 am        
រូបភាព
អ្នកគាំទ្របក្សPTI ទាមទារឱ្យដោះលែង លោក  Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែមករា។ រូបភាព AFP
អ្នកគាំទ្របក្សPTI ទាមទារឱ្យដោះលែង លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន នៅថ្ងៃទី២៨ ខែមករា។ រូបភាព AFP
តុលាការប៉ាគីស្ថាន នៅថ្ងៃទី៣០ ខែមករា បានសម្រេចកាត់ទោសអតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាព លោក Imran Khan ឱ្យជាប់ពន្ធនាគារបន្ថែមរយៈពេល ១០ឆ្នាំពីបទលាតត្រដាងព័ត៌មានសម្ងាត់រដ្ឋជាសាធារណៈ។ លោក Khan ដែលកំពុងស្ថិតក្នុងពន្ធនាគារស្រាប់នោះ កំពុងប្រឈមនឹងបទចោទជាច្រើនករណីផ្សេងទៀតផងដែរ។

 
លោក Imran Khan អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ត្រូវបានសភាដកសេចក្តីទុកចិត្ត និងបណ្តេញចេញពីតំណែង ក្រោយមានវិបត្តិនយោបាយ និងរដ្ឋធម្មនុញ្ញ នៅក្នុងឆ្នាំ២០២២។ ក្រោយដើរចេញពីតួនាទីប្រមុខរដ្ឋាភិបាល លោក Khan ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងអំពើពុករលួយ។ 
 
ជាថ្មីម្តងទៀត តុលាការប៉ាគីស្ថាន នៅថ្ងៃទី៣០ ខែមករា បានកាត់ទោសអតីតនាយករដ្ឋមន្រ្តីរូបនេះឱ្យជាប់ពន្ធនាគារ ១០ឆ្នាំបន្ថែម ពាក់ព័ន្ធនឹងព័ត៌មានសម្ងាត់រដ្ឋ។ 
 
តាមការបញ្ជាក់របស់បក្ស Tehreek-e-Insaf (PTI) ដែលជាបក្សរបស់លោក Khan តុលាការពិសេសបាន រកឃើញថាលោក Khan មានពិរុទ្ធពីបទបង្ហាញជាសាធារណៈនូវព័ត៌មានសម្ងាត់ដែល ផ្ញើដោយអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនទៅកាន់រដ្ឋាភិបាលក្នុងទីក្រុងអ៊ីស្លាម៉ាបាដ។ ទន្ទឹមនេះ អតីតរដ្ឋមន្ត្រីការបរទេសលោក Shah Mehmood Qureshi ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឆ្នាំក្នុងករណីដូចគ្នានេះផងដែរ។
 
យ៉ាងណាមិញ លោក Khan បានច្រានចោលការចោទប្រកាន់ និងចាត់ទុកជាការកាត់ក្តីក្លែងបន្លំ។ ក្រុមមេធាវីរបស់លោក នឹងដាក់ពាក្យ បណ្ដឹងតវ៉ាចំពោះការកាត់ទោសនេះនៅចំពោះមុខតុលាការជាន់ខ្ពស់ នៅថ្ងៃទី ៣១ ខែមករា ដើម្បីជំទាស់ការសម្រេចនេះ។
 
«យើងមិនទទួលយកការសម្រេចចិត្តខុសច្បាប់នេះទេ»។ មេធាវីរបស់លោក Khan លោក Naeem Panjutha បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គម X បែបនេះ។ ការចោទប្រកាន់ផ្សេងទៀតប្រឆាំងនឹងលោក Khan មានចាប់ពីការមើលងាយតុលាការ រហូតដល់អំពើភេរវកម្ម និងការញុះញង់ឱ្យមានអំពើហិង្សាពីអ្នកគាំទ្ររបស់លោកបន្ទាប់ពីការចាប់ខ្លួនកាលពីខែឧសភាឆ្នាំ ២០២៣។
 
សេចក្តីសម្រេចរបស់តុលាការនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតសភានៅថ្ងៃទី៨ ខែកុម្ភៈ។ យ៉ាងណាមិញ អ្នកនយោបាយដ៏មានប្រជាប្រិយភាពនៅក្នុងសង្គមប៉ាគីស្ថានរូបនេះ គ្មានឈ្មោះក្នុងការបោះឆ្នោតឡើយ។ 
 
ចំណែកបក្សរបស់លោក Nawaz Sharif ដែលជានាយករដ្ឋមន្រ្តីប៉ាគីស្ថាន ៣លើក និងជាដៃគូប្រជែងដ៏សំខាន់សម្រាប់លោក Khan បានចាត់ទុកសាលក្រមរបស់តុលាការខាងលើ មិនទាន់ធ្ងន់ធ្ងរគ្រប់គ្រាន់ឡើយ។ 
 
សូមបញ្ជាក់ថា នៅប៉ុន្មានម៉ោងក្រោយតុលាការកាត់ទោសលោក Khan ករណីផ្ទុះគ្រាប់បែកមួយបានកើតឡើង នៅក្នុងតំបន់ Balochistan ដោយសម្លាប់សមាជិកបក្ស PTI ចំនួន ៣រូបផងដែរ៕ 

Tag:
 ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com